ជាតិ
អ្នកលក់ផ្កា៖ រដូវបុណ្យចូលឆ្នាំ រកចំណូលបានជិត២លានរៀល
14, Apr 2022 , 8:59 pm        
រូបភាព
ដោយ៖ ញឹក សំអូន

កំពង់ស្ពឺ៖ ប្រជាកសិករនៅខេត្តកំពង់ស្ពឺ ប្រកបរបរដាំផ្កាលក់នៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជារៀងរាល់ឆ្នាំ។ ពួកគេអាចរកចំណូលបានចន្លោះពី ១លានទៅ ២លានរៀល។
លោក ទូច នីម ម្ចាស់ចម្ការផ្កានៅភូមិអង្គខ្ជាយ ឃុំព្រះវិហារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានថ្មីៗ (ThmeyThmey)ថា លោកប្រកបរបដាំផ្កានេះ អស់រយៈពេលជាង ៣០ឆ្នាំមកហើយ ដែលមួយឆ្នាំៗ លោកដាំក្នុងទំហំដីប្រមាណ ៣០ម៉ែត្រការ៉េ ក្នុងនោះមានដាំ ផ្កាស្បៃរឿង ផ្កាស្មៅ ផ្កាសិមាន់ជាដើម។​ លោក នីម តែងតែដាំផ្កានេះ​ជារៀងរាល់ឆ្នាំ បើទោះបីស្ថិតនៅក្នុងបរិបទកូវីដ-១៩ ក៏ដោយ។


 
កសិកររូបនេះ បាននិយាយថា៖ « ផ្កាមួយដុំខ្ញុំលក់បាន ២០០០រៀលទៅ ៣០០០រៀល គឺខ្ញុំដឹកដើរលក់តាមភូមិ ហើយបើខ្ញុំបោះដុំឱ្យគេបាន ១០០០រៀល។ ខ្ញុំមិនសូវចំណាយដើមទន់អស់ច្រើនទេ តែលក់បានវិញចន្លោះពី ១លានរៀលទៅ ២លានរៀលក្នុងមួយឆ្នាំៗ»។ 


 
យ៉ាងណា អ្នកស្រី សំ ស្រីណាក់ ជាអ្នកដាំផ្កាលក់ពេលចូលឆ្នាំដែរនោះ បានលើកឡើងបែបនេះថា​ ការដាំផ្កានេះមិនងាយស្រួលដូចការគិត និងមើលឃើញនឹងភ្នែកនោះទេ ដំបូងត្រូវព្រោះវាសិន បន្ទាប់មកចាំឱ្យវាដុះមកល្មមដក គឺត្រូវរំលែកវាចេញហើយរកដីដាំ ថាដីណាល្អមិនល្អ បើដីមិនសូវល្អទេ ពេលដាំទៅទទួលផលបានតិច។ កសិករស្រ្តីរូបនេះបានរៀបរាប់ថា ៖« អំឡុងពេលដាំ ខ្ញុំត្រូវចំណាយពេលទៅលើវាច្រើន ក្នុងការមើលថែវា(ផ្កា) រួចក្នុងមួយថ្ងៃត្រូវប្រោសទឹកយ៉ាងហោចណាស់ ៣ទៅ៤ដង តាមមេឃក្ដៅ ឬស្រទុំ និងដាក់ថ្នាំកុំឱ្យមានដង្កូវស៊ី និងជីជ្រួយគុលឱ្យវាលូតលាស់បានល្អ»។


 
អ្នកស្រីបន្តថា ពួកគេចំណាយពេល ៣ខែ ទៅ៤ខែ ទើបទទួលបានផល ឬអាចកាត់លក់នៅក្នុងរដូវចូលឆ្នាំ ព្រោះផ្កានេះពួកគេដាំដើម្បីតម្រូវលក់ក្នុងរដូវចូលឆ្នាំខ្មែរនេះតែម្ដង។ 
កាលពីឆ្នាំ ២០២០-២០២១ អ្នកស្រី ក៏បានដាំផ្កាលក់ដែរ បើទោះជាឆ្នាំដែលរដ្ឋាភិបាលបានប្រកាសមិនឱ្យរៀបចំពិធីបុណ្យចូលឆ្នាំក៏ដោយ ប៉ុន្តែនៅស្រុករបស់អ្នកស្រី ប្រជាពលរដ្ឋនៅតែរៀបចំតុបតែងផ្ទះសម្បែង ដើម្បីទទួលទេវតាឆ្នាំថ្មីគ្រប់ៗគ្នា ដូច្នេះអ្នកស្រីនៅតែលក់ផ្កាដាច់ដូចរាល់ឆ្នាំ។ ក្នុងមួយរដូវៗ(រដូវបុណ្យចូលឆ្នាំ) អ្នកស្រីចំណាយប្រាក់អស់ ៧០ម៉ឺនរៀល​ទៅ ៨០ម៉ឺនរៀល ដើម្បីធ្វើដីដាំផ្កា ហើយពេលប្រមូលផលទទួលបានចន្លោះពី ៤០០ដុល្លារ ទៅ ៥០០ដុល្លារ។


 
«ខ្ញុំដឹកផ្កាដើរលក់តាមភូមិ យកទៅលក់នៅតាមមុខរោងចក្រ ដែលមួយដុំខ្ញុំលក់បាន ១៥០០រៀល ទៅ២០០០រៀល ហើយបើខ្ញុំលក់បោះដុំ បាន១២០០រៀល ក្នុងមួយដុំ។ ផ្កាដាំប៉ុន្មានក៏លក់អស់ដែរ មានតែលក់មិនគ្រប់ឱ្យគេ មិនថាមុនផ្ទុះកូវីដ-១៩ ឬឆ្នាំកើតកូវីដទេ»។ នេះបើតាមអ្នកស្រី សំ ស្រីណាក់៕






 

© រក្សាសិទ្ធិដោយ thmeythmey.com