ជាតិ
សម្តេច ហ៊ុន សែន ស្នើឱ្យពលរដ្ឋពាក់ម៉ាស់ និងទៅទទួលវ៉ាក់សាំងដូសជំរុញ
15, Apr 2022 , 9:39 am        
រូបភាព
សម្តេច ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលដើរលេងកម្សាន្តយ៉ាងកុះករ ក្នុងអំឡុងចូលឆ្នាំខ្មែរនេះ ពាក់ម៉ាស់ឱ្យខ្ជាប់ខ្ជួន ក៏ដូចជាអនុវត្តវិធានការ«៣កុំ និង៣ការពារ» ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩។



តាមរយៈសំឡេងជាង ៧នាទីនៅតាមប្រព័ន្ធតេឡេក្រាម នៅព្រឹកថ្ងៃទី១៥ មេសានេះ ប្រមុខរដ្ឋាភិបាល ក៏ទទូចឱ្យពលរដ្ឋឆ្លៀតទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានច្រើន នៅក្នុងអំឡុងបុណ្យចូលឆ្នាំនេះដែរ ខណៈតួលេខនៃអ្នកដែលទៅទទួលវ៉ាក់សាំងមានចំនួនតិចតួច។ សម្តេច ហ៊ុន សែន ជឿជាក់ថា ក្រោយពិធីបុណ្យប្រពៃណីនេះ អត្រានៃអ្នកបានចាក់វ៉ាក់សាំងដូសជំរុញ មានកំណើនខ្ពស់ ដែលនឹងធ្វើឱ្យសហគមន៍កាន់តែមានភាពស៊ាំនឹងជំងឺកូវីដ-១៩។ 
 
 

ក្រៅពីស្នើពលរដ្ឋការពារខ្លួនពីកូវីដ-១៩ សម្តេចនាយករដ្ឋមន្ត្រីក៏មិនភ្លេចអំពាវនាវទៅដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ បង្កើនការការពារសន្តិសុខ សុវត្ថិភាពសម្រាប់ពលរដ្ឋដែលដើរកម្សាន្ត។ ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាលក៏ទទូចឱ្យពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យម៉ឹងម៉ាត់ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលដ៏រីករាយនេះ៕
 

Tag:
 ហ៊ុន សែន
 ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com