ជាតិ
ពិធីបុណ្យចូលឆ្នាំខ្មែរនៅកម្ពុជា​ក្រោម រៀបចំក្នុងសភាពអ៊ូអរ ដូចនៅកម្ពុជាដែរ
15, Apr 2022 , 11:20 am        
រូបភាព
ដោយ ៖ ធន់ សេងហុង 

បុណ្យចូលឆ្នាំខ្មែរនៅ​​​ទឹក​ដី​កម្ពុជា​ក្រោម ត្រូវ​បានរៀបចំឡើងដូច​នៅ​ប្រទេស​កម្ពុជា​ដែរ។ ប្រជាពលរដ្ឋ សិស្ស និស្សិត និង​កម្មករ​ខ្មែរក្រោម ដែលធ្វើការ​នៅ​ទីក្រុងបានត្រលប់ទៅស្រុកកំណើត ដើម្បី​ជួបជុំ​គ្រួសារ រៀបចំសម្អាតផ្ទះសម្បែង រៀប​រណ្ដាប់​សែនព្រេន ​ត្រៀមទទួល​ទេវតាឆ្នាំថ្មីនៅ​តាម​ផ្ទះ និងតាមទីវត្តអារាមនានា។


 
ពលរដ្លខ្មែរកម្ពុជាក្រោម បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ដូចគ្នានឹងពេលានៅកម្ពុជា​ដែរ ហើយល្បែងប្រជាប្រិយនានាដូចជា​ បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ជាដើម ក៏ត្រូវបានប្រជាពលរដ្ឋខ្មែរក្រោម លេងកម្សាន្ត នៅតាមបណ្តាវត្តអារាមនានា ក្នុងវេលាចូលឆ្នាំថ្មីនេះដែរ។
 
ពលរដ្ឋ​​ខ្មែរក្រោម មាន​ជំនឿ​លើ​រឿង កបិល​មហា​ព្រហ្ម កាត់​សិរសា ព្រោះ​ចាញ់​ប្រស្នា​ធម្មបាល​កុមារ​​ដែរ ទើប​បង្កើត​ឲ្យ​មាន​ទេវតា​៧​អង្គ ផ្លាស់​វេន​គ្នា ចុះ​មក​ផែនដី​ ដើម្បី​គ្រង​ថែរក្សា​មនុស្ស​ជាតិ។ នៅកម្ពុជាក្រោម ពិធីបុណ្យចូលឆ្នាំថ្មី គេមិនហៅថា សង្ក្រាន្តឆ្នាំថ្មីទេ គេហៅថា ថ្ងៃឆ្លងចូលឆ្នាំថ្មី។

 
 
ជារៀងរាល់​ឆ្នាំ ​ពលរដ្ឋខ្មែរ​ក្រោមភាគច្រើន តែង​តែ​ណាត់​គ្នាទទួល​ទេវតា​ឆ្នាំ​ថ្មី នៅតាម​វត្ត​អារាម​។ នៅ​វេលា​ទេវតា​ចុះ ខ្មែរ​ក្រោម​ ​ធ្វើ​​ពិធី​​សូត្រ​មន្ត​ទទួល​ទេវតា។ ថ្ងៃទី១ ដែលជា​​ថ្ងៃ​ឆ្លង​ឆ្នាំ​ គេ​​តែង​ជួប​ជុំ​គ្នា​ទទួល​ទេវតា ​ព្រសង្ឃសម្ដែង​ព្រះ​បរិត្ត ពូន​ភ្នំ​ខ្សាច់​ ​លេង​ល្បែង​ប្រជាប្រិយ។ ​​ថ្ងៃ​ចូល​ឆ្នាំ​ ​ទី២ គឺ​វារៈ​វ័នបត​ ពលរដ្ឋខ្មែរ​ក្រោម នាំគ្នា​ធ្វើ​ពិធី​ងូត​ទឹក​ជូន​ឪពុក​ម្ដាយ​ តាម​ផ្ទះ​រៀង​ៗ​ខ្លួន ហើយ​ពួកគេ​បន្ត​ទៅ​វត្ត​ ធ្វើ​ពិធី​ងូត​ទឹក​​ប្រគេន ព្រះ​គ្រូ​ចៅអធិការ​ និង​តា​ជី យាយ​ជី​​ នៅ​​ក្នុង​វត្ត​អារាម។ ឯ​ថ្ងៃ​​ចូល​ឆ្នាំ ទី​៣ ជា​​ថ្ងៃ​ឡើង​ស័ក ពលរដ្ឋខ្មែរ​ក្រោម​នាំ​គ្នា​ ធ្វើពិធី​ស្រង់​ព្រះ​ពុទ្ធ​បដិមា តាម​វត្ត​​ពេល​រសៀល៕
 







Tag:
 ដោយ ៖ ធន់ សេងហុង
© រក្សាសិទ្ធិដោយ thmeythmey.com