អន្តរជាតិ
អ្វីទៅជាសកលភាវូបនីយកម្ម?
15, Apr 2022 , 9:59 pm        
រូបភាព
ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ចរបស់ប្រទេសលើសកលលោក សុទ្ធតែរងឥទ្ធិពលពី សកលភាវូបនីយកម្ម ក្នុងកម្រិតតិច ឬច្រើន។ លើសពីនេះ អ្នកសិក្សាស្រាវជ្រាវ ស្ទើរតែគ្រប់ផ្នែកទាំងអស់ ក៏បានបែរមកចាប់អារម្មណ៍ ពីផលរបស់សកលភាវូបនីយកម្មផងដែរ។ តើសកលភាវូបនីយកម្មមាន ន័យដូចម្តេច? វាកើតឡើងតាំងពីពេលណា ហើយមានផលល្អ និងផលអាក្រក់អ្វីខ្លះ?

 
អត្ថន័យរបស់សកលភាវូបនីយកម្ម (Globalization) មានច្រើន ហើយអ្នកសិក្សាពីនិយមន័យរបស់ ពាក្យមួយនេះ បានបកស្រាយន័យផ្សេងៗ ទៅតាមទិដ្ឋភាព និងជ្រុងនៃសង្គម ដែលពួកគេមើលឃើញ។ យ៉ាងណាមិញ និយមន័យទូទៅ នៃពាក្យសភារូបនីយកម្ម គឺការបង្កើនល្បឿននៃចលនា និងការផ្លាស់ប្តូររបស់មនុស្ស, ទំនិញ, សេវាកម្ម, បច្ចេកវិទ្យា, ការអនុវត្ត, វប្បធម៌ ឬសកម្មភាពផ្សេងៗនៅទូទាំងពិភពលោក ។ ឥទ្ធិពលមួយ របស់សកលភាវូបនីយកម្ម គឺការជំរុញ និងការបង្កើនអន្តរកម្មរវាងតំបន់ និងប្រជាជនផ្សេងៗគ្នា ជុំវិញពិភពលោក។
 
បើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) វិញ សកលភាវូបនីយកម្ម ជាដំណើរការរបស់លំហូរដោយសេរី នៃគំនិតមនុស្ស, ទំនិញ, សេវាកម្ម និងមូលធនដែលនឹងជំរុញឱ្យមានការរួមបញ្ចូលសេដ្ឋកិច្ច និងសង្គម។ IMF បញ្ជាក់ថាឥទ្ធិពលមួយផ្នែកនៃសកលភាវូបនីយកម្មអាស្រ័យលើជម្រើស គោលនយោបាយរបស់ប្រទេសនីមួយៗ ហើយឥទ្ធិពលរបស់សកលភាវូបនីយកម្ម ដើរទន្ទឹមគ្នានឹងលិទ្ធិប្រជាធិបតេយ្យ។ 
 
ត្រង់នេះ IMF ចង់បញ្ជាក់ពីប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យភាគច្រើនមានទំនាក់ទំនងជាមួយប្រទេសជាច្រើន និងបើកចំហរឱ្យមានការហូរចូលទាំងទំនាក់ទំនង ការទូត, សេដ្ឋកិច្ច, គំនិត, ភាសា និងអ្វីៗជាច្រើនទៀត។
 
ជាឧទាហរណ៍ សកលរូបនីយកម្មទំនាក់ទំនងការទូត គឺជាការបើកចំហទំនាក់ទំនងរវាងប្រទេស និងប្រទេស តាមរយៈការតាំងទីស្ថានទូត។ សកលរូបនីយកម្មសេដ្ឋកិច្ច ជាការកើនឡើងនៃភាពអាស្រ័យគ្នាទៅវិញទៅមក នៃសេដ្ឋកិច្ចពិភពលោក តាមរយៈការនាំចេញ និងនាំចូលទំនិញ ជាមួយប្រទេសមកពីតំបន់ផ្សេងៗជាដើម។
 
បើនិយាយពីការកើតឡើងនៃសកលរូបភានីយកម្មវិញ ក៏មិនមានការចុះសម្រុងគ្នានោះដែរ។ អ្នកស្រាវជ្រាវខ្លះ លើកឡើងថា សកលភាវូបនីយកម្ម មានតាំងពី៦ម៉ឺនឆ្នាំមុន នៅពេលដែលក្រុមមនុស្សផ្សេងៗ ចាប់ផ្ដើមប្រាស្រ័យទាក់ទងគ្នា និងធ្វើពាណិជ្ជកម្មជាមួយគ្នា ដែលការណ៍នេះបាននាំមនុស្ស ទំនិញ ឬសូម្បីតែគំនិត ពីកន្លែងមួយទៅកន្លែងមួយ ដូចការណ៍ដែលឈ្មួញទំនិញ បានធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ ដើម្បីលក់ទំនិញព្រមទាំងបានពាំនាំភាសា ជំនឿ ឬសាសនាទៅជាមួយដែរ។
 
យ៉ាងណាមិញ អ្នកស្រាវជ្រាវខ្លះយល់ឃើញថា សកលរូបភានីយកម្មទើបតែកើតឡើងនៅអំឡុងចុងសតវត្សរ៍ទី១៩។ ពោលគឺនៅពេលដែលពិភពលោកទាំងមូលបានរួមបញ្ចូលគ្នា និងកំណើនសេដ្ឋកិច្ចមិនធ្លាប់មានពីមុន។ ប៉ុន្តែសាកលភាវូបនីយកម្មត្រូវបានថមថយទៅវិញ នៅពាក់កណ្តាលសតវត្សរ៍ទី២០ ដោយសារតែរលកនៃការគាំពារនិយម និងជាតិនិយមអំឡុងការធ្វើអាណានិគម និងសង្គ្រាមលោក។
 
សកលរូបនីយកម្ម ក៏បានកើនឡើងយ៉ាងរហ័សវិញ នៅពេលដែលបច្ចេកវិទ្យាក្នុងការដឹកជញ្ជូន និងការទំនាក់ទំនងកាន់តែជឿនលឿន និងជាពិសេសក្នុងសម័យអ៊ីនធឺណិត។ ផលប្រយោជន៍ធំមួយ ដែលបានមកពីសកលរូបភានីយកម្ម គឺការរីកចម្រើននៃសេដ្ឋកិច្ច ដោយសារប្រទេសកាន់តែច្រើនឡើង បានចូលរួមក្នុងទីផ្សារអន្តរជាតិ និងបើកចំហ ព្រមទាំងធ្វើឱ្យការនាំចេញនាំចូលកាន់តែងាយស្រួល។ ជាឧទាហរណ៍ កម្ពុជា មានដៃគូពាណិជ្ជកម្មជាច្រើនតាំងពីអាម៉េរិក សហភាពអឺរ៉ុប ចិន និងប្រទេសជាច្រើនទៀត ដែលការណ៍នេះ នឹងនាំឱ្យសេដ្ឋកិច្ចកើនឡើង ហើយទំនិញនាំចូល ក៏មានតម្លៃធូរថ្លៃផងដែរ ដោយសារការដឹកជញ្ជូនថោកជាងមុន ហើយមានការកាត់បន្ថយពន្ធជាដើម។
 
ផលដែលអាចទាញបាន ពីសកលភាវូបនីយកម្មមួយទៀតនោះគឺ សកលភាវូបនីយកម្មវប្បធម៌។ ការយល់ដឹងពីវប្បធម៌ ទម្លាប់ និងការអនុវត្តល្អៗពីបរទេស នឹងជួយឱ្យមនុស្សមានចំណេះដឹងកាន់តែច្រើនឡើង លើសពីអ្វីដែលមិនធ្លាប់បានធ្វើពីមុនមក ។ ដូច្នេះ វាអាចជាចលករមួយ ដែលធ្វើឱ្យមានការអភិវឌ្ឍក្នុងការគិត និងគំនិតច្នៃប្រឌិតថ្មី។
 
ភាសាក៏ជាផលល្អមួយពីសកលភាវូបនីយកម្មផងដែរ។ ដូចបានឃើញ ភាសាអង់គ្លេសត្រូវបានប្រើប្រាស់ជាសកល ដែលផ្ដល់ភាពងាយស្រួលសម្រាប់មនុស្សមកពីតំបន់ផ្សេងៗអាចប្រាស្រ័យទាក់ទងគ្នា។
 
យ៉ាងណាមិញ សកលភាវូបនីយកម្មការនាំផលវិបាកផងដែរ។ ក្នុងផ្នែកសេដ្ឋកិច្ច ដោយសារប្រទេសនីមួយៗពឹងផ្អែកនឹងទីផ្សារសកលច្រើនពេក ក្នុងវិបត្តិសេដ្ឋកិច្ចណាមួយ ឬការរាតត្បាតជំងឺដែលប៉ះពាល់ដល់ច្រវាក់ផ្គត់ផ្គង់នោះ ប្រទេសលើពិភពលោក នឹងរងផលប៉ះពាល់ជាខ្លាំង។ សកលភាវូបនីយកម្មវប្បធម៌ ក៏បានធ្វើឱ្យវប្បធម៌របស់ប្រទេសមួយចំនួន បាត់បង់ភាពរឹងមាំផងដែរ។ ការស្លៀកពាក់, ជំនឿ, ភាសា, ម្ហូបអាហារ និងអ្វីៗជាច្រើនទៀត ត្រូវទទួលឥទ្ធិពលពីវប្បធម៌ធំៗ ដូចជាអាម៉េរិក និងអឺរ៉ុបជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com