អន្តរជាតិ
ចិនតបទៅអាម៉េរិក៖ អធិបតេយ្យអ៊ុយក្រែន គួរតែត្រូវការពារ ប៉ុន្តែសន្តិសុខរុស្ស៊ី ក៏គួរតែគោរពដែរ
15, Apr 2022 , 6:40 pm        
រូបភាព
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេសចិន
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian នៅថ្ងៃទី១៤ ខែមេសា បានជំទាស់នឹងការអំពាវនាវរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក លោកស្រី Janet Yellen ដែលបានជំរុញឱ្យចិនជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន អធិបតេយ្យ និងសន្តិសុខអ៊ុយក្រែន គួរតែត្រូវបានការពារ ស្របពេលការបារម្ភផ្នែកសន្តិសុខរបស់រុស្ស៊ី ក៏គួរតែគោរពដែរ។

 
រដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក លោកស្រី Janet Yellen នៅថ្ងៃទី១៣ ខែមេសា បានលើកអំពាវនាវឱ្យចិនដាក់សម្ពាធលើរុស្ស៊ី ដើម្បីបញ្ចប់ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ បើតាមរដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក ចិននឹងអស់ឥទ្ធិពលខ្លួនៅលើឆាកអន្តរជាតិ ប្រសិនបើមិនជួយបញ្ឈប់សង្រ្គាមមួយនេះ។ ទាក់ទិននឹងបញ្ហានេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកសារព័ត៌មានបានសួរលោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ជុំវិញការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់អាម៉េរិកខាងលើ។ 
 
ជាការឆ្លើយតប លោក Zhao បានជំទាស់យ៉ាងខ្លាំង និងទទូចឱ្យអាម៉េរិក បញ្ឈប់បង្ខូចតួនាទីចិនជុំវិញជម្លោះអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរូបនេះ ក៏បានប្រាប់ទៅអាម៉េរិកឱ្យគោរពអធិបតេយ្យ និងបូរណភាពដែនដីរបស់ប្រទេសដទៃដែរ។ 
 
«អធិបតេយ្យ និងសន្តិសុខអ៊ុយក្រែន គួរតែការពារ។ ការបារម្ភផ្នែកសន្តិសុខរុស្ស៊ី គួរតែគោរព។ សន្តិភាព និងស្ថិរភាពអឺរ៉ុប ក៏ត្រូវតែការពារដែរ»។ លោក Zhao បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា បញ្ហាទាំងនេះ ក៏គួរតែអនុវត្តនៅបណ្តាប្រទេសផ្សេងដែរ ហើយវាគ្មានស្តង់ដារពីរឡើយ នៅលើឆាកអន្តរជាតិ។ 
 
ក្នុងសន្និសីទសារព័ត៌មានដដែល អ្នកនាំពាក្យរូបនេះ បានរម្លឹកថា ចិនបានដើរតួនាទីជាច្រើននៅក្នុងជម្លោះអ៊ុយក្រែន-រុស្ស៊ី ហើយចិននឹងប្រឆាំងរាល់ការចោទប្រកាន់មកលើខ្លួន។ បើតាមអ្នកនាំពាក្យរូបនេះ ពេលវេលានឹងបង្ហាញថា ចិននឹងឈរនៅខាងភាគីត្រូវ ក្នុងប្រវត្តិសាស្រ្ត។ 
 
កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំង មិនធ្លាប់រិះគន់ក្រុងមូស្គូ ជុំវិញប្រតិបត្តិការពិសេសឡើយ ហើយថែមទាំងមិនប្រើពាក្យឈ្លានពានដាក់ក្រុងមូស្គូថែមទៀត។ បញ្ហានេះ បានធ្វើឱ្យបណ្តាប្រទេសមួយចំនួន ទទូចឱ្យចិនដាក់សម្ពាធលើរុស្ស៊ី និងកុំផ្តល់ជំនួយយោធា៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com