ជាតិ
សង្គមជាតិ
អាជ្ញាធរខេត្តព្រះសីហនុ នឹងបិទផ្លូវបី ដើម្បីរៀបចំពិធីបដិមាភិសេក «ព្រះថោងនាងនាគ» នៅថ្ងៃស្អែកនេះ
15, Apr 2022 , 5:44 pm        
រូបភាព
រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងពីការបិទផ្លូវចំនួន៣ ជុំវិញរង្វង់មូលព្រះថោងនាងនាគ ជាបណ្ដោះអាសន្ននៅថ្ងៃទី១៦ ខែមេសា ដើម្បីរៀបចំពិធីបដិមាភិសេក «ព្រះថោងនាងនាគ»។ ការផ្អាកចរាចរណ៍នេះ ចាប់ពីម៉ោង ០៣: ០០ ទៀបភ្លឺ រហូតដល់ចប់កម្មវិធី។


បើតាមសេចក្ដីប្រកាសខាងលើ ផ្លូវជុំវិញរង្វង់មូលព្រះថោងនាងនាគ ដែលត្រូវផ្អាកចរាចរណ៍បណ្ដោះអាសន្នទាំងនោះ រួមមាន មហាវិថីជំទាវម៉ៅ ចាប់ពីចំណុចផ្លូវបំបែកស្លាក «ខ្មែរធ្វើបាន» រហូតដល់រង្វង់មូលព្រះថោងនាងនាគ។ ផ្លូវទី២ពី មហាវិថីជំទាវម៉ៅ ចាប់ពីផ្លូវជាតិលេខ៤ ដល់រង្វង់មូលព្រះថោងនាងនាគ។ ផ្លូវទី៣ចំណុចមហាវិថីឆ្នេររាម ចាប់ពីរង្វង់មូលព្រះឧមា-មហេសូរ រហូតដល់រង្វង់មូលព្រះថោងនាងនាគ។ 
 
ជាមួយគ្នានេះ ពិធីបដិមាភិសេក «ព្រះថោងនាងនាគ» ខាងលើដែលប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះ ក៏នឹងមានការចូលរួម ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកជំទាវ ប៊ុន រ៉ានី ផងដែរ។ 
 
គួរបញ្ជាក់ផងដែរថា រូបបដិមា «ព្រះថោង នាងនាគ»​ ត្រូវបានដំឡើងរួចរាល់ជាស្ថាពរ នៅវេលាម៉ោង១២ និង៣០នាទី ចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។ រូបសំណាកព្រះថោងនាងនាគ ត្រូវបានផលិតឡើងដោយស្ពាន់ ក្នុងប្រទេសចិន និងមានក្បូរក្បាច់រចនាបែបខ្មែរ។ រូបសំណាកនេះ មានកម្ពស់២១ម៉ែត្រ ដោយដាក់ព្រះភ័ក្ត្របែរទៅសមុទ្រ ស្ថិតនៅរង្វង់មូលប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និង មហាវិថីជំទាវម៉ៅ ជិតនឹងផ្លូវឡើងទៅស្លាក ខ្មែរធ្វើបាន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com