ជាតិ
តំបន់សមុទ្រទាក់ទាញទេសចរជាង ៧៤ម៉ឺននាក់ ៤ថ្ងៃនេះ
18, Apr 2022 , 5:51 pm        
រូបភាព
ដោយ:
ទេសចរជាង៥លាននាក់ បានដើរលេងទូទាំងប្រទេស នាថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ និងថ្ងៃអាទិត្យ ក្នុងនោះខេត្តនៅជាប់សមុទ្រទាក់ទាញភ្ញៀវបានជាង ៧៤ម៉ឺននាក់។ ខេត្តកំពត និងព្រះសីហនុទទួលបានភ្ញៀវទេសចរជិត ៣០ម៉ឺននាក់រៀងខ្លួន ខណៈខេត្តកែបមានភ្ញៀវទេសចរជាង ១៥ម៉ឺននាក់ ហើយខេត្តកោះកុងមានទេសចរតែជិត ៤ម៉ឺននាក់ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍ភ្ញៀវទេសចរទូទាំងប្រទេសរបស់ក្រសួងទេសចរណ៍។




​ក្នុងរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅថ្ងៃចូលឆ្នាំ និងថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី១៤-១៧ មេសា ខេត្តនៅតំបន់សមុទ្រ ទទួលបានទេសចរ ៧៤៤ ៦៤៩នាក់ ក្នុងនោះទេសចរបរទេសផ្ទៃក្នុងមាន ២០ ៤៦០នាក់​។ ខេត្តកំពតទទួលបានទេសចរចំនួន ២៨៤ ៨៩៣នាក់, ខេត្តព្រះសីហនុ មានទេសចរ ២៦៤ ៨០៣នាក់, ខេត្តកែបមានភ្ញៀវ ១៥៦ ៦៤៤នាក់ និងខេត្តកោះកុងមានភ្ញៀវចំនួន ៣៨ ៨០៤នាក់។ 
  


កំណើនភ្ញៀវទេសចរនេះ បានធ្វើឱ្យកន្លែងកម្សាន្តមួយចំនួនមនុស្សច្រើនកុះករ ដែលនាំឱ្យកន្លែងស្នាក់នៅត្រូវបានខ្វះសម្រាប់ទទួលភ្ញៀវ ខណៈផ្លូវចូលកន្លែងកម្សាន្តខ្លះកកស្ទះខ្លាំង។ យ៉ាងណាមិញ ការកើនឡើងចំនួនទេសចរនៅខេត្តកោះកុង ក៏កើនឡើងដោយសារព្រឹត្តិការណ៍សង្ក្រាន្តផងដែរ។ ចំណែកខេត្តកំពត កែប និងព្រះសីហនុ ដ្បិតមិនមានព្រឹត្តិការណ៍សង្ក្រាន្តធំដុំដូចខេត្តដទៃ ប៉ុន្តែទេសចរ និងប្រជាជនក្នុងខេត្តក៏បានរាំលេងនៅទីរួមខេត្ត ខណៈទេសចរមួយផ្នែកទៀតចេញដើរតាមរមណីយដ្ឋាន​ និងតាមកោះ។
 
សូមជម្រាបដែរថា ទេសចរ ដើរកម្សាន្តទូទាំងប្រទេសជាង ៥លាននាក់ ក្នុងរយៈពេល៤ថ្ងៃ គឺថ្ងៃចូលឆ្នាំខ្មែរ និងថ្ងៃអាទិត្យ។ ខេត្តបាត់ដំបង កំពង់ចាម បន្ទាយមានជ័យ សៀមរាប និងព្រៃវែង ទទួលបានទេសចរច្រើនជាងគេ ។ នេះបើតាមរបាយការណ៍ពីក្រសួងទេសចរណ៍៕
 
 

Tag:
 ThmeyThmey25
  ចូលឆ្នាំ
  តំបន់សមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com