កីឡាអន្តរជាតិ
អន្តរជាតិ
Derby ក្រោមការដឹកនាំរបស់ Rooney ធ្លាក់ទៅលីគទី៣ ដោយសារកាត់២១ពិន្ទុ
19, Apr 2022 , 3:13 pm        
រូបភាព
Derby County ម្ចាស់ជើងឯកលីគកំពូលអង់គ្លេសពីរសម័យត្រូវកាត់ចេញពីលីគកម្រិតទីពីរ Championship ដោយស្វ័យប្រវត្តិនៅរដូវកាលក្រោយ។ ការធ្លាក់ទៅក្របខណ្ឌ​ League1 ដែលលីគទី៣  ក៏កើតឡើងបន្ទាប់ពីក្រុមដែលដឹកនាំដោយអ្នកចាត់ការ Wayne Rooney ត្រូវកាត់ពិន្ទុរហូតដល់ទៅ២១ពិន្ទុនៅរដូវកាលនេះ។



Derby County អស់ឱកាសប្រជែងកៅអីនៅ Championship បន្ទាប់ពីចាញ់ Queens Park Rangers ១-០ នៅជំនួបសប្តាហ៍ទី៤៣ នៅថ្ងៃទី១៨ ខែមេសា ស្របពេលក្រុម Reading ស្មើ Swansea City ៤-៤។ ក្រោយប្រកួត៤៣លើក Derby រកបាន៣១ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី២៣ ក្នុងចំណោមក្រុមទាំង២៤។
 
រកបាន៣១ពិន្ទុ ខណៈការប្រកួតសល់តែ៣ប្រកួតនឹងត្រូវបញ្ចប់រដូវកាលនេះ Derby តាមពិន្ទុ Reading ដែលស្ថិតនៅតំបន់សុវត្ថិភាពក្នុងចំណាត់ថ្នាក់ទី២១ ចំនួន១០ពិន្ទុ។
តាមពិតទៅ Derby ដែលគ្រប់គ្រងដោយអតីតខ្សែប្រយុទ្ធ Manchester United និងជម្រើសជាតិអង់គ្លេស Wayne Rooney រកបាន៥២ពិន្ទុរដូវកាលនេះ ប៉ុន្តែដោយសារត្រូវរងពិន័យកាត់ពិន្ទុរហូតដល់ ២១ ពិន្ទុ ដោយសារបំពានច្បាប់ហិរញ្ញវត្ថុនៅដើមរដូវកាល ទើបក្រុមនៅសល់តែ៣១ពិន្ទុ។ Derby ស្ថិតនៅក្រោមការហាមឃាត់ការផ្ទេរកីឡាករផងដែរ។
 
នេះជាការធ្លាក់ទៅលីគលំដាប់ទី៣អង់គ្លេសជាលើកដំបូងរបស់ Derby គិតចាប់ពីរដូវកាល ១៩៨៥-៨៦មក។ Derby ធ្លាប់ឈ្នះជើងឯកលីគកំពូលអង់គ្លេសពីរសម័យ នៅឆ្នាំ១៩៧២ និង ១៩៧៥។
 
ទោះក្រុមត្រូវកាត់ចោលពី Championship ប៉ុន្តែម្ចាស់ក្លិប Chris Kirchner ដែលជាអ្នកជំនួញអាម៉េរិក នៅតែពេញចិត្តពេញថ្លើមពីរបៀបដឹកនាំក្រុមរបស់ Rooney និងជឿងជាក់ថា អ្នកកីឡាករ Everton និង DC United រូបនេះនៅបន្តស្នាក់នៅជាមួយក្រុម និងជួយក្រុមឡើងទៅលីគកំពូលវិញ៕
 

Tag:
 Derby County
  Wayne Rooney
© រក្សាសិទ្ធិដោយ thmeythmey.com