កីឡាអន្តរជាតិ
អន្តរជាតិ
Rangnick ៖ ភាពមិនច្បាស់លាស់នៃការប្រកាសតែងតាំង Erik ten Hag មិនប៉ះពាល់ជំនួប Man Utd និង Liverpool ឡើយ
19, Apr 2022 , 5:59 pm        
រូបភាព
លោក Ralf Rangnick ថ្ងៃទី១៨ ខែមេសា បានអះអាងថា ភាពមិនច្បាស់លាស់ជុំវិញការប្រកាសតែងតាំងលោក Erik Ten Hag ដែលបច្ចុប្បន្នជាគ្រូបង្វឹក Ajax Amsterdam មិនប៉ះពាល់ដល់ Manchester United ក្នុងការផ្តោតអារម្មណ៍លើការប្រកួតទល់ Liverpool ឡើយ។


ក្រុមបិសាចក្រហមបានប្រយុទ្ធយកឈ្នះលើក្រុម Norwich City ទទួលបាន៣ពិន្ទុ កាលពីថ្ងៃទី១៧ ខែមេសា តាមពីក្រោយក្រុមលេខ៤ Tottenham Spurs ក្នុងការប្រជែងកៅអី Champions League រដូវកាលក្រោយ។ 
 
សេចក្តីរាយការណ៍ពីសំណាក់សារព័ត៌មានមួយចំនួន បានឱ្យដឹងថាក្រុមបិសាចក្រហមនឹងប្រកាសតែងតាំង លោក Erik Ten Hag  បន្ទាប់ពីការប្រកួតរបស់ក្រុម Ajax Amsterdam ទល់ក្រុម PSV Eindhoven រួច។
 
គ្រូបង្វឹកបណ្តោះអាសន្នសញ្ជាតិអាល្លឺម៉ង់ លោក Ralf Rangnick បានបញ្ជាក់ថា លោកមិនបានខ្វាយខ្វល់ពីរឿងនេះឡើយ។ សម្រាប់លោក ផ្តោតអារម្មណ៍លើក្រុម ដែលត្រៀម ប្រកួតជាមួយ Liverpool ដើម្បីទទួលបានលទ្ធផលនៅទឹកដី Anfield តែប៉ុណ្ណោះ។
 
«ខ្ញុំមិនដឹងឡើយ ព្រោះមិនមែនជាកិច្ចការរបស់ខ្ញុំ វាជាកិច្ចការរបស់ក្លិបព្រមទាំងផ្នែកប្រតិបត្តិខាងលើ ឆាប់ៗនេះពួកគេនឹងប្រកាស។ ពេលនេះ ហើយរឿងនេះ មិនបានប៉ះពាល់ដល់ការត្រៀមខ្លួន សម្រាប់ការប្រកួតនៅថ្ងៃស្អែកឡើយ»។ លោក Rangnick បាននិយាយក្នុងសន្និសីទ មុនការប្រកួតបែបនេះ។
 
មិនត្រឹមតែប៉ុណ្ណោះ គ្រូបង្វឹកវ័យ៦៣ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា បិសាចក្រហមត្រូវឈ្នះ៦ប្រកួត ដែលនៅសល់នេះ ដើម្បីឈរចំណាត់ថ្នាក់លេខ៤។ យ៉ាងណាមិញ លោកក៏បានផ្តាំទៀតថា Man Utd ត្រូវស្វែងរកកីឡាករឱ្យបានត្រឹមត្រូវ ក្នុងទីផ្សារដោះដូររដូវកាលក្រោយ ប្រសិនបើចង់កសាងក្រុមឡើងវិញ៕
 
 
 

Tag:
 Ralf Rangnick
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com