កីឡាជាតិ
ជាតិ
កីឡា​ករ​ជប៉ុន Masa ដែល​មាន​បទ​ពិសោធ​ន៍​នៅ​ច្រើន​ប្រទេ​ស​ចូលរួម​ជាមួ​យណា​ហ្គាខប
16, Jan 2014 , 12:10 am        
រូបភាព
កីឡាករជប៉ុន Masa (កណ្តាល) ចូលលេង​ក្នុងការប្រកួតមិត្តភាព​ទាំងពីរ​របស់ណាហ្គាខបនៅ​ប្រទេសថៃ។ រូបថត But Bunsak/NagaCorp
កីឡាករជប៉ុន Masa (កណ្តាល) ចូលលេង​ក្នុងការប្រកួតមិត្តភាព​ទាំងពីរ​របស់ណាហ្គាខបនៅ​ប្រទេសថៃ។ រូបថត But Bunsak/NagaCorp
កម្ពុជា​ក្លាយ​ជា​ប្រទេស​ទី៩ របស់​ខ្សែបម្រើ​ប្រយុទ្ធជន​ជាតិ​ជប៉ុន Masashiro Fukasawa ក្នុង​ការ​ប្រកប​អាជីព​ជាកីឡា​ករបាល់​ទាត់ បន្ទាប់ពី​រូបគេ បាន​ចុះកិច្ច​សន្យា​រយៈពេល​១០​ខែ​ ជាមួយ​ក្លិប​ណាហ្គា​ខប សម្រាប់​យុទ្ធ​នាការ​ក្របខណ្ឌមិត្តហ្វូន​ខេមបូឌានលីក​នា​រដូវកាល​ខាងមុខ។



យោង​តាម​គណនីហ្វេសប៊ុក​ផ្លូវការ​របស់​ក្លិបណាហ្គាខប ការពិភាក្សា​ស្តីពី​កិច្ច​សន្យា​បាន​ត្រូវ​រ៉ូវ​គ្នា​កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៤ ហើយ​កីឡាករ​ដែលមានឈ្មោះ​ហៅក្រៅថា «Masa» រូបនេះ នឹង​មក​កាន់រាជ​ធានីភ្នំពេញ​នា​សប្តាហ៍​ក្រោយ។

Masa វ័យ​៣៦​ឆ្នាំ គឺជាកី​ឡា​ករបរទេស​ម្នាក់​ក្នុង​ចំណោម​៤នាក់ ដែល​ណាហ្គាខប​ដាក់​ឲ្យ​ចូ​ល​លេងនាការ​ប្រកួត​មិត្តភាព​របស់ពួក​គេចំនួន​ពីរ​ប្រកួត​​នៅ​ក្នុងប្រទេសថៃ កាលពី​សប្តា​ហ៍​មុន។ កីឡាករ​ផ្សេង​ទៀត​ដែល​ស្ថិតក្រោម​ក្រសែភ្នែក​របស់​ក្រុម​គ្រូបង្វឹក​ណាហ្គា​ខប មាន​កីឡាករ​កូរ៉េខាង​ត្បូងពី​ររូប និ​ងហ្គីណេ​មួ​យរូប។

សមាស​ភាព​របស់ Masa ត្រូវបា​នណែ​នាំដោយ​លោក Therdsak Chaiman អតីតកីឡាករ​ជម្រើស​ជាតិថៃ និង​បច្ចុប្បន្ន មានតួនាទី​ជាកីឡាករផង គ្រូជំនួយផង​ នៃក្លិប Chonburi FC ក្នុងក្របខណ្ឌ Thai Premier League។ Masa និង Therdsak ធ្លាប់​លេង​ជាមួយ​គ្នា​នៅ​ក្នុងក្លិប Singapore Armed Forces FC នៃក្របខណ្ឌ S.League។ ដោយឡែក Therdsak គឺ​ជាមិត្ត​ភក្តិ​ដ៏​ជិតស្និទ្ធម្នាក់​របស់​លោ​ក Yeo Wee Han ថ្នាក់ដឹកនាំក្លិបណាហ្គាខប។

Masa រៀនជំនាញ​បាល់​ទាត់នៅ​សាលា Shinzuoka Gakuen High School ហើយ​បាន​លេង​ក្លិប​សាលា​របស់ខ្លួន​ពី​ឆ្នាំ​១៩៩៣ ដល់​១៩៩៥ មុន​នឹងក្លាយ​ជាកីឡាករ​បាល់ទាត់​អាជីព​ម្នាក់។

កីឡាករ​ដែ​លមា​នកម្ពស់ ១,៧៤ម៉ែត្រ រូបនេះ ​បាន​លេងឲ្យក្លិប Yokohama F.Marinos ក្នុង​ក្រប​ខណ្ឌកំពូល J.League Division 1 ពី​ឆ្នាំ១៩៩៦ ដល់ឆ្នាំ​២០០០ ។ ក្នុងចន្លោះ​ពេលនោះ រូបគេ​ត្រូវ​បាន​ខ្ចីជើង​ទៅ​កាន់​ក្លិប Club Atletico River Plate នៅ​ក្នុង​ប្រទេស​អាហ្សង់​ទីនសម្រាប់​រយៈពេល​១ឆ្នាំ (១៩៩៦) និង​ក្លិប CD Tenerife របស់អេស្ប៉ាញ​សម្រាប់​រយៈ​៦ខែ (១៩៩៩)។

Masashiro Fukasawa បាន​វិល​ត្រឡប់ទៅ​កាន់​ប្រទេស​ជប៉ុន​វិញ ដោយ​បាន​ចំណាយ​ពេ​ល​៤រដូវកាល (២០០០-២០០៤) ជាមួយ​ក្លិប Albirex Niigata នៃក្របខណ្ឌ J.League Division 2 ដោយ​ជួយ​ឲ្យក្លិបនេះ​លើក​ពាន​។ បន្ទា​ប់មក​គេ​បាន​ចំណាយ​ពេញ​មួយ​រដូវកាល (២០០៥) នៅ​ក្នុងក្លិប Montreal Impact របស់កា​ណាដា ដែ​លលេ​ងក្នុងក្រ​បខណ្ឌ United Soccer Leagues First Division របស់សហ​រដ្ឋ​អាមេ​រិក។

នៅ​ឆ្នាំ២០០៧ Masa បាន​ផ្ទេរទៅ​លេងឲ្យ​ក្លិប Bangkok University FC នៃក្របខណ្ឌ Thai Premier League ហើយ​បាន​ក្លាយ​ជាកី​ឡាក​រជប៉ុន​ទីមួយ​ដែល​បាន​ចូល​លេង​ក្នុង​ការ​ដណ្តើម​ពាន​រង្វាន់ AFC Champions League សម្រាប់​ក្លិប​ដែលមិ​នមាន​មូល​ដ្ឋាននៅ​ជប៉ុន។

រដូវកាល​ឆ្នាំ​២០០៨-២០០៩ Masa ទទួល​ជោគ​ជ័យយ៉ាង​ធំធេង​ជាមួយ​ក្លិប Singapore Armed Forces FC (បច្ចុប្បន្ន Warriors F.C.) តាមរយៈ​ការឈ្នះពាន S.League របស់សិង្ហ​បុរី២​លើក និ​ងពាន Singapore Cup ក្នុងឆ្នាំ​២០០៨ ខណៈ​រូបគេ​បានក្លាយ​ជាកីឡាករឆ្នើម​ប្រចាំ​របស់ក្លិប។

នៅ​ឆ្នាំ២០១០ គេ​បាន​ត្រឡប់​ទៅកាន់ក្លិប​ចាស់​របស់ខ្លួនវិញ​នៅ​ក្នុងប្រទេសថៃ ដែល​ត្រូវ​បាន​ប្តូរឈ្មោះ​​ទៅ​ជា Bangkok United។ ឆ្នាំ​២០១១ គេ​លេងឲ្យ​ក្លិប Fourway Rangers (បច្ចុប្បន្នក្លិប Yokohama FC Hong Kong) ដែលក្នុងក្របខណ្ឌកំពូលហុងកុង Hong Kong First Division League។

កាលពី​ឆ្នាំ​២០១២ កី​ឡា​កររូ​បនេះ​ បាន​ទៅលេងឲ្យ​ក្លិប Bontang FC នៃក្របខណ្ឌ Indonesian Premier League។ ប៉ុន្តែ​សម្រាប់​រយៈពេល​ចុងក្រោយនេះ Masa មិន​សូវមាន​ឱកាស​បាន​ចូលលេងឡើយ​ព្រោះ​តែការ​ញាំញី​ដោយសារបញ្ហា​របួស។

ដូច្នេះ​ប្រទេសកម្ពុជា​នឹងក្លាយ​ជា​ប្រទេស​ទី៩​របស់ Masashiro Fukasawa ហៅ Masa សម្រាប់​ការ​ប្រកប​អាជីព​ជាកីឡាករបាល់ទាត់ បន្ទាប់ពី​ជប៉ុន អាហ្សង់ទីន (ខ្ចីជើង) អេស្ប៉ាញ (ខ្ចីជើង) ថៃ កាណាដា/សហរដ្ឋអាមេរិក (USL First Division) សិង្ហបុរី ហុងកុង និងឥណ្ឌូនេស៊ី៕



© រក្សាសិទ្ធិដោយ thmeythmey.com