កីឡាអន្តរជាតិ
អន្តរជាតិ
Rangnick ៖ Man Utd ត្រូវរុះរើកីឡាករដូច Liverpool និង Man City ទើបអាចត្រលប់ទៅរកភាពខ្លាំងវិញ
20, Apr 2022 , 1:59 pm        
រូបភាព
លោក Ralf Rangnick អ្នកចាត់ការបណ្តោះអាសន្នក្លិប Manchester United បាននិយាយថា ដើម្បីកសាងក្រុមឡើងវិញ ក្លិបត្រូវរុះរើឱ្យដូច Liverpool និង Manchester City។ យ៉ាងហោចណាស់រដូវកាលក្រោយ នឹងមានការនាំចូលកីឡាករថ្មីជាង១០នាក់មកកាន់ក្លិប។


បិសាចក្រហម Man Utd ប្រកួតចាញ់ក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool ក្នុងលទ្ធផល ៤-០ នៅថ្ងៃទី២០ ខែមេសា។ សម្រាប់រដូវកាលនេះ Man Utd ក្នុងជំនួប Liverpool នៅ Premier League បានរងបរាជ័យទាំងពីរជើង ដោយ Liverpool ធ្លាប់បានយកឈ្នះ ក្នុងទឹកដី Old Trafford លទ្ធផល ៥-០ ម្ដងហើយ កាលពីខែតុលាឆ្នាំ ២០២១ កន្លងទៅ ។
 
ក្រោយរងបរាជ័យយ៉ាងអាម៉ាស់ និងសម្លឹងឃើញពីភាពខ្លាំងរបស់គូប្រជែងនេះ លោក Rangnick មើលឃើញថា Man Utd ត្រូវការកែប្រែក្រុមជាថ្មីដោយប្រើពេលវេលាវែង ឱ្យដូច Liverpool និង Manchester City។
 
«បើអ្នកសម្លឹងមើលក្លិបពីរ កំពុងតែគ្រប់គ្រងនៅ Premier League ពេលនេះពួកគេ គឺធ្វើអ្វីដែលស្រដៀងគ្នា ពួកគេនាំយកគ្រូបង្វឹកថ្មី ហើយគ្រូបង្វឹកបានផ្លាស់ប្តូរអ្វី ទៅតាមទម្រង់លេងដែលគេចង់បាន និងប្រភេទនៃកីឡាករដែលគេចង់បាន។ Man Utd ត្រូវការកសាងឡើងវិញ ហើយយ៉ាងហោចណាស់នឹងមានការនាំចូលកីឡាជាង១០នាក់ នៅរដូវកាលក្រោយ»។លោក Rangnick និយាយក្នុងសន្និសីទ ក្រោយចប់ការប្រកួតបែបនេះ។
 
ទោះជាយ៉ាងនេះក្តីអ្នកចាត់ការវ័យ៦៣ ឆ្នាំ ក៏បានអះអាងបន្ថែមថា កម្រិតលេងរវាងក្រុមបិសាចក្រហម និង Liverpool បានបង្ហាញយ៉ាងច្បាស់ នៅថ្ងៃទី២០ មេសានេះ។ ដូច្នេះក្លិបត្រូវការរុះរើកីឡាករ នឹងកែរចនាសម្ព័ន្ធជាថ្មី។
 
យ៉ាងណាមិញក្នុងជំនួបដ៏កក្រើកនោះ បិសាចក្រហមបានអវត្តមានកីឡាករសំខាន់ៗដូចជា Fred, Cristiano Ronaldo និង Raphael Varane ដែលមិនបានចូលរួមជួយក្រុម៕
 

Tag:
 Ralf Rangnick
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com