ជាតិ
អ្នកជំនាញ៖ ការតាំងរូបសំណាកធំៗបែបបុរាណនៅខេត្តព្រះសីហនុ ដើម្បីផ្សារភ្ជាប់ព្រលឹងជាតិ និងទីក្រុងទំនើប
21, Apr 2022 , 2:43 pm        
រូបភាព
ដោយ:
ខេត្តព្រះសីហនុ មានរូបសំណាកធំៗធ្វើពីស្ពាន់ចំនួន៤ ដែលបានដាក់តាំងរួចរាល់ចំនួន៣ និងរូបសំណាកមួយទៀត គ្រោងដាក់តាំងនៅខែកក្កដា ឆ្នាំ២០២២នេះ។ លោក លី រស្មី អនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ពន្យល់ថា ការដាក់តាំងរូបសំណាកធំៗជាបន្តបន្ទាប់នេះ ដើម្បីផ្សារភ្ជាប់សាសនា វប្បធម៌របស់ខ្មែរ និងក្រុងព្រះសីហនុ ដែលជាទីក្រុងបែបទំនើប។


លោក លី រស្មី បានរៀបរាប់ប្រាប់សារព័ត៌មាន ThmeyThmey25ថា ខេត្តព្រះសីហនុ បានដាក់តាំងរូបសំណាកចំនួន៣រួចមកហើយ ក្នុងនោះមានរូបបដិមាព្រះឧមា-មហេសូរ កម្ពស់៩ម៉ែត្រ ធ្វើពីស្ពាន់ ដាក់តាំងនៅចំណុចប្រសព្វ រវាងឆ្នេររាម និងមហាវិថីរាម។ រូបសំណាកទី២ គឺរូបសីហរាជមុខ៣ កម្ពស់៩ម៉ែត្រ នៅចំណុចប្រសព្វផ្លូវជាតិលេខ៤ និងវិថីជោតិញាណ។ រូបសំណាកទី៣ គឺរូបសំណាកព្រះថោង នាងនាគ កម្ពស់២១ម៉ែត្រ ស្ថិតនៅចំណុចប្រសព្វនៃមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ។ 


 រូបសំណាកព្រះថោង នាងនាគ ។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

ជុំវិញការដំឡើងរូបសំណាកធំៗធ្វើពីស្ពាន់ ជាបន្តបន្ទាប់ នៅខេត្តព្រះសីហនុត្រូវបាន លោក លី រស្មី ពន្យល់ថា គឺដើម្បីផ្សារភ្ជាប់វប្បធម៌ ក្នុងទីក្រុងបែបទំនើប។ លោក លី រស្មី បញ្ជាក់ដូច្នេះ៖ «ខេត្តព្រះសីហនុ ជាទីក្រុងបែបទំនើប ហើយត្រូវបានរដ្ឋាភិបាល ចាត់ទុកជាទីក្រុងសេដ្ឋកិច្ចពិសេសពហុបំណង។ ដូច្នេះយើងត្រូវផ្សារភ្ជាប់ព្រលឹងជាតិ នៅក្នុងទីក្រុងទំនើបនេះ ដើម្បីឱ្យមានអត្តសញ្ញាណជាតិ និងបង្ហាញថា នេះជាទីក្រុងក្នុងប្រទេសកម្ពុជា។ មួយវិញទៀត រូបសំណាកទាំងនេះ ធ្វើឱ្យយើងដឹងពីវប្បធម៌ អរិយធម៌ខ្មែ »។ 
  

ពុម្ពរូបសំណាក ព្រះស្កន្ទ ។ រូបភាពពីលោក លី រស្មី អនុរដ្ឋលេខាធិការក្រសួងដែនដី នគររូបនីយកម្ម

ក្រៅពីរូបសំណាកទាំង៣នេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏កំពុងត្រៀមដាក់តាំងរូបសំណាកមួយទៀត គឺរូបព្រះស្កន្ទកម្ពស់ ៦,៦៨ម៉ែត្រ នៅខែកក្កដាខាងមុខនេះដែរ។ រូបសំណាកត្រូវបានធ្វើឡើងក្នុងប្រទេសកម្ពុជា បានប្រមាណ៧០ភាគរយហើយ គ្រោងនឹងដាក់នៅទីលានតេជោ។
 
បើតាម លោក លី រស្មី ថវិកាដែលបានចំណាយលើការធ្វើរូបសំណាកទាំង៤នេះ គឺអស់ជាង ២លានដុល្លារ។ រូបសំណាកព្រះសីហរាជមុខ៣ ព្រះឧមា-មហេសូរ និងរូបសំណាកព្រះថោង នាងនាគ ត្រូវបានធ្វើពុម្ពនៅស្រុកខ្មែរហើយ ចាក់ស្ពាន់នៅប្រទេសចិន។ ចំណែករូបព្រះស្កន្ទ ត្រូវបានធ្វើទាំងស្រុងនៅកម្ពុជា។ នេះជាការបន្ថែមរបស់លោក លី រស្មី៕


រូប សីហរាជមុខបី ពីលោក លី រស្មី

 រូបបដិមាព្រះឧមា-មហេសូរ  ។ រូបពីលោក លី រស្មី

Tag:
 ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com