កីឡាអន្តរជាតិ
អន្តរជាតិ
PSG នឹងគ្រងជើងឯកលីគកំពូលបារាំងលើកទី១០ ក្រោយឈ្នះក្រុម Angers
21, Apr 2022 , 4:58 pm        
រូបភាព
ក្លិប Paris Saint Germain កាន់តែឱកាសខ្ពស់ ក្នុងការគ្រងជើងឯកលីគកំពូលបារាំង Ligue 1 លើកទី១០ ក្រោយប្រកួតយកឈ្នះលើកក្រុម Angers លទ្ធផល ៣-០ ថ្ងៃទី២១​ ខែមេសា។


ខ្សែប្រយុទ្ធ Kylian Mbappe ខ្សែការពារ Sergio Ramos និង Marquinhos ជាអ្នកស្វែងរកគ្រាប់ជ័យជម្នះឱ្យក្រុម PSG។ ក្រុមរហ័សនាមអ្នកមានបារាំង ពេលបច្ចុប្បន្នមាន៧៧ពិន្ទុ នាំមុខលើក្រុមលេខ២ Olympique de Marseille ដល់ទៅ ១៥ ពិន្ទុនិងនៅសល់ ៥ប្រកួតក្នុងដៃ។
 
មិនត្រឹមតែប៉ុណ្ណោះបើសិន PSG អាចប្រកួតយកឈ្នះលើក្រុម RC Lens នៅថ្ងៃទី២៣ ខែមេសា នាកីឡដ្ឋាន Parc des Princes ពួកគេនឹងអាចគ្រងតំណែងជើងឯកលើកទី១០ ស្មើក្លិប St Etienne ដែរ។ St Etienne លើកពានរង្វាន់ ​​​Ligue 1 ចំនួន១០លើក ចន្លោះឆ្នាំ ១៩៥៧ ដល់ឆ្នាំ ១៩៨១។
 
គ្រូបង្វឹក PSG លោក Mauricio Pochettino បាននិយាយថា លោកនៅតែពេញចិត្ត ចំពោះទម្រង់លេងរបស់ក្រុម។ «វាមិនអាចទៅរួចនៅពេលនេះ ប៉ុន្តែយើងមានការប្រកួតមួយដ៏ល្អ ដែលទទួលបាន៣ពិន្ទុ។ យើងសង្ឃឹមថាយើងនឹងអាចធ្វើវាបានទាំងអស់គ្នានៅ ​​​Parc des Princes»។ លោក Pochettino និយាយបែបនេះក្រោយចប់ការប្រកួត។
 
PSG និង Lyon ជាក្រុមកំពូលតារាងទាំង២ បានទទួលកៅអី Champions League នៅវគ្គចែកពូលរដូវកាលក្រោយ ខណៈក្រុមលេខបី នឹងត្រូវប្រកួតជម្រុះស្វែងរកកៅអី ទៅកាន់វគ្គចែកពូល៕
 
 

Tag:
 Paris Saint Germain
  Ligue 1
© រក្សាសិទ្ធិដោយ thmeythmey.com