ជាតិ
សេដ្ឋកិច្ច
កម្ពុជា នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស ​
21, Apr 2022 , 8:59 pm        
រូបភាព
អ្នកដំណើរដែលចូលមកកម្ពុជាតាមផ្លូវអាកាសនាពេលកន្លងមក។
អ្នកដំណើរដែលចូលមកកម្ពុជាតាមផ្លូវអាកាសនាពេលកន្លងមក។
​ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស(Global Travel Assessment System-GTAS) នឹងត្រូវរាជរដ្ឋាភិបាកម្ពុជា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ មេសានេះ។ ប្រព័ន្ធនេះអនុញ្ញាតឱ្យកម្ពុជាទទួលទិន្នន័យអ្នកដំណើរចេញចូលប្រទេសជាមុន ព្រមទាំងរួមចំណែកបង្កើនប្រសិទ្ធភាពការងាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងចូលរួមទប់ស្កាត់បទល្មើសឆ្លងដែន បទល្មើសគ្រឿងញឿន ការលាងសម្អាតប្រាក់ និងជំរុញលំហូរទេសចរជាដើម។

  
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រព័ន្ធនេះ ទទួលបាន​ជំនួយគាំទ្រហិរញ្ញប្បទានសហប្រតិបត្តិការបច្ចេកទេស និងការបណ្តុះបណ្តាលពីអង្គការគយពិភពលោក។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់ថា ការអនុវត្តប្រព័ន្ធដែលជាឧបករណ៍បច្ចេកវិទ្យាថ្មីក្នុងពេលនេះ គឺដើម្បីតភ្ជាប់និងបញ្ជូនទិន្ន​ន័យ​ព័ត៌មានអ្នកដំណើរជាមុន (Advance Passenger Information-API) និងកំណត់ត្រាឈ្មោះអ្នកដំណើរ( Passenger Name Record-PNR) ពីបណ្តាក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ហោះហើរចេញ-ចូលកម្ពុជា មកកាន់ប្រព័ន្ធ GTAS ឆ្លងកាត់តាមថ្នាលផ្លាស់ប្តូរ​ទិន្នន័យ តាមតួនាទីនិងភារកិច្ចរៀងខ្លួនៗ។
 
​ការសម្រេចបាននូវសមិទ្ធផលនេះ គឺជាជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាកម្ពុជា លើការអនុវត្តភារកិច្ចរបស់ខ្លួន ស្របតាមកម្មវិធីសន្តិសុខរបស់អង្គការគយពិភពលោក ក្នុងការប្រើប្រាស់ព័ត៌មាន API/PNR ដើម្បីត្រួតពិនិត្យការធ្វើដំណើរ របស់បុគ្គលមានហានិភ័យខ្ពស់ទាំងឡាយ ដែលស្ថិតនៅក្រោមស្មារតីសេចក្តីសម្រេចជាបន្តបន្ទាប់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ដូច្នេះ រួចបន្តថា ប្រព័ន្ធនេះ ក៏នឹងផ្តល់​ប្រយោជន៍ជាច្រើនដល់កម្ពុជាដែរ​ដូចជាបង្កើនប្រសិទ្ធភាពការងាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងចូលរួមទប់ស្កាត់បទល្មើសឆ្លងដែនតាមបណ្តាអាកាសយានដ្ឋានអន្តរជាតិ។ វាក៏រួមចំណែកក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ​ប្រឆាំងនឹងចរាចរណ៍គ្រឿងញៀន និងលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មស្របច្បាប់ ក៏ដូចជាជំរុញលំហូរភ្ញៀវទេសចរផងដែរ។
 
បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រព័ន្ធនេះ មិនតម្រូវឱ្យយកកម្រៃសេវាពីអ្នកទេសចរ ក៏មិនតម្រូវឱ្យបន្ថែមបន្ទុកចំណាយថវិការដ្ឋ ដែលជាការចូលរួមគាំទ្រដល់ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ដែលរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងមក៕
 

Tag:
 ទេសចរណ៍
 ទេសចរ
  អ្នកដំណើរ
© រក្សាសិទ្ធិដោយ thmeythmey.com