ជាតិ
សេដ្ឋកិច្ច
ស្ថាបនិក Khmum eShop ៖ បច្ចេកវិទ្យាឌីជីថល ដើរតួនាទីយ៉ាងសំខាន់ ក្នុងការវិស័យ SMEs កម្ពុជា​
22, Apr 2022 , 7:59 am        
រូបភាព
ដោយ ៖ ធន់ សេងហុង 
 
បច្ចេកវិទ្យាឌីជីថល ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញ SMEs កម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនង និងបង្កើនសង្វាក់ផលិតកម្ម ជាពិសេសផ្តល់ភាពស្រួលទៅដល់សហគ្រិនក្នុងការផ្គត់ផ្គង់ ផលិតផល និងសេវាកម្មរបស់ពួកគេទៅដល់អតិថិជន។


អ្នកស្រី ជា រដ្ឋា ស្ថាបនិក Khmum eShop បានយល់ឃើញថា ក្រុមហ៊ុនដែលទទួលជោគជ័យ គឺជាក្រុមហ៊ុនដែលបានយកចិត្តទុកដាក់ខ្លាំងលើពាណិជ្ជកម្មអេឡិចត្រូនិក ឬ e-commerce។ បើតាមអ្នកស្រី រដ្ឋា e-commerce គឺជាបច្ចេកវិទ្យាដ៏មានសក្ដានុពល ជួយផ្ដល់ផលប្រយោជន៍ដល់ម្ចាស់អាជីវកម្ម និងក្រុមហ៊ុននានា នៅទូទាំងពិភពលោក។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមបណ្ដាញតេឡេក្រាម កាលពីថ្ងៃទី២០ មេសា ស្ថាបនិក Khmum eShopរូបនេះ បានសង្កត់ធ្ងន់ថា ៖«សហគ្រិនភាព ជាឧបករណ៍សម្រាប់ពង្រឹងអំណាច ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការជួយជំរុញដល់អាជីវកម្ម តាមរយៈ e-commerce បានក្លាយទៅជាផ្នែកមួយដ៏សំខាន់នៅក្នុងសង្គម មិនអាចប្រកែកបាន​»។


 អ្នកស្រី ជា រដ្ឋា ស្ថាបនិក Khmum eShop

អ្នកស្រី រដ្ឋា បានមើលឃើញទៀតថា ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩នេះ សហគ្រិន និងម្ចាស់ជំនួញផ្សេងៗ ត្រូវសម្របខ្លួនជាមួយនឹងបច្ចេកវិទ្យាថ្មីបន្តិចម្តងៗ ដើម្បីបង្វែរគ្រោះទៅជាលាភ ឬបង្វែរឧបសគ្គ ទៅជាឱកាសល្អវិញ។
 
សហគ្រាសធុនតូច និងមធ្យម(SMEs) អាជីវកម្មលក្ខណៈគ្រួសារ ភាគច្រើនចាប់យកសក្តានុពល និងអត្ថប្រយោជន៍ ពីការធ្វើទីផ្សារតាមបែបឌីជីថល ជាពិសេសការប្រើប្រាស់បណ្តាញសង្គម ដូចជា Facebook ,Instagram ,Youtube និងTelegram ឬការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយផលិតផល សេវាកម្មនៅតាមវេបសាយ និងអ៊ីម៉ែលជាដើម ដើម្បីបង្កើនប្រសិទ្ធភាព នៃការលក់ផលិតផល និងសេវាកម្ម ជាពិសេស ការទូទាត់ប្រាក់តាមបែបឌីជីថល ដែលបានផ្ដល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសទៀតផង។
 
គួរបញ្ជាក់ថា​ កម្ពុជាបានដាក់ឱ្យអនុវត្ត នូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា​ ២០២១-២០៣៥ ដើម្បីឆ្លើយតប និងដំណើរការ នៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលមានសសរស្តម្ភសំខាន់ៗ ចំនួនបី គឺពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល ដើម្បីជំរុញ និងចាប់យកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងសេដ្ឋកិច្ច និងសង្គមទាំងមូល៕ 
 

Tag:
 សហគ្រិន សហគ្រាសធុនតូច និងមធ្យម
© រក្សាសិទ្ធិដោយ thmeythmey.com