អន្តរជាតិ
លោក ពូទីន ប្រកាសជោគជ័យក្នុងការរំដោះក្រុង Mariupol
21, Apr 2022 , 5:52 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២០ ខែមេសា បានប្រកាសពីការគ្រប់គ្រងក្រុង Mariupol ហើយចាត់ទុកជាការរំដោះក្រុងបានដោយជោគជ័យ បន្ទាប់ពីកម្លាំងរុស្ស៊ីវាយប្រហារអស់រយៈពេលជាច្រើនសប្ដាហ៍។ លោក ពូទីន ក៏បានបញ្ជាឱ្យយោធារុស្ស៊ីលុបចោលគម្រោងវាយប្រហារលើរោងចក្រដែក Azovstal ក្នុងក្រុង Mariupol ដែលជាកន្លែងយោធាអ៊ុយក្រែនលាក់ខ្លួន។

 
តាមរយៈកិច្ចប្រជុំមួយនៅវិមានក្រេមឡាំង ដែលបានចាក់ផ្សាយតាមទូរទស្សន៍ លោក Sergei Shoigu រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី បានប្រាប់លោក វ្ល៉ាឌីមៀ ពូទីន ថា ក្រុង Mariupol ត្រូវបានរំដោះហើយ។ ស្របគ្នានោះ លោក ពូទីន បានចាត់ទុកថា ការរំដោះក្រុង Mariupol ជាបេសកកម្មជោគជ័យមួយរបស់កម្លាំងយោធារុស្ស៊ី។ យ៉ាងណាក៏ដោយ មេដឹកនាំរូបនេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីការពារជាតិខ្លួនលុបចោលគម្រោងវាយប្រហារលើរោងចក្រដែក Azovstal។ 
 
ក្រុងMariupol ជាក្រុងមួយស្ថិតក្នុងចំណោមក្រុងផ្សេងទៀត ដែលរុស្ស៊ីវាយប្រហារចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងមក។ មកទល់ពេលនេះ កម្លាំងយោធារុស្ស៊ី បានចូលគ្រប់គ្រងក្រុង Mariupol ដែលនៅភាគអាគ្នេយ៍ហើយ នៅឡើយតែរោងចក្រដែក Azovstal ប៉ុណ្ណោះ ដែលមានកម្លាំងយោធាអ៊ុយក្រែននៅឡើយ។ តាមការបញ្ជាក់របស់លោក Shoigu ប្រាប់លោក ពូទីន កម្លាំងអ៊ុយក្រែននៅក្នុងរោចក្រដែក មានប្រមាណ ២ពាន់នាក់។ កន្លងមក រុស្ស៊ីបានដាក់ឱសានវាទឱ្យកម្លាំងអ៊ុយក្រែនទាំងនោះ ទម្លាក់អាវុធ បើមិនចង់បាត់បង់ជីវិត ត្រឹមថ្ងៃទី២០ ខែមេសា។ 
 
«ខ្ញុំពិចារណាការវាយប្រហារលើតំបន់រោងចក្រ Azovstal មិនមែនជារឿងចាំបាច់ឡើយ»។ លោក ពូទីន បានប្រាប់លោក Shoigu បែបនេះ ដោយបន្ថែមថា លោកបញ្ជាឱ្យលុបចោលគម្រោងវាយប្រហារ។ បើតាមប្រធានាធិបតីរុស្ស៊ី យោធារុស្ស៊ី មិនតម្រូវឱ្យចូលទៅក្នុងរោងចក្រទាំងនោះឡើយ ប៉ុន្តែពួកគេ គួរតែបិទតំបន់រោងចក្រ និងហាមឃាត់មិនឱ្យមានការហោះហើរឆ្លងកាត់។
 
ក្នុងកិច្ចប្រជុំដដែលនោះ លោកពូទីន បានអំពាវនាវឱ្យយោធាអ៊ុយក្រែនក្នុងរោងចក្រដែក ទម្លាក់អាវុធចុះ ហើយរុស្ស៊ីនឹងផ្តល់ការគោរពដល់ពួកគេ រួមទាំងផ្តល់ជំនួយវេជ្ជសាស្រ្តដល់អ្នករងរបួសផង។ 
 
ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនមក អភិបាលក្រុង Mariupol បានរាយការណ៍ថា ប្រជាជនស៊ីវិលច្រើនជាង ២ម៉ឺននាក់ បានបាត់បង់ជីវិត ខណៈហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងជាច្រើន ត្រូវបានបំផ្លាញ៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com