ជាតិ
សង្គមជាតិ
បៀវត្សខែឧសភា អ្នករាជការ អាចបើកលើកទី១ ក្នុងខែមេសា
21, Apr 2022 , 9:59 pm        
រូបភាព
លោក ព្រុំ សុខា ថ្លែងក្នុងពិធីមួយ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។ រូបពីក្រសួងមុខងារសាធារណៈ
លោក ព្រុំ សុខា ថ្លែងក្នុងពិធីមួយ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។ រូបពីក្រសួងមុខងារសាធារណៈ
ដោយ៖ ទេពញាណ

បៀវត្សរ៍ក្នុងខែឧសភា មន្រ្តីរាជការស៊ីវិល អាចបើកលើកទី១ ក្នុងខែមេសា ឆ្នាំ២០២២។ នេះតាមសេចក្តីជូនដំណឹងរបស់លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ទៅកាន់បណ្តាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ។



លោក ព្រុំ សុខា ណែនាំក្នុងសេចក្តីជូនដំណឹង ដែលចេញនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ថា ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំបើកបៀវត្សលើកទី១ សម្រាប់ខែឧសភា ឲ្យបានមុនដំណាច់ខែមេសា ឆ្នាំ២០២២ ហើយការបើកលើកទី២ ត្រូវធ្វើឡើងក្នុងសប្តាហ៍ទី៣ នៃខែឧសភា ឆ្នាំ២០២២។ លោក ណែនាំទៀតថា ចំពោះការបើកបៀវត្ស សម្រាប់ខែមិថុនា ឆ្នាំ២០២២ ត្រូវអនុវត្តតាមនីវិវិធី ដែលបានកំណត់ជាធរមាន។ 
 
រដ្ឋាភិបាល យល់ឃើញថា មន្រ្តីរាជការ បានចំណាយប្រាក់ក្នុងអំឡុងចូលឆ្នាំខ្មែរ ដូច្នេះ  ដើម្បីសម្រួលជីវភាពរបស់ពួកគេ រដ្ឋាភិបាល ក៏សម្រេចអនុញ្ញាតឲ្យពួកគេ បើកបៀវត្សបានមុនកាលកំណត់។ នេះជាមូលហេតុ ដែលលោក យក់ ប៊ុនណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមុខងារសាធារណៈ បានលើកឡើងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ។
 
លោករដ្ឋលេខាធិការ ប្រាប់ថា ការបើកបៀវត្សជូនមន្រ្តីរាជការ មុនកាលកំណត់នេះ គឺធ្វើទៅតាមការណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក មានប្រសាសន៍ដូច្នេះថា៖«បើបើកដូចរាល់ដង ទាល់តែរង់ចាំដល់សប្តាហ៍ទី២ នៃខែឧសភា អ៊ីចឹង វារៀងយូរតិច។ បងប្អូនមន្រ្តីរាជការយើង ចូលឆ្នាំហើយ  គាត់អាចត្រូវការថវិកាក្នុងខែថ្មី អ៊ីចឹងបានមានការគិតគូរបើកអ៊ីចឹង»៕ 
 

Tag:
 បៀវត្ស
© រក្សាសិទ្ធិដោយ thmeythmey.com