ជាតិ
សង្គមជាតិ
ស្នងការរងខេត្តកណ្តាល ត្រូវតុលាការកោះហៅ ក្រោមការចោទប្រកាន់ថា ប្រើហិង្សាលើម្ចាស់ដី
22, Apr 2022 , 2:10 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់សាលាដំបូងខេត្តកណ្តាល
រូបពីទំព័រហ្វេសប៊ុករបស់សាលាដំបូងខេត្តកណ្តាល
ដោយ៖ ទេពញាណ

លោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវបានលោក សេង រិទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការអមតុលាការខេត្តកណ្តាល ចេញដីកាកោះហៅ ឲ្យចូលទៅបំភ្លឺ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ តាមបណ្តឹងរបស់ដើមបណ្តឹងឈ្មោះ ប៊ុន ចាន់សុទ្ធា។ យោងតាមដីកា ដែលចេញតាំងពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ដើមបណ្តឹង បានប្តឹងលោកផ្កាយ១រូបនេះ ពីបទបំភាន់មន្រ្តីសុរិយោដី និងបទប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។


 
លោក អុល ប៊ុណ្ណា ថ្លែងក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ថា លោក មិនទាន់ទទួលបានដីការបស់ព្រះរាជអាជ្ញាទេ ប៉ុន្តែ លោក អះអាងថា លោក នឹងទៅចូលបំភ្លឺតាមដីកាកោះហៅនោះ។ លោក មិនធ្វើអត្ថាធិប្បាយអ្វីផ្សេងទៀតនោះទេ ដោយលោក ប្រាប់ថា លោក បានផ្តល់ចម្លើយដល់សារព័ត៌មាន Fresh News រួចហើយ ហើយម្យ៉ាងទៀត លោក ក៏កំពុងជាប់រវល់ផងដែរ។ 
 
Fresh News បានស្រង់សម្តីរបស់លោកថា ដើមបណ្តឹងឈ្មោះ ប៊ុន ចាន់សុទ្ធា មានបំណងរំលោភយកដីគ្រួសាររបស់លោក តែដឹងខ្លួនថានឹងចាញ់ ដើមបណ្តឹងនោះ ក៏ប្ដឹងម្តាយក្មេក សាច់ញាតិខាងប្រពន្ធ រួមទាំងរូបលោកទៅកាន់តុលាការតែម្តង។ លោក និយាយជាមួយ Fresh News ថា គ្រួសាររបស់លោក នឹងឈ្នះក្តីនេះ ព្រោះមានឯកសារទិញគ្រប់គ្រាន់។
 
លោក អុល ប៊ុណ្ណា ធ្លាប់ត្រូវបានសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមានលើកទី១ ដោយសារល្មើសនឹងវិន័យរបស់កម្លាំងនគរបាលជាតិ។ ការព្រមាននេះ ធ្វើឡើងតាមរយៈប្រកាស កាលពីខែមេសា ឆ្នាំ២០២១។ ក្នុងប្រកាស សម្តេច ពុំបានបញ្ជាក់ថា លោក បានប្រព្រឹត្តអំពើខុសឆ្គងអ្វីនោះទេ ដោយគ្រាន់តែបង្ហាញថា លោក ធ្វើខុសនឹងវិន័យរបស់កងកម្លាំង។ 
 
រដ្ឋមន្រ្តីមហាផ្ទៃ បានណែនាំឲ្យលោក កែប្រែកំហុសឆ្លងឲ្យបានត្រឹមត្រូវឡើងវិញ ហើយក្នុងករណីដែលលោក នៅតែប្រព្រឹត្តផ្ទុយនឹងការណែនាំ លោក នឹងត្រូវរងចំណាត់ការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ៕  
 

Tag:
 អុល ប៊ុណ្ណា
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com