ជាតិ
សេដ្ឋកិច្ច
កម្ពុជា ជំរុញឱ្យសមាជិកអាស៊ាន ពន្លឿនការចរចាបន្ថែមទៅលើសន្ធិសញ្ញាពន្ធទ្វេភាគី
22, Apr 2022 , 8:59 pm        
រូបភាព
លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ដែលបានចូលរួមកិច្ចប្រជុំលើកទី១៤នៃក្រុមការងារវេទិកាអាស៊ានស្តីពីពន្ធដារ និងកិច្ចប្រជុំលើកទី១១នៃក្រុមការងារអនុវេទិកាអាស៊ានស្តីពីអាករពិសេស កាលពីថ្ងៃទី២០ មេសា ២០២២។ រូចថត ៖ GDT
លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ដែលបានចូលរួមកិច្ចប្រជុំលើកទី១៤នៃក្រុមការងារវេទិកាអាស៊ានស្តីពីពន្ធដារ និងកិច្ចប្រជុំលើកទី១១នៃក្រុមការងារអនុវេទិកាអាស៊ានស្តីពីអាករពិសេស កាលពីថ្ងៃទី២០ មេសា ២០២២។ រូចថត ៖ GDT
ដោយ​ ៖ ធន់ សេងហុង  
 
កម្ពុជា ជំរុញឱ្យសមាជិកអាស៊ាន ពន្លឿនការចរចាបន្ថែមទៅលើសន្ធិសញ្ញាពន្ធទ្វេភាគី ដើម្បីផ្ដល់ប្រយោជន៍ដល់វិនិយោគិន និងពលរដ្ឋ ជាពិសេសលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់។


លោកស្រី ប៊ុន នារី អគ្គនាយករង និងតំណាងឱ្យអគ្គនាយកដ្ឋានពន្ធដារ ដឹកនាំកិច្ចប្រជុំលើកទី១១ នៃក្រុមការងារអនុវេទិកាអាស៊ានស្តីពីអាករពិសេស​ បានលើកឡើងពីផលប្រយោជន៍នៃសន្ធិសញ្ញាពន្ធទ្វេភាគី ក្នុងតំបន់អាស៊ាន ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងមតិយោបល់គ្នា។ ត្រង់ចំណុចនេះ លោកស្រី ប៊ុន នារី បានលើកទឹកចិត្តដល់រដ្ឋសមាជិកអាស៊ានទាំងអស់ ដែលមិនទាន់បានបញ្ចប់បណ្តាញសន្ធិសញ្ញាពន្ធទ្វេភាគី ឱ្យពន្លឿនការចរចាបន្ថែមទៀត ។
 
«ចំពោះការបន្ធូរបន្ថយនៃការរឹតត្បិតក្នុងការធ្វើដំណើរដោយរដ្ឋនៃសមាជិកអាស៊ាន មួយចំនួនក្នុងពេលបច្ចុប្បន្ន នឹងក្លាយជាសញ្ញាល្អមួយដែលបណ្តារដ្ឋសមាជិកអាស៊ាន អាចវិលត្រលប់ទៅកាន់ការចរចាទល់មុខគ្នាបានវិញ និងអាចបញ្ចប់ការចរចាសន្ធិសញ្ញាពន្ធយ៉ាងមានប្រសិទ្ធភាព»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានស្រង់សម្តីរបស់លោកស្រី ប៊ុន នារី និងខ្លឹមសារសំខាន់ៗទៀត កាលពីថ្ងៃទី ២០ មេសា។
 
ទាក់ទងសន្ធិសញ្ញាពន្ធទ្វេភាគីនេះ លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ បានបន្ថែមថា សន្ធិសញ្ញានេះ មានគោលបំណងបង្កើនទំនាក់ទំនងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពន្ធដារ ហើយឈានទៅសម្រេចកិច្ចព្រមព្រៀង សម្រាប់លុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ។ ជាពិសេសការបន្ធូរបន្ថយពន្ធ និងការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់ការគេចវេះពន្ធឆ្លងដែន។
 
ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ដែលបានចូលរួមកិច្ចប្រជុំក្រុមការងារវេទិកាអាស៊ានដែរនោះ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី២១ មេសាថា៖« (សន្ធិសញ្ញាពន្ធទ្វេភាគី) ដើម្បីធានាថា យើងអត់អាចដំឡើងពន្ធផ្ដេសផ្ដាស ឧបមាថា យើងចង់ដំឡើងពន្ធពី២០ភាគរយ ទៅ៣០ភាគរយ ក៏អត់កើតដែរ ព្រោះយើងបានចរចាជាមួយគេហើយ …។ ដល់ពេលអ៊ីចឹង គេចង់មករកស៊ីស្រុកយើងគេហ៊ានដាក់ទុនមករកស៊ីស្រុកយើង អ៊ីចឹងអាចទាក់ទាញអ្នកវិនិយោគមក»។
 
លោក អេង រតនា បានបន្ថែមថា សន្ធិសញ្ញាពន្ធទ្វេភាគីនេះ នឹងផ្ដល់ប្រយោជន៍ច្រើនដល់អ្នកវិនិយោគ ម្ចាស់ជំនួញ និងពលរដ្ឋក្នុងតំបន់ទៅវិញទៅមក តាមរយៈការមិនយកពន្ធត្រួតស៊ីគ្នា។ ត្រង់ចំណុចនេះលោក រតនា បានព្យាយាមពន្យល់ថា នៅពេលក្រុមហ៊ុនមួយ ដែលមានមូលដ្ឋានគ្រឹះរកស៊ីនៅកម្ពុជា ហើយបានបង់ពន្ធឱ្យកម្ពុជាហើយ នោះពេលគេបោះទុនទៅរកស៊ីនៅប្រទេសថៃ គឺមិនចាំបាច់បង់ពន្ធទៀតទេ តាមរយៈសន្ធិសញ្ញាពន្ធទ្វេភាគី។ ចំណែកក្រុមហ៊ុននៅថៃ ដែលបង់ពន្ធនៅថៃហើយ មករកស៊ីនៅកម្ពុជា ក៏មិនបាច់បង់ពន្ធឱ្យកម្ពុជាដែរ។
 
«អ៊ីចឹងវាមានប្រយោជន៍ទី១ យើងបន្ធូរបន្ថយឱ្យគេ គេបន្ធូរបន្ថយយើង។ ទី២ គឺការពារការគេចពន្ធឆ្លងដែន ហើយរឿងមួយទៀត កុំឱ្យយកពន្ធត្រួតគ្នា»។ នេះបើតាមប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។
 
កន្លងមកកម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពន្ធ​ទ្វេភាគី​ជាមួយបណ្តាប្រទេសនិងតំបន់ ចំនួន ៩ ហើយ រួមមាន ៖  ប្រ៊ុយណេ ចិន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី កូរ៉េ​ខាង​ត្បូង ថៃ ​វៀតណាម និងហុងកុង ។ បច្ចុប្បន្នកម្ពុជា បានពិភាក្សាជាមួយឡាវ ពីការរៀបចំសន្ធិសញ្ញាពន្ធទ្វេភាគី នៅជុំទីមួយ តាមរយៈប្រព័ន្ធវីឌីអូ ដោយគ្រោងនឹងចុះកិច្ចព្រមព្រៀង នាពេលឆាប់ៗខាងមុខ ។ នេះបើតាមលោក រតនា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com