ជាតិ
សេដ្ឋកិច្ច
៣ខែ កម្ពុជារកចំណូលបានជាង៣ពាន់លានដុល្លារ ពីការនាំចេញផលិតផលកាត់ដេរ
23, Apr 2022 , 1:20 pm        
រូបភាព
រោងចក្រកាត់ដេរនៅកម្ពុជា។ រូបពីក្រសួងការងារនាពេលកន្លងមក
រោងចក្រកាត់ដេរនៅកម្ពុជា។ រូបពីក្រសួងការងារនាពេលកន្លងមក
ភ្នំពេញ៖ នៅត្រីមាសទី១ ក្នុងឆ្នាំ២០២២នេះ កម្ពុជារកចំណូលបានជាង៣១៥០លានដុល្លារ ពីវិស័យកាត់ដេរ ក្នុងនោះនាំចេញសម្លៀកបំពាក់ជាង២១០០លានដុល្លារ ហើយស្បែងជើងនិងផលិតធ្វើដំណើរមានជាង៨០០លានដុល្លារ។

 
ក្នុងជំនួបរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅទីស្ដីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ភាគីទាំង២ បានសម្រេចរួមគ្នាក្នុងការជំរុញវិស័យកាត់ដេរ ដើម្បីឲ្យដំណើរការផលិតនិងការនាំចេញកាន់តែរីកចម្រើន។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្មលើទំព័រហ្វេសប៊ុក។ 
 
ក្នុងជំនួបនេះ លោក គង់ សាង បានបង្ហាញថា ក្នុងត្រីមានទី១ អត្រានៃការនាំចេញផលិតផលកាត់ដេរមានការកើនឡើង គួរឲ្យកត់សម្គាល់ ពោលគឺកើនឡើង២៥ភាគរយ។ ជាមួយគ្នាដែរ ទំហំទឹកប្រាប់ក្នុងការនាំចេញមាន៣១៥៥លានដុល្លារ។ លោក គង់ សាង លើកឡើងថា ក្នុងទំហំជាង៣ពាន់លានដុល្លារនេះ មានខាងសម្លៀកបំពាក់២១៣៧លានដុល្លារ មានកំណើន២០ភាគរយបើធៀបនឹងត្រីមាសទី១នៃឆ្នាំមុន (២០២១), ផលិតផលស្បែកជើងមានចំនួន៤២១លានដុល្លារ មានកំណើន៣៣ភាគរយ ហើយផលិតផលធ្វើដំណើរនិងកាបូបមាន៤៦៨លានដុល្លារ មានកំណើន៤៦ភាគរយ។ ក្រៅពីនេះ ផលិតផលវាយនភណ្ឌផ្សេងៗទៀតមានចំនួន ១២៨លានដុល្លារ មានកំណើន១១ភាគរយ។
 
ក្នុងកិច្ចពិភាក្សា រវាង GMAC និងក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានចាត់ទុក GMAC ជាដៃគូដ៏សំខាន់របស់ក្រសួងពាណិជ្ជកម្មក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប។ លោកបន្តថា GMAC ក៏ចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដទៃទៀត ក្នុងការចរចាបើកទីផ្សារបន្ថែម ក៏ដូចជាការកសាងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកាត់ដេរ ឆ្នាំ២០២២-២០២៧ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ លើសពីនេះ គឺប្រែក្លាយវិស័យកាត់ដេរ ទៅជាឧស្សាហកម្មដែលមានចីរភាពផ្នែកបរិស្ថាន មានភាពធន់និងតម្លៃបន្ថែមច្រើន ព្រមទាំងមានភាពប្រកួតប្រជែងខ្ពស់ ក្នុងតំបន់ដ៏ដូចជាពិភពលោក។
 
រដ្ឋមន្រី្តលើកឡើងថា ក្រសួងពាណិជ្ជកម្មបានជួយសម្រួលយ៉ាងច្រើនដល់បរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈការធ្វើកំណែទម្រង់ការផ្តល់សេវាសាធារណៈ និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីក្រុមហ៊ុន និងការចុះបញ្ជីម៉ាកជាដើម។ ទន្ទឹមនឹងនេះ ក្រសួងបានដឹកនាំចរចាបើកទីផ្សារបន្ថែមទៀត រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងដៃគូសេដ្ឋកិច្ច (ATIGA, ASEAN+ និង RCEP ) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន (CCFTA) និងកម្ពុជា-កូរ៉េ (CKFTA) ។ល។  
 
ដើម្បីឲ្យវិស័យកាត់ដេរនេះ កាន់តែរីកចម្រើន រដ្ឋមន្រី្តនិងប្រធាន GMAC បានប្តេជ្ញាចិត្ត បន្តកិច្ចសហការចូលរួមអភិវឌ្ឍ និងប្រែក្លាយវិស័យវាយនភណ្ឌឲ្យក្លាយទៅជា «មជ្ឈមណ្ឌលឧត្តមភាពនៃឧស្សាហកម្មកាត់ដេរនៅអាស៊ីអាគ្នេយ៍ (Centre of Excellence of Garment Industry in South-East Asia)»៕
 

Tag:
 វិស័យកាត់ដេរ
  GMAC
© រក្សាសិទ្ធិដោយ thmeythmey.com