ជាតិ
សង្គមជាតិ
ឡាវ ស្នើកម្ពុជា សង់ស្ពានភ្ជាប់ប្រទេសទាំងពីរ ដើម្បីឲ្យទំនាក់ទំនងកាន់តែល្អប្រសើរ
23, Apr 2022 , 2:39 pm        
រូបភាព
ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយនាយករដ្ឋមន្ត្រីឡាវ នាថ្ងៃទី២៣ ខេមេសា ឆ្នាំ២០២២។ រូបភាពពី ទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន។
ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយនាយករដ្ឋមន្ត្រីឡាវ នាថ្ងៃទី២៣ ខេមេសា ឆ្នាំ២០២២។ រូបភាពពី ទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់ បានស្នើដល់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យសាងសង់ស្ពានភ្ជាប់ព្រំដែនកម្ពុជា-ឡាវ នៅចំណុចខេត្តចំប៉ាសាក់ និងចំប៉ាលើ។ បំណងនៃសំណើសាងសង់ស្ពាននេះ គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឲ្យកាន់តែជិតស្និទ្ធ។


សំណើរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវខាងលើនេះ ធ្វើឡើងនាជំនួប ជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅទីក្រុងគឹម៉ាម៉ូតូ ប្រទេសជប៉ុន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។ មេដឹកនាំកម្ពុជា-ឡាវ បានទៅចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពី បញ្ហាទឹកតំបន់អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសជប៉ុន។ មេដឹកនាំទាំង២ បានឆ្លៀតជួបគ្នា នៅមុនកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកមកដល់។ 
 
តបទៅនឹងសំណើរបស់នាយករដ្ឋមន្រ្តីឡាវ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ការសាងសង់ភ្ជាប់ប្រទេសទាំង២នេះ ជារឿងល្អបំផុត សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំង២ ឲ្យកាន់តែប្រសើរ។
 
នាជំនួបពិភាក្សាការងារខាងលើនេះ លោក ផនខាំ វីផាវ៉ាន់ បញ្ជាក់ទៀតថា លោក គ្រោងទៅទស្សនកិច្ចនៅខេត្ត២ ដែលជាប់ព្រំដែនកម្ពុជាផងដែរ ជាពិសេសខេត្តចំប៉ាសាក់ និងចំប៉ាលើ ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការខេត្តនិងខេត្ត និងបណ្ដាព្រំប្រទល់ប្រទេសទាំង២។
 
ក្រៅពីនេះ លោកនាយករដ្ឋមន្រ្តីឡាវ បានស្នើឲ្យមានការផ្លាស់ប្ដូរទស្សនកិច្ច មេបញ្ជាការកងទ័ពនៃប្រទេសទាំង២ ព្រមទាំងអញ្ជើញ លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើកគោកកម្ពុជា ទៅទស្សនកិច្ចនៅប្រទេសឡាវផងដែរ។
 
ឆ្លើយតបនឹងសំណើនេះ សម្ដេច ហ៊ុន សែន បញ្ជាក់ថា វាជារឿងល្អ ដែលថ្នាក់ដឹកនាំប្រទេសឡាវបានអញ្ជើញមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ។ សម្ដេចបន្ថែមថា ទស្សនកិច្ចនេះ ពិតជាមានសារៈសំខាន់ ក្នុងការពង្រឹងទំនាក់ទំនង រវាងកងទ័ពនៃប្រទេសទាំង២ឲ្យកាន់តែរឹងមាំបន្ថែមទៀត។
 
គួររំឭកថា កន្លងមករដ្ឋាភិបាលកម្ពុជា បានជួយរដ្ឋាភិបាលឡាវ  តាមរយៈការផ្ដល់នូវវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩, រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ រួមនឹងថវិកាមួយចំនួនទៀត​ផងដែរ ដើម្បីដោះស្រាយ និងទប់ស្កាត់ផលប៉ះពាល់ដោយសារជំងឺឆ្លងនេះ។ ចំណែកក្នុងជំនួបខាងលើនេះ សម្ដេច ហ៊ុន សែន ក៏សន្យានឹងផ្ដល់ជំនួយបន្ថែមទៀត ជាពិសេសជំនួយរថយន្តផ្នែកវេជ្ជសាស្ត្រ ដល់រដ្ឋាភិបាលឡាវ៕
 

Tag:
 ThmeyThmey
  ឡាវស្នើសង់ស្ពាន
  ហ៊ុន សែន
  រដ្ឋាភិបាលឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com