ជាតិ
​​​ន​យោ​បាយ​ជាតិ​
សង្គមស៊ីវិល៖ សកម្មជននយោបាយរងការធ្វើទុក្ខបុកម្នេញ មុនការបោះឆ្នោតឃុំ-សង្កាត់
23, Apr 2022 , 4:39 pm        
រូបភាព
លោក កន សាវាង្ស មន្រី្តខុមហ្រ្វែល(ខាងឆ្វេង) និងលោក ស៊ឹង សែនករុណា មន្រី្តអាដហុក។
លោក កន សាវាង្ស មន្រី្តខុមហ្រ្វែល(ខាងឆ្វេង) និងលោក ស៊ឹង សែនករុណា មន្រី្តអាដហុក។
ភ្នំពេញ៖ សង្គមស៊ីវិល សង្កេតឃើញថា ការធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយ កើតមានជាហូរហែ ដូចជាការចោទប្រកាន់ ចាប់ខ្លួន និងគំរាមកំហែងជាដើម អំឡុងពេលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ កាន់តែជិតមកដល់។ សង្គមស៊ីវិល ចាត់ទុកថា ភាពមិនស្មើគ្នាក្នុងការប្រកួតប្រជែងនយោបាយនេះ នឹងនាំឲ្យដំណើរការបោះឆ្នោតនៅកម្ពុជា រងការរិះគន់។

 
ស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន 
 
បេក្ខជននយោបាយនៃគណបក្សក្រៅរដ្ឋាភិបាលរងការចោទប្រកាន់ និងការចាប់ខ្លួនបន្តបន្ទាប់នៅតាមបណ្ដាខេត្តមួយចំនួន ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់។ ចំណែកខាងគណបក្សកាន់អំណាចវិញ ពុំឃើញមានរងការធ្វើទុក្ខបុកម្នេញណាកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ នេះជាការសង្កេតឃើញ របស់លោក ស៊ឹង សែនករុណា មន្រី្តស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក ហើយករណីជាក់ស្ដែង ក្នុងខេត្តពោធិ៍សាត់ បេក្ខជននៃគណបក្សភ្លើងទៀន​និងកូនប្រុសម្នាក់ដែលជាអនីតិជន ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ។ 
 
មន្ត្រីសង្គមស៊ីវិលដែលធ្វើកិច្ចការផ្នែកការឃ្លាំមើលសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយរូបនេះ យល់ថាការចោទប្រកាន់និងការចាប់ខ្លួនសកម្មជននយោបាយនាពេលកន្លង គឺជាការធ្វើទុក្ខបុកម្នេញ ជាជាងការអនុវត្តច្បាប់។ ការធ្វើទុក្ខបុកម្នេញនេះ នឹងរងការរិះគន់ពីមជ្ឈដ្ឋានជាតិ-អន្តរជាតិ នាពេលបោះឆ្នោតខាងមុខនេះ។ 
 
លោក ស៊ឹង សែនករុណា ថ្លែងក្នុងកម្មវិធីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យរបស់សំឡេងសង្គមស៊ីវិល កាលពីថ្ងៃទី១៩មេសា ឆ្នាំ២០២២ យ៉ាងដូច្នេះ ៖ «ការបោះឆ្នោតខាងមុខនេះ ខាងសហគមន៍ជាតិនិងអន្តរជាតិ គេកំពុងសម្លឹងមើលកម្ពុជាយើង ថាតើការបោះឆ្នោតហ្នឹង មានបរិយាកាសប្រកួតប្រជែងនយោបាយ​ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ​និងស្មើភាពគ្នាឬអត់»។ 
ទន្ទឹមនឹងនេះ លោកបារម្ភថា ដោយសារបរិយាកាសនយោបាយមិនអំណោយផលបែបនេះ ការបោះឆ្នោតនឹងរងការរិះគន់ពីគ្រប់ភាគីពាក់ព័ន្ធដែលកំពុងឃ្លាំមើលការបោះឆ្នោតនាពេលខាងមុខ។ ជាមួយគ្នាដែរ លោកមើលឃើញភាពប្រក្រតីជាច្រើនទៀត ដូចជាការលុបឈ្មោះ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ 


លោក កង សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិ នៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា ខុមហ្រ្វែល។ រូបពី គ.ជ.ប_

ចំណែក លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិ នៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ក៏សង្កេតឃើញស្ថានភាពនយោបាយនៅកម្ពុជា មិនមានមានប្រសើរឡើងដែរ។ លោក លើកឡើងថា ក្រោយបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ និងការកែប្រែសិទ្ធិនយោបាយមួយចំនួន រហូតមកដល់ពេលនេះ គណបក្សប្រឆាំងធំជាងគេនៅតែមិនទាន់មានសញ្ញាកកើតឡើងវិញ រួមទាំងថ្នាក់ដឹកនាំបក្សនេះនៅពុំទាន់ដោះស្រាយក្ដីក្នុងតុលាការរួចរាល់នោះទេ។ 
 
អ្វីដែលអ្នកអង្កេតការរូបនេះ បារម្ភពីស្ថានភាពនយោបាយនាពេលចុងក្រោយនេះ គឺការបដិសេធមិនឲ្យបង្កើតគណបក្សនយោបាយ ហើយរហូតដល់តុលាការចេញដីកាបង្គាប់ឲ្យនាំខ្លួនអ្នកពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារ។ លោក បញ្ជាក់ថា  បញ្ហានេះ ទើបតែឃើញមានក្នុងអាណត្តិនេះប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ សកម្មជននយោបាយមួយចំនួនត្រូវបានសមត្ថកិច្ចនិងតុលាការហៅសួរនាំកាន់តែច្រើន ហើយខ្លះទៀតរងការវាយដំដោយជនមិនស្គាល់មុខ ខណៈពួកគេបានឈរឈ្មោះជាបេក្ខជននិងចូលរួមសកម្មភាពនយោបាយ។ 
 
សិទ្ធិប្រកួតប្រជែងក្នុងការបោះឆ្នោត មានភាពស្មើគ្នាឬទេ?  
 
លើសពីការធ្វើទុក្ខបុកម្នេញ ខាងសង្គមស៊ីវិលបានមើលឃើញពីភាពមិនស្មើគ្នាជាច្រើនចំណុច នៅពេលការបោះឆ្នោតកាន់តែខិតជិតមកដល់។ បញ្ហាទាំងនេះ មានការលុបបញ្ជីឈរឈ្មោះរបស់គណបក្សនយោបាយ ការផ្ញើសារឃោសនា និងការអនុវត្តច្បាប់មាននិន្នាការនយោបាយ។ 
 
តាមការវាយតម្លៃរបស់លោក ស៊ឹង​ សែនករុណា មើលឃើញថា សិទ្ធិប្រកួតប្រែងនយោបាយគឺមិនស្មើភាព។ លោកឃើញថា ស្ថានប័នរៀបចំការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) រងការរិះគន់យ៉ាងខ្លាំងថា គ្មានឯករាជ្យភាព ព្រោះមន្រី្តជាន់ខ្ពស់នៃបក្សកាន់អំណាចជាច្រើនរូប មាននៅក្នុងនោះ។ លើសពីនេះ មន្រី្តចាប់តាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ បានប្រើប្រាស់តួនាទីខុសនិងសម្ភារៈខុស ពោលគឺយកទៅបម្រើប្រយោជន៍គណបក្សទៅវិញ។ ចំពោះសិទ្ធិក្នុងការចូលរួមការបោះឆ្នោត មកដល់ពេលនេះ ថ្នាក់ដឹកនាំនយោបាយខ្លះនៅតែជាប់បណ្ដឹង សកម្មជនខ្លះកំពុងជាប់ឃុំ ហើយនៅពេលខាងមុខនេះ អាចមានអ្នកនយោបាយប្រឈមមុខនឹងការចោទប្រកាន់ជាបន្តបន្ទាប់។  
 


 ស៊ឹង សែនករុណា មន្រី្តស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក។ រូបពី ហ្វេសប៊ុករបស់លោកករុណា
 
មន្រី្តឃ្លាំងមើលសិទ្ធិពលរដ្ឋនិងការបោះឆ្នោតរូបនេះ ថ្លែងយ៉ាងដូច្នេះថា៖ «ការឃោសនា (បោះឆ្នោត) មិនទាន់មកដល់ទេ តែយើងឃើញបុណ្យចូលឆ្នាំថ្មីៗ មានឥស្សរជនអ្នកនយោបាយមួយចំនួនបានឆ្លៀតកេងចំណេញ ផ្ញើសារពាក់ព័ន្ធនឹងរឿងនយោបាយដើម្បីទាក់ទាញទៅលើអ្នកគាំទ្រជាយុវជននិងពលរដ្ឋ ក្នុងឱកាសហ្នឹង។ វាជារឿងមួយមិនស្មើរភាពគ្នាដែរ។ ករណីបែបនេះ បើគណបក្សផ្សេងធ្វើអាចនឹងមានបញ្ហា មានការចោទប្រកាន់និងប្ដឹងផ្ដល់»។ 
 
ករណីធ្វើទុក្ខបុកម្នេញ ការចោទប្រកាន់ និងការចាប់ខ្លួន លើសកម្មជននយោបាយនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលឆ្លើយតបនឹងសង្គមស៊ីវិលវិញថា បើជនណាម្នាក់ជាសមាជិកគណបក្សនយោបាយ ត្រូវសមត្ថកិច្ចចាប់ខ្លួន ហើយបន្តនីតិវិធីទៅតុលាការ ពុំមានន័យថា ការចាប់ខ្លួននោះ គឺពាក់ព័ន្ធឬមាននិន្នាការនយោបាយនោះទេ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី២១មេសា ឆ្នាំ២០២២ លោក ស្នើឲ្យសង្គមស៊ីវិលលើកករណីឲ្យជាក់លាក់ ពិសេសពិនិត្យលើបទល្មើសដែលសមត្ថកិច្ចនិងតុលាការចោទប្រកាន់ ដើម្បីងាយស្រួលជជែកគ្នា និងដោះស្រាយ។
 
«ខ្ញុំចង់ឲ្យសង្គមស៊ីវិលឬអ្នកអង្កេតការហ្នឹង លើកករណីឲ្យចំៗ កុំលើកតែព័ត៌មានដែលមានតែនិន្នាការ គឺត្រូវលើព័ត៌មានឲ្យច្បាស់ហើយបង្ហាញការពិត ដើម្បីស្រួលយើងដោះស្រាយ»។ នេះជាការចង់បានរបស់លោក ផៃ ស៊ីផាន ហើយលោក បន្ថែមថា កន្លងមកទាំងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវរួចហើយ ឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយសម្រូលឲ្យការបោះឆ្នោតដំណើរការទៅបានដោយល្អប្រសើរ។ ចំណែក ករណីដែលសង្កេតឃើញមន្រី្តណាមួយប្រើប្រាស់ តួនាទីនិងសម្ភារៈរដ្ឋ ដើម្បីបម្រើប្រយោជន៍គណបក្ស ក៏ត្រូវរាយការណ៍ឲ្យជាក់លាក់ ដើម្បីមានសំណុំរឿងច្បាស់លាស់សម្រាប់ចាត់វិធីការផ្លូវច្បាប់។ 
 
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះថ្លែងយ៉ាងដូច្នេះថា៖ «សុំឲ្យអ្នកដែលអង្កេតឃើញទាំងនោះ មានគំនិតជាវិជ្ជាជីវៈ ប្រាប់លេខឡាន ទីតាំង ពេលវេលា ហើយករណីចោទប្រកាន់ក៏ដូចគ្នា ហើយដាក់ពាក្យបណ្ដឹងមកយើងស្រួលដោះស្រាយ»។
 
ជាមួយគ្នាដែរ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា គ.ជ.ប មានឯករាជ្យ អព្យាក្រឹតភាព មិនលម្អៀងទៅខាងណាមួយឡើយ។ លោកបញ្ជាក់ថា សមាសភាព គ.ជ.ប ទាំង៩រូប បើទោះបីជាធ្លាប់បំពេញតួនាទីជាមន្រី្តជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលឬមានអតីតភាពពីបក្សណាក៏ដោយ នីតិវិធីតម្រូវឲ្យបុគ្គលនោះ ឈប់ពាក់ព័ន្ធពីរឆ្នាំ ទើបមានសិទ្ធិចូលកាន់តួនាទី។
 
«ការលើកឡើងថា គ.ជ.ប មានភាពលម្អៀង ខ្ញុំចង់ចោទសួរទៅវិញថា លម្អៀងយ៉ាងម៉េច ព្រោះនៅក្នុងនីតិវិធីនិងបទបញ្ជាបានចែង ហើយបានអនុវត្តតាមនីតិវិធីហ្នឹងហើយ»។ នេះបើតាមលោក ហង្ស ពុទ្ធា ដោយបន្តថា ការចោទប្រកាន់ណាមួយមិនច្បាស់លាស់ ឬមានលក្ខណៈនយោបាយ គ.ជ.ប ច្រានចោលទាំងស្រុង។ 
 
ចំណែក ការរិះគន់នីតិវិធីដោះស្រាយសំណុំរឿងឈរឈ្មោះបោះឆ្នោតនាពេលថ្មីៗ លោកបកស្រាយថា បុគ្គលខ្លះគ្រាន់តែថាតាមគ្នាប៉ុណ្ណោះ។ អ្នកនាំពាក្យគ.ជ.ប រូបនេះ ពន្យល់ថា៖ «យើងដោះស្រាយតាមច្បាប់ ដើមបណ្ដឹងនិងចុងចោទក៏បានចូលរួម ហើយគ្រប់ភាគីពាក់ព័ន្ធក៏បានចូលរួម។ ការពិនិត្យនិងការសួរនាំ រកឃើញថា បុគ្គលលុបឈ្មោះនិងលុបបញ្ជីទាំងនោះ ព្រោះរកឃើញពួកគេពុំចេះអក្សរ ហើយបុគ្គលត្រូវបានគេរៀបចំឲ្យឈរឈ្មោះពិតមែន ទាំងសាមីខ្លួនមិនយល់ពីដំណើរការច្បាស់លាស់»។
 
 
យ៉ាងណាក្ដី លោក កន សាវាង្ស នៅតែមើលឃើញដូចលោក ស៊ឹង សែនករុណា  ដោយពិនិត្យទៅការដោះស្រាយសំណុំរឿងបេក្ខជនឈរឈ្មោះបោះឆ្នោត ស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប កំពុងរងការរិះគន់ពីគណបក្សនយោបាយយ៉ាងខ្លាំង។ មន្រី្តសង្គមស៊ីវិលរូបនេះ បន្តថា សិទ្ធិចូលរួមនយោបាយនិងការប្រកួតប្រជែងដោយសេរី និងយុត្តិធម៌ គឺពិតជាសំខាន់ណា។ ភាពស្មើគ្នានេះ លោកសំដៅលើការចូលរួម ការបញ្ចេញមតិ ដោយសេរី និងគ្មានការគំរាមកំហែង។ ពលរដ្ឋគ្រប់រូបមានសិទ្ធិប្រើប្រាស់សិទ្ធិនយោបាយ តាមរយៈការឈរឈ្មោះ បញ្ចេញមតិផ្នែកនយោបាយឲ្យមានការកែលម្អ រួមទាំងចូលរួមបោះឆ្នោតផ្សេងៗ ហើយគ្រប់ភាគីពាក់ព័ន្ធក៏ត្រូវមានតម្លាភាពផងដែរ។
 
«បើផ្ដល់ឲ្យពួកគាត់(ពលរដ្ឋ)ប្រើប្រាស់គឺបានជាប្រយោជន៍ក្នុងការអភិវឌ្ឍឃុំ-សង្កាត់ ស្របតាមឆន្ទៈពលរដ្ឋ បាត់អំពើពុករលួយ បក្ខពួក និងសង្គមផ្ដាច់ការផងដែរ។ នេះជារឿងសំខាន់ ក្នុងការបោះឆ្នោតដោយស្មើភាពគ្នា»។ នេះបើតាមការលើកឡើងរបស់លោក សាវាង្ស៕ 
 
 
 

Tag:
 ការបោះឆ្នោត
  សិទ្ធិនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com