ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនចិន បញ្ចប់ការសិក្សាគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់
24, Apr 2022 , 12:19 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រួមគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនកំពុងទស្សនាវីដេអូ​នៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់។
លោក ស៊ុន ចាន់ថុល រួមគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនកំពុងទស្សនាវីដេអូ​នៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់។
ភ្នំពេញ៖ ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ (CRBC)   បានបញ្ចប់​ការសិក្សា​សមិទ្ធិ​លទ្ធភាព  (Feasibilty Study) ​នៃ​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់។ ការបញ្ចប់នៃគម្រោងនេះ​ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន តំណាងឱ្យក្រុមហ៊ុន CCCC Transportation Consultants Co., Ltd តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ នាថ្ងៃទី២២មេសា។

 
គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់ នឹងធ្វើឱ្យប្រសើរឡើងនូវ ការដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្ម។ នេះបើយោងតាមក្រសួងសាធារណការនិងជញ្ជូន ដែលបានស្រង់សម្តីរបស់ លោក ស៊ុន ចាន់ថុល មកចុះផ្សាយ ដោយបញ្ជាក់ថា គម្រោងនេះក៏ធ្វើឱ្យប្រសើរឡើងនូវបណ្តាញផ្លូវទឹករបស់កម្ពុជាឱ្យមានការតភ្ជាប់គ្នា ដោយរលូន និងផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ជួយជំរុញឱ្យមានការដឹកជញ្ជូនតាមផ្លូវទឹកច្រើនជាងការដឹកជញ្ជូនតាមផ្លូវគោក ផងដែរ។  


 លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបថត៖ MPWT

រដ្ឋមន្ត្រីក្រសួងសាធារណការរូបនេះ រៀបរាប់ថា កម្ពុជាសម្បូរទៅដោយបណ្ដាញផ្លូវទឹកទន្លេ ដូចជា ទន្លេមេគង្គ បឹងទន្លេសាប ទន្លេបាសាក់ ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក ប៉ុន្តែ កម្ពុជាមិនទាន់បានទាញយកសក្កានុពលដ៏ធំធេងនៃធនធានធម្មជាតិទាំងអស់នោះមកប្រើប្រាស់ឱ្យបានក្នុងកម្រិតអតិបរមានៅឡើយទេ។ ដូច្នេះ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភាកម្មទន្លេ បាសាក់នេះ លោក ស៊ុន ចាន់ថុល សង្ឃឹមថាវានឹងធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាមានការផ្លាស់ប្ដូរជាវិជ្ជមាន។
 
បើតាមលោក ស៊ុន ចាន់ថុល គម្រោងត្រូវបញ្ចប់សិក្សាដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ រួមជាមួយក្រុមហ៊ុន CCCC Transportation Consultants៕ 
 
 

Tag:
 ភស្តុភារកម្ម
  ទន្លេបាសាក់
© រក្សាសិទ្ធិដោយ thmeythmey.com