ជាតិ
សេដ្ឋកិច្ច
លោក ស៊ុន ចាន់ថុល៖ បើក្រុមហ៊ុនធ្វើផ្លូវជាតិលេខ២និង២២ គ្មានគុណភាព ខ្ញុំមិនទទួលយកទេ
24, Apr 2022 , 5:19 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន កំពុងថ្លែងកាន់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសចុះត្រួតពិនិត្យការងារនៃគម្រោងសាងសង់នៃគម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ និង២២ នៅថ្ងៃទី២៣មេសា។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន កំពុងថ្លែងកាន់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសចុះត្រួតពិនិត្យការងារនៃគម្រោងសាងសង់នៃគម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ និង២២ នៅថ្ងៃទី២៣មេសា។
ខណៈការសាងសង់ផ្លូវជាតិលេខ២និង២២ សម្រេចបានជាង៧៦ភាគរយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី-រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ទាមទារឱ្យក្រុមហ៊ុនរបស់កូរ៉េខាងត្បូង សាងសង់ ផ្លូវទាំងនោះឱ្យមានគុណភាព។ លោក បានអះអាងថា​ បើក្រុមហ៊ុនធ្វើផ្លូវគ្មានគុណភាពដូចអ្វីដែលចែងក្នុងកិច្ចសន្យា លោកមិនទទួលយកផ្លូវទាំងនោះឡើយ។ 

 
ផ្លូវជាតិលេខ២និងលេខ២២​ ដែលកំពុងសាងសង់ដោយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd របស់កូរ៉េខាងត្បូង ភាគច្រើននៃផ្លូវទាំងនោះ គឺមិនមានគុណភាពស្របតាមស្តង់ដារបច្ចេកទេសឡើយ។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ក្នុងឱកាសចុះត្រួតពិនិត្យការងារនៃគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ និង២២ នៅថ្ងៃទី២៣មេសា។
 


 ផ្លូវជាតិលេខដែលក្រុមហ៊ុនHasan របស់កូរ៉េខាងត្បូង កំពុងសាងសង់។ រូបថត៖ MPWT

«យើងខ្ញុំបានចុះវាយគ្រឹះសាកល្បងច្រើនកន្លែងណាស់​ដោយកន្លែងខ្លះ [នៃផ្លូវ] ក៏ជាប់។ [តែ] ភាគច្រើនគឺធ្លាក់ទាំងអស់ ក្រោមស្តង់ដាររបស់ក្រសួងសាធារណការនិងដឹកជញ្ជូន»។ លោក ស៊ុន ចាន់ថុល បានថ្លែងបែបនេះទៅកាន់ក្រុមអ្នកសារព័ត៌មាន ដោយសង្កត់ធ្ងន់ថា៖ «ខ្ញុំបានបញ្ជាឱ្យក្រុមការងារយើងខ្ញុំ ចាប់ផ្តើមវាយ [គ្រឹះនៃផ្លូវនេះ] ឡើងវិញទាំងអស់ តាំងពីដើមទីរហូតដល់ចុងទី​ ដើម្បីធ្វើបទបង្ហាញជូនទៅក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស ក៏ដូចក្រុមហ៊ុនសាងសង់ ថាយើងខ្ញុំទទួលមិនបាននូវគុណភាពរបស់ផ្លូវ ដែលអ្នកសាងសង់មកឱ្យយើងខ្ញុំឡើយ»។ 
 
សូមស្តាប់សំឡេងរបស់លោក ស៊ុន ចាន់ថុល​ខាងក្រោម៖ 


 
ជាទូទៅគុណភាពនៃផ្លូវដែលមានស្តង់ដារ គឺស្ថិតនៅក្នុងកម្រិត៤៣០ ប៉ុន្តែ​ចំពោះផ្លូវជាតិលេខ២និង២២នេះ មានកម្រិតត្រឹមពី៤២០ទៅ៣៤០ប៉ុណ្ណោះ ឬមានកម្រិតក្រោមនេះ។ បើតាមលោក ស៊ុន ចាន់ថុល ផ្លូវដែលធ្វើឡើងគ្មានគុណភាពតាមស្តង់ដារបែបនេះ វានឹងធ្វើឱ្យផ្លូវទាំងនោះឆាប់ខូច ដោយផ្លូវលេចចេញជារូបរាងបែបស្រកានាគ និងចេញជាផ្លូវសម្បុកមាន់...ជាដើម​។ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹងជញ្ជូនរូបនេះ បានអះអាងថា ៖ « បើផ្លូវនេះគ្មានគុណភាពតាមស្តង់ដារ គឺយើងខ្ញុំមិនទទួលទេ»។ 
 
ការសម្រេចចិត្តវាយគ្រឹះនៃផ្លូវជាតិលេខ២និង២២ទាំងអស់ឡើងវិញនេះ គឺដើម្បីធ្វើផ្លូវមួយឱ្យមានគុណភាព ដោយអាចឱ្យពលរដ្ឋប្រើប្រាស់ផ្លូវបានក្នុងរយៈពេលយូរអង្វែង។ ការសម្រេចធ្វើបែបនេះរបស់លោក ស៊ុន ចាន់ថុល ក៏ដើម្បីព្រមានដល់ក្រុមហ៊ុនផ្សេងៗទៀត ឱ្យសាងសង់ផ្លូវមានគុណភាពតាមស្តង់ដារ​ដែលបានចចារជាមួយក្រសួងក្រសួងសាធារណការ  ដោយកុំធ្វើឱ្យរួចតែពីដៃ។ លោក​ បន្តនិយាយដូច្នេះ​៖ «យើងខ្ញុំចាយលុយច្រើនណាស់លើផ្លូវនេះ។ ជាង៥០លានដុល្លារអាម៉េរិក ជាថវិកាកម្ចីពីកូរ៉េឱ្យសាងសង់ផ្លូវឱ្យល្អជូនពលរដ្ឋខ្មែរអាចប្រើបាន១០ឆ្នាំទៅ១៥ឆ្នាំ ដែលជាប្រភេទផ្លូវAC។ ប៉ុន្តែមិនទាន់បានប្រើផង យើងវាយតម្លៃគឺធ្លាក់ទៅហើយ[នៃគុណភាពផ្លូវនេះ]។​
 


លោក ស៊ុន ចាន់ថុល និងក្រុមបច្ចេកទេសកំពុងពិនិត្យកម្រិតគុណភាពផ្លូវ នាថ្ងៃទីទី២៣មេសា។ រូបថត៖ MPWT 

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដែលមានប្រវែងជាង៧២គីឡូម៉ែត្រនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១កុម្ភៈ ឆ្នាំ២០២០។ តាមផែនការ ផ្លូវនេះត្រូវបញ្ចប់ការសាងសង់នៅអំឡុងខែមេសា ឆ្នាំ២០២២ ប៉ុន្តែបច្ចុប្បន្នការធ្វើផ្លូវនេះ គឺសម្រេចបានក្នុងរង្វង់ត្រឹម ៧៦ភាគរយប៉ុណ្ណោះ។ ដើម្បីសម្រេចនូវសមិទ្ធផលនេះ លោក ស៊ុន ចាន់ថុល បានទុកពេលឱ្យក្រុមហ៊ុន៤ខែទៀត ដើម្បីបញ្ចប់ការសាងសង់របស់ខ្លួន។  
 
«យើងមានការពន្យារឱ្យក្រុមហ៊ុន៤ខែ​ដើម្បីបញ្ចប់ការសាងសង់ផ្លូវ។ ប៉ុន្តែយើងចាំមើលក្នុងរយៈពេល៤ខែនេះ តើ[ក្រុមហ៊ុន]ធ្វើបានឬមិនបាន? បើធ្វើបាន គឺធ្វើបានតាមស្តង់ដារ ឬធ្វើបានឱ្យរួចពីដៃ? បើធ្វើឱ្យរួចតែពីដៃ នៅខែសីហាខាងមុខនេះ យើងខ្ញុំក៏មិនទទួលបានដែរ»។​ នេះជាការរៀបរាប់របស់លោក ស៊ុន ចាន់ថុល ដោយបន្ថែមថា៖​ «យល់ល្អក្រុមហ៊ុនមកអង្គុយពិភាក្សាគ្នាជាមួយអ្នកបច្ចេកទេស​របស់ក្រសួងសាធារណការនិងដឹកជញ្ជូន និងជាមួយក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស​ ដើម្បីកែផ្លូវម្តងឱ្យហើយ​ កុំឱ្យកែពីរ-បីម្តងនៃផ្លូវនេះ»៕ 
 
 

Tag:
 សាធារណការ
  លោក ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com