ជាតិ
ពីនេះ ពីនោះ
WCS បានរៀបចំការបង្ហាញសម្លៀកបំពាក់កែច្នៃឡើងវិញ ដើម្បីអបអរទិវាភពផែនដី
25, Apr 2022 , 8:29 am        
រូបភាព
រូបភាពផ្ដល់ដោយ អង្គការ WCS។
រូបភាពផ្ដល់ដោយ អង្គការ WCS។
ភ្នំពេញ៖ គម្រោង «ទន្លេសាបយើង» ក្រោមការដឹកនាំ របស់អង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS) បានរៀបចំកម្មវិធី ដើម្បីអបអរទិវាភពផែនដី ក្រោមប្រធានបទ «វិនិយោគលើភពផែនដី វិនិយោគលើទន្លេសាប»។ កម្មវិធីនេះ ​ប្រព្រឹត្តទៅនៅម៉ោង ៤រសៀល នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅ Friends Future Factory។



កម្មវិធីនេះ ​មានការដាក់តាំងបង្ហាញនូវផលិតផល ដែលបង្កើតឡើងដោយពលរដ្ឋក្នុងតំបន់ជុំវិញបឹងទន្លេសាប និងផលិតផលខ្មែរ ពិព័រណ៍រូបថតប្រភេទសត្វជិតផុតពូជមួយចំនួនដែលមានវត្តមាននៅជុំវិញបឹងទន្លេសាប និងការបង្ហាញសម្លៀកបំពាក់កែច្នៃឡើងវិញ របស់ក្រុមឡាឈូក។ សម្លៀកបំពាក់ផលិតពីវត្ថុធាតុកែច្នៃទាំងនោះ សុទ្ធតែបង្ហាញពីសត្វស្លាបទឹក និងត្រី ដែលជិតផុតពូជ ដែលមានវត្តមាននៅជុំវិញបឹងទន្លេសាប។
 
អ្នកស្រី ហ៊ូ ហេមមុនីន្ទ ប្រាប់សារព័ត៌មាន ThmeyThmey25​ តាមតេឡេក្រាមថា កម្មវិធីខាងលើនេះ បង្កើតឡើងក្នុងគោលបំណង បញ្ជ្រាបការយល់ដឹងដល់យុវជន អំពីគម្រោង «ទន្លេសាបយើង» និងបញ្ហាដែលកំពុងប្រឈម នៅបឹងទន្លេសាប។ អ្នកស្រី បន្ថែមដូច្នេះ៖«ម្យ៉ាងក៏ចង់ដាស់តឿន ឱ្យយុវជនមានការចូលរួម។ ហើយការស្ដារបឹងទន្លេសាបអាចសម្រេចបាន ទាល់តែមានការចូលរួមពីអ្នកទាំងអស់គ្នា ជាពិសេសយុវជន»។
 
គួរជម្រាបផងដែរថា គម្រោង«ទន្លេសាបយើង» ជាគម្រោង ដែលជួយបង្កើតនូវភាពធន់នឹងបម្រែបម្រួលបរិស្ថាន ដែលកំពុងកើតមាននៅក្នុងសហគមន៍ ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ នៅក្នុងតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប។ គម្រោងនេះមានរយៈពេល៤ឆ្នាំ (២០២១ ដល់ ២០២៤) ដែលអនុវត្តដោយអង្គការ​ WCS និងដៃគូចំនួន៧ផ្សេងទៀត ក្រោមជំនួយឧបត្ថម្ភថវិកាពីសហភាពអឺរ៉ុប៕
 

Tag:
 ThmeyThmey25
  បរិស្ថាន
  ទន្លេសាបយើង
  WCS
© រក្សាសិទ្ធិដោយ thmeythmey.com