ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃបង្គាប់៖ ត្រូវរកឲ្យឃើញមូលហេតុ ដែលនាំឲ្យមានការធ្វើអត្តឃាតកាន់តែច្រើន ដើម្បីដោះស្រាយ
25, Apr 2022 , 11:39 am        
រូបភាព
សម្តេច ស ខេង ចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារនៅវត្តមុនីរតនប្បភា កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។
សម្តេច ស ខេង ចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារនៅវត្តមុនីរតនប្បភា កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។
ដោយ៖ ទេពញាណ 
 
តាមរយៈការតាមដានព័ត៌មានសង្គម បូករួមទាំងការទទួលបានរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមើលឃើញទិដ្ឋភាពជារួមថា ករណីធ្វើអត្តឃាតនៅកម្ពុជា មានកាន់តែច្រើន ដែលជាបញ្ហា គួរឲ្យបារម្ភមួយ។ ជាការកត់សម្គាល់របស់សម្តេច ភាគច្រើននៃអ្នកសម្លាប់ខ្លួនទាំងនោះទៀតសោត គឺជាក្មេងៗ។



រដ្ឋមន្រ្តីមហាផ្ទៃ ថ្លែងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ នៅវត្តមុនីរតនប្បភា ហៅវត្តថ្មី ស្ថិតនៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ យ៉ាងដូច្នេះថា៖«យើងចាំបាច់ ត្រូវស្រាវជ្រាវរកមូលហេតុឲ្យបានច្បាស់ ដើម្បីដោះស្រាយ។ បើថាមានបញ្ហាអីតិចលោតទឹកសម្លាប់ខ្លួន មានបញ្ហាអីតិចបាញ់ខ្លួនឯង មានបញ្ហាអីតិចចងក ឧទាហរណ៍អ៊ីចឹង យើងមានការសោកស្តាយ»។ 
 
ដ្បិតមិនទាន់ដឹងមូលហេតុច្បាស់លាស់តាមរយៈការសិក្សាស្រាវលម្អិតពីមន្រ្តីជំនាញ តែសម្តេចរដ្ឋមន្រ្តី សន្និដ្ឋានជាទូទៅថា អ្នកដែលធ្វើអត្តឃាតទាំងនោះ គឺដោយសារមានវិបត្តិអ្វីមួយជាក់ជាមិនខាន។ សម្តេច ធ្លាប់ឮការសន្និដ្ឋានពីមជ្ឈដ្ឋានខ្លះថា ការប្រើប្រាស់គ្រឿងញៀន ជាមូលហេតុមួយ ដែលបណ្តាលឲ្យមានការធ្វើអត្តឃាត។

លោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សាយោបល់ និងអ្នកចិត្តវិទ្យានៅកម្ពុជា (Cambodia Association For Counsellors & Psychologists) លើកមូលហេតុមួយចំនួន រួមមាន ការប៉ះទង្គិចផ្លូវចិត្តតជំនាន់ ជំងឺបាក់ទឹកចិត្ត ជំងឺថប់អារម្មណ៍ និង ជំងឺបាក់ស្បាត ជាដើម ដែលនាំឲ្យប្រជាពលរដ្ឋកម្ពុជា ពិសេសយុវជន មានសេចក្តីអស់សង្ឃឹមក្នុងជីវិត ហើយបានជំរុញឲ្យពួកគេ ឈានទៅសម្រេចចិត្តធ្វើអត្តឃាត។ ចំពោះការប៉ះទង្គិចផ្លូវចិត្តតជំនាន់ លោក ពន្យល់ថា ឪពុកម្តាយ ឬអាណាព្យាបាលខ្លះ មានជំងឺផ្លូវចិត្ត ហើយជំងឺផ្លូវចិត្តនោះ ត្រូវបានផ្ទេរទៅដល់កូនៗ តាមរយៈការប្រើហិង្សា ការស្តីបន្ទោស ភាពច្រងេងច្រងាង ភាពមួមៅ និងភាពអស់សង្ឃឹមរបស់ពួកគាត់ ។ល។

លោក បន្តថា ទន្ទឹមនឹងនេះ នៅកម្ពុជា សេវាសុខាភិបាល ដែលគាំទ្រផ្នែកផ្លូវចិត្ត នៅមានកម្រិតទាប ហើយការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីបញ្ហាផ្លូវចិត្ត នៅមានកម្រិតខ្សោយ។ លោក បន្ថែមថា ការមិនមានការគាំទ្រពីរចនាសម្ព័ន្ធសង្គម ដែលលោក សំដៅលើសេវាគាំទ្រផ្នែកផ្លូវចិត្តរបស់រដ្ឋាភិបាល នៅមានកម្រិតខ្សោយ រួមទាំងការប៉ះទង្គិចផ្លូវចិត្តតជំនាន់ បានធ្វើឲ្យឱកាសដែលយុវជន វិវត្តទៅរកភាពធ្ងន់ធ្ងរផ្លូវចិត្ត មានកាន់តែច្រើន ហើយក៏ជាមូលហេតុមួយ ធ្វើឲ្យពួកគេ ប្រឈមនឹងការបញ្ចប់ជីវិតខ្លួនឯង។

អ្នកចិត្តវិទ្យារូបនេះ បញ្ជាក់ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ ថា៖«មិនមានអីជាការឆ្ងល់ទេ ដែលមនុស្សគិតទៅលើការធ្វើអត្តឃាត។ ពេល គាត់ប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត កម្រិតនៃការអស់សង្ឃឹមរបស់គាត់ខ្ពស់ណាស់ ហើយបូករួមទាំងពុំមានសេវាគាំទ្រផ្នែកសុខភាពផ្លូវចិត្តផង ធ្វើឲ្យភាពអស់សង្ឃឹមរបស់គាត់ ធ្លាក់ចុះកាន់តែខ្លាំង។ អាហ្នឹងជាផ្នែកមួយ ដែលកើតឡើងចំពោះគាត់»។

អ្នកជំនាញចិត្តវិទ្យាខាងលើ ធ្លាប់ទទួលបានរបាយការណ៍តាមរយៈការចូលរួមសិក្ខាសាលានានារបស់ស្ថាប័នរដ្ឋាភិបាល ពិសេសក្រសួងសុខាភិបាល ដែលបង្ហាញថា ប្រជាពលរដ្ឋកម្ពុជា មានប្រហែល១០ភាគរយ បានទទួលសេវាគាំទ្រផ្នែកផ្លូវចិត្ត។ ប៉ុន្តែលោក អះអាងថា តាមការស្រាវជ្រាវរបស់អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋកម្ពុជា មានតែប្រហែល២ភាគប៉ុណ្ណោះ ដែលទទួលបានសេវាគាំទ្រផ្នែកផ្លូវចិត្ត។ 
 
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលចុះផ្សាយដោយកាសែតភ្នំពេញប៉ុស្តិ៍នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងត្រីមាសទី១នៃឆ្នាំ២០២២ (ពីខែមករា ដល់ខែមីនា) ការធ្វើអត្តឃាតនៅកម្ពុជា មានដល់ទៅ២៤៧ករណី ដោយក្នុងនោះ ២៤២នាក់ បានបាត់បង់ជីវិត និង៥នាក់ គ្រាន់តែរងរបួស។ បើតាមរបាយការណ៍ដដែល លើកលែងតែខេត្តកែប និងខេត្តប៉ៃលិន ការធ្វើអត្តឃាតទាំង២៤៧ករណីនេះ បានកើតឡើងនៅគ្រប់រាជធានី-ខេត្ត៕ 
 
 

Tag:
 ស ខេង
  ករណីធ្វើអត្តឃាត
© រក្សាសិទ្ធិដោយ thmeythmey.com