ជាតិ
អន្តរជាតិ
សំឡេងគាំទ្រពីពលរដ្ឋបារាំងនៅកម្ពុជា៖ ៧៥,៥៦ភាគរយបោះឲ្យលោក ម៉ាក្រុង
25, Apr 2022 , 12:14 pm        
រូបភាព
ដោយ: រួបរួម
កាលពីថ្ងៃទី២៤ ខែមេសា ពលរដ្ឋបារាំងដែលរស់នៅកម្ពុជា បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ខ្លួន។ ក្នុងចំណោមសំឡេងគាំទ្រ មាន៧៥,៥៦ភាគរយ បោះឲ្យលោក អេម៉ានុយអែល ម៉ាក្រុង និង២៤,៤៤ភាគរយ បោះឲ្យលោកស្រី ម៉ារីន ឡឺប៉ែន។



Le Petit Journal Cambodge ដែលជាដៃគូផ្សព្វផ្សាយភាសាបារាំងរបស់សារព័ត៌មានថ្មីៗ បានបង្ហាញតួលេខឲ្យដឹងថា ពលរដ្ឋបារាំងនៅកម្ពុជាចំនួន៣០៨៩នាក់ បានចុះឈ្មោះបោះឆ្នោតសម្រាប់ជុំទីពីរ ដែលក្នុងនោះមានតែ១១៨៥នាក់ ប៉ុណ្ណោះដែលបានបោះ។

ក្នុងចំណោម១១៨៥ មាន៦០សន្លឹកជាសន្លឹកមិនត្រូវបានរាប់បញ្ចូលឡើយ ដោយ៤៨សន្លឹកគ្មានគំនូសសញ្ញាអ្វីទាំងអស់ (Vote Blanc) និង១២សន្លឹកមិនបានការ (Vote Nul)។ ដូច្នេះក្នុងចំណោម ១១២៥សំឡេង មាន៨៥០សំឡេង (៧៥,៥៦ភាគរយ) សម្រាប់ម៉ាក្រុង និង ២៧៥សំឡេង (២៤,៤៤ភាគរយ) សម្រាប់ ឡឺប៉ែន។

អត្ថបទទាក់ទង


ពលរដ្ឋបារាំងនៅកម្ពុជា បង្ហាញការគាំទ្រយ៉ាងច្រើនទៅលើលោក ម៉ាក្រុង ឲ្យបន្តអណត្តិទីពីររបស់ខ្លួន ប៉ុន្តែភាគរយគឺមានចំនួនតិចជាងកាលពីពេលបោះឆ្នោតនៅឆ្នាំ២០១៧។

បើទិន្នន័យដែលបង្ហាញដោយ Le Petit Journal អត្រាពលរដ្ឋបារាំងដែលមិនអើពើនឹងការបោះឆ្នោតមានការកើនឡើង។ តួលេខអ្នកចូលរួមបោះមានតែ៣៨,៣២ភាគរយ រីឯកាលពីការបោះឆ្នោតនាជុំទីមួយ មាន៣៦,១៩ភាគរយ។

កាលពីជុំទីមួយ សន្លឹកឆ្នោតដែលចាត់ទុកជាបានការមានចំនួន១១០០ក្នុងចំណោមអ្នកបោះចំនួន១១១៩នាក់។ លោកស្រី ម៉ារីន ឡឺប៉ែន ទទួលបានសំឡេងគាំទ្រតែ៥៧ (៥,១៨ភាគរយ) ប៉ុណ្ណោះពីពលរដ្ឋខ្លួននៅកម្ពុជា ខណៈលោក Jean-Luc Melenchon ជាប់ចំណាត់ថ្នាក់លេខ២ ដោយទទួលបានសំឡេងគាំទ្រ២៧៧សំឡេង (២៥,១៨ភាគរយ) បន្ទាប់ពីលោក អេម៉ានុយអែល ម៉ាក្រុង ដែលមាន៣៧៣សំឡេង (៣៣,៩ភាគរយ)។

សម្រាប់ជុំទីពីរ ការបោះឆ្នោតដោយគ្មានគំនូសអ្វីសោះ (Vote Blanc) មានការកើនឡើងគុណជាបួន បើប្រៀបធៀបទៅនឹងជុំទីមួយ ដោយសារអ្នកបោះឆ្នោតពិបាកសម្រេចរើសយករវាងបេក្ខភាពពីរនាក់ចុងក្រោយ។

កាលពី៥ឆ្នាំមុន សំឡេងគាំទ្ររបស់ពលរដ្ឋបារាំងនៅកម្ពុជាសម្រាប់លោក ម៉ាក្រុង មានដល់ទៅ៨១,១២ភាគរយ  ខណៈលោកស្រី ឡឺប៉ែន ដែលគូប្រជែងដដែលនោះ ទទួលបានត្រឹមតែ១៨,៨៨ភាគរយ៕



© រក្សាសិទ្ធិដោយ thmeythmey.com