ជាតិ
សង្គមជាតិ
សង្គមស៊ីវិល បង្សុកូលជូនវិញ្ញាណក្ខន្ធលោក ឈុត វុទ្ធី ក្នុងខួប១០ឆ្នាំ
25, Apr 2022 , 2:08 pm        
រូបភាព
ផ្ទាំងរូបលោក ឈុត វុទ្ធី អ្នកការពារព្រៃឈើ និងរូបសំណាកលោក កែម ឡី អ្នកសិក្សាការអភិវឌ្ឍសង្គម ត្រូវបានដាក់តាំងក្នុងពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធលោកទាំងពីរ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ រូបពីគណនីហ្វេសប៊ុក Mala San
ផ្ទាំងរូបលោក ឈុត វុទ្ធី អ្នកការពារព្រៃឈើ និងរូបសំណាកលោក កែម ឡី អ្នកសិក្សាការអភិវឌ្ឍសង្គម ត្រូវបានដាក់តាំងក្នុងពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធលោកទាំងពីរ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ រូបពីគណនីហ្វេសប៊ុក Mala San
ដោយ៖ ទេពញាណ

ក្រុមអង្គការសង្គមស៊ីវិល រួមគ្នាធ្វើពិធីបង្សុកូលឧទ្ទិសបុណ្យកុសលជូនវិញ្ញាណក្ខន្ធលោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើដ៏ល្បីល្បាញនៅកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ ពិធីបង្សុកូលនេះ ត្រូវបានធ្វើឡើងមុនមួយថ្ងៃនៃខួប១០ឆ្នាំនៃការបាញ់សម្លាប់លោក ដែលនឹងមកដល់នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។



តាមរយៈសេចក្តីប្រកាសព័ត៌មានស្តីពីកម្មវិធីបង្សុកូលជូនវិញ្ញាណក្ខន្ធលោក ឈុត វុទ្ធី ក្រុមអង្គការសង្គមស៊ីវិល ប្រកាសជាថ្មីថា ពួកគេ នៅតែបន្តទាមទាររកយុត្តិធម៌ជូនលោក។ ពិធីបង្សុកូល ប្រព្រឹត្តទៅនៅការិយាល័យផ្ទះសាមគ្គី ដែលស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមអង្គការសង្គមស៊ីវិល ដែលរួមគ្នារៀបចំធ្វើពិធីបង្សុកូលជូនលោក ឈុត វុទ្ធី រួមមាន អង្គការលីកាដូ សមាគមអាដហុក និង សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ជាដើម។ ក្រោយចប់ពិធីបង្សុកូល មន្រ្តីសង្គមស៊ីវិលមួយចំនួន បានឡើងបញ្ចេញមតិ។

អ្នកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា៖«ក្នុងថ្ងៃនេះ ក្រុមអង្គការសង្គមស៊ីវិល ជឿជាក់ថា សហគមន៍នៅតាមមូលដ្ឋាន នៅតែចងចាំ ពិភពលោក នៅតែចងចាំ។ មកដល់១០ឆ្នាំនេះ ឃាតកម្មលើលោក ឈុត វុទ្ធី គឺយើង មិនទាន់ទទួលបានការពិតនៅឡើយ»។

លោក នី សុខា ប្រធានសមាគមអាដហុក៖«លោក ឈុត វុទ្ធី រហូតមកដល់ពេលនេះ ទំហំនៃការលះបង់របស់គាត់ តើគាត់ សេសសល់អី? គឺអត់មានទេ មានតែធ្វើការងារជាសកម្មជនសិទ្ធិមនុស្សក្តី សកម្មជនបរិស្ថានក្តី គឺជាការលះបង់សុទ្ធសាធ គាត់ អត់មានសេសសល់អីទេ...»។

លោក ឈុន វុទ្ធី ដែលត្រូវគេចាត់ទុកជាវីរជនការពារព្រៃឈើ បានបាត់បង់ជីវិត ដោយសារការលួចបាញ់ប្រហារពីខ្មាន់កំាភ្លើង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ក្នុងទឹកដីខេត្តកោះកុង៕

Tag:
 ឈុត វុទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com