កីឡាអន្តរជាតិ
រថយន្ត
F1៖ Verstappen បន្តឈ្នះជាលើកទីពីរ ខណៈ Hamilton មិនទាន់ស្គាល់ជ័យជម្នះ
25, Apr 2022 , 7:29 pm        
រូបភាព
ម្ចាស់ការពារតំណែងជើងឯក Mark Verstappen បន្តឈ្នះការប្រណាំងរថយន្ត លំដាប់ពិភព លោក Formula One ជាលើកទី២ ចំណោមការប្រណាំង៤លើករដូវកាលឆ្នាំ២០២២ នៅកម្មវិធី Emilia Romagna Grand Prix ក្នុងប្រទេសអ៊ីតាលី។ ម្ចាស់ជើងឯក៧សម័យ Lewis Hamilton នៅបន្ទាន់ស្គាល់ជ័យជម្នះនៅឡើយ។

 
នាការប្រណាំងនៅទីលានទី៤ ថ្ងៃទី២៤ ខែមេសា Verstappen ដែលបើកបរឱ្យក្រុម Red Bull បានទៅដល់ទីមុនគេដោយប្រើថេរវេលា១ម៉ោង ៣២នាទី និង៧វិនាទី។ មិត្តរួមក្រុម Red Bull កីឡាករ Sergio Perez បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ខណៈ Lando Norris របស់ក្រុម McLaren Mercedes ទទួលបានចំណាត់ថ្នាក់ទី៣។
 
ឆ្លងកាត់ការប្រណាំង៤លើក នៅឆ្នាំ២០២២ Verstappen អ្នកប្រណាំងសញ្ជាតិហូឡង់ និងជាម្ចាស់ការពារតំណែងជើងឯក ទទួលបានជ័យជម្នះពីរលើក ក្នុងជំនួបទី២ និងទី៤នេះ ខណៈ Charles Leclerc របស់ក្រុម Ferrari ឈ្នះពីរប្រកួតដូចគ្នា។
 
ដោយឡែកកំពូលអ្នកប្រណាំង F1 និងជាម្ចាស់ជើងឯក៧សម័យ Hamilton មិនទាន់រកបានជ័យជម្នះនៅឡើយទេ។ ក្នុងចំណោមការប្រណាំង៤លើក អ្នកប្រណាំងអង់គ្លេសដែលបើកបរឱ្យក្រុម Mercedes ធ្វើបានល្អបំផុតនៅជំនួបបើកឆាកដោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣។
 
Leclerc ឈរកំពូលតារាង F1 ក្រោយការប្រណាំង៤លើកដោយរកបាន៨៦ពិន្ទុ តាមពីក្រោយដោយ Verstappen មាន៥៩ពិន្ទុ។ Perez នៅចំណាត់ថ្នាក់ទី៣មាន៥៤ពិន្ទុ ខណៈ George Russell ឈរលេខ៤រកបាន៤៩ពិន្ទុ។ Hamilton នៅលេខ៧ មាន៣៨ពិន្ទុ។
សម្រាប់ផ្នែកគ្រឿងម៉ាស៊ីនវិញ Ferrari នាំមុខគេមាន១២៤ពិន្ទុ ដេញពីក្រោយដោយ Red Bull ១១៣ពិន្ទុ និងលេខ៣ Mercedes រកបាន៧៧ពិន្ទុ៕
 

Tag:
 Formula One
© រក្សាសិទ្ធិដោយ thmeythmey.com