កីឡាអន្តរជាតិ
អន្តរជាតិ
លោក Takayuki Nishigaya អតីតកីឡាករ J-League តែងតាំងជាគ្រូបង្វឹកក្រុមសិង្ហបុរី
26, Apr 2022 , 1:59 pm        
រូបភាព
សហព័ន្ធបាល់ទាត់សិង្ហបុរី (FAS) ថ្ងៃទី២៥ ខែមេសា បានប្រកាសតែងតាំងគ្រូបង្វឹកក្រុមជម្រើសជាតិថ្មី គឺលោក Takayuki Nishigaya ដែលជាអតីតកីឡាករអាជីពនៅលីគកំពូលជប៉ុន J-League។



គ្រូបង្វឹកថ្មីដែលមកពីទីក្រុង Shizuoka មួយនៅតំបន់ឆ្នេរភាគខាងត្បូងនៃប្រទេសជប៉ុន មានវ័យ៤៩ឆ្នាំ នឹងមកជំនួសតំណែងលោក Tatsuma Yoshida។ Nishigaya នឹងចូលមកដឹកនាំក្រុមតោកំណាចសិង្ហបុរីជាផ្លូវការ ចាប់ពីខែឧសភាខាងមុខតទៅ ក្រោយបំពេញឯកសារ ក្នុងការធ្វើដំណើរទៅប្រទេសសិង្ហបុរីរួចរាល់។
 
លោក Tatsuma Yoshida ត្រូវផុតកិច្ចសន្យាជាមួយក្រុមជម្រើសជាតិសិង្ហបុរី នៅខែធ្នូ ចុងឆ្នាំ២០២២ នេះ ប៉ុន្តែដោយសារតែបញ្ហាផ្ទាល់ខ្លួននឹងគ្រួសារ បានជំរុញឱ្យលោក Yoshida ដែលដឹកនាំក្រុមបានរយៈពេល ២ឆ្នាំកន្លះមកនេះ ស្នើសុំលាលែងពីតំណែងមុនការកំណត់។ គ្រូបង្វឹកវ័យ ៤៧ឆ្នាំរូបនេះ បានជួយក្រុមសិង្ហបុរី ប្រកួតឈ្នះប្រកួតដំបូងលើជម្រើសជាតិ កោះសាឡូម៉ូន លទ្ធផល ៤-៣ ហើយលោកបានជួយក្រុមសិង្ហបុរី ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF Suzuki Cup 2020 ផងដែរ។


 
ក្រោយទទួលតំណែងគ្រូបង្វឹកក្រុមតោកំណាចសិង្ហបុរី ជំនួសលោក Yoshida ដែលទើបសុំលាលែង លោក Nishigaya ទទួលបានកិច្ចសន្យារយៈពេល២ឆ្នាំ ពីសហព័ន្ធបាល់ទាត់សិង្ហបុរី (FAS)។ 
 
Takayuki Nishigaya គឺជាអតីតកីឡាករខ្សែការពារ ដែលធ្លាប់បានបង្ហាញខ្លួន ១០០ដង ក្នុង J-League។ លោកចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ក្នុងឆ្នាំ ១៩៩៦ ដោយបានលេងឱ្យក្លិប Nagoya Grampus Eight ក្នុងលីគ J1-League។ ឆ្នាំ ១៩៩៨ លោកបានផ្លាស់ទៅក្លិប Avispa Fukuoka តំណែងតំបន់ការពារ មុននឹងលោកបានផ្ទេរទៅក្លិប Verdy Kawasaki នៅឆ្នាំ១៩៩៩។ 
 
ក្លិប JEF United Ichihara និងក្លិប Albirex Niigata នៅលីគ J2-League ដែលលោកបានលេងមុនចូលនិវត្តន៍ក្នុងឆ្នាំ ២០០២។ លោកក៏ធ្លាប់ជាប់ជាកីឡាករជម្រើសជាតិជប៉ុន អាយុក្រោម២២ឆ្នាំ អំឡុងជាកីឡាករ។
 
លោក Nishigaya បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកដំបូងក្នុងឆ្នាំ ២០០៣ ដោយលោកបានដឹកនាំក្រុម University of Tsukuba និងឆ្នាំ ២០០៤ លោកចុះកិច្ចសន្យាដឹកនាំក្លិប Tokyo Verdy ដោយដឹកនាំក្រុមឈុតយុវជនរហូតដល់ឆ្នាំ ២០០៩ ។ ក្នុងឆ្នាំ ២០១០ លោកបានក្លាយជាអ្នកចាត់ការក្លិប Meiji University។ 
 
ក្នុងនាមជាគ្រូបង្វឹកលោក Nishigaya បានបង្កើនសមត្ថភាពខ្លួនដោយបានបន្តដឹកនាំក្លិប ជាច្រើនរបស់ជប៉ុន ដូចជា Albirex Niigata ក្លិប Mito Hollyhock និង SC Sagamihara រហូតដល់ឆ្នាំ ២០១៨ មុនផ្លាស់ដឹកនាំក្រុម Matsumoto Yamaga ដែលលោកជាគ្រូបង្វឹកក្រុមអាយុក្រោម១៨ឆ្នាំ និងក្លាយជាគ្រូបង្វឹកក្រុមធំនៅឆ្នាំ ២០២០។
 


រូបភាព៖ Mediacorp

ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ក្រុមសិង្ហបុរីលោក Nishigaya នឹងទទួលការគាំទ្រពីគ្រូជំនួយលោក Nazri Nasir ព្រមទាំងគ្រូបង្វឹកផ្នែកកីឡាករនឹងផ្នែកវិភាគលោក Koichiro lizuka ដែលគ្រូបង្វឹកទាំងពីរជាបុគ្គលិកធ្វើការជាមួយលោក Yoshida គ្រូចាស់កន្លងមក។
 
«ខ្ញុំពិតជារីករាយនឹងអរគុណដល់សហព័ន្ធបាល់ទាត់សិង្ហបុរី ដែលបានផ្តល់ឱកាសដល់រូបខ្ញុំ ហើយខ្ញុំនឹងធ្វើគ្រប់យ៉ាងឱ្យបានល្អបំផុតសម្រាប់ក្រុមតោកំណាច»។ នេះជាការលើកឡើងរបស់លោក Nishigaya។
 
ទោះលោក Nishigaya គ្មានបទពិសោធន៍លំដាប់អន្តរជាតិក្តី ប៉ុន្តែប្រធានសហព័ន្ធ FAS លោក Lim Kia Tong បានបញ្ជាក់ថា បទពិសោធន៍លទ្ធផលប្រកួតលំដាប់អន្តរជាតិតែមួយមុខ ក៏មិនអាចជួយក្រុមសិង្ហបុរី បន្តដំណើរទៅមុខបានឡើយ។
 
លើសពីនេះទៅទៀតលោក Lim ក៏បានអះអាងបន្ថែមថា ក្នុងនាមជាគ្រូបង្វឹក លោក លោក Nishigaya គួរតែធ្វើឱ្យក្រុមមានការជឿជាក់ក្នុងការដឹកនាំរបស់ខ្លួន ដូចជារបៀបដែល Yoshida បានធ្វើអំឡុងដឹកនាំក្រុមតោកំណាច នឹងបានបង្ហាញយ៉ាងច្បាស់ក្នុងការនាំក្រុមលេងក្នុងពានរង្វាន់ Suzuki Cup កន្លងមក៕
 
 

Tag:
 Takayuki Nishigaya
  J-League
© រក្សាសិទ្ធិដោយ thmeythmey.com