ជាតិ
សង្គមជាតិ
អ្នកគោរពស្រឡាញ់ តាំងរូបលោក ឈុត វុទ្ធី លើបណ្តាញសង្គម ក្នុងខួប១០ឆ្នាំនៃការបាញ់សម្លាប់លោក
26, Apr 2022 , 1:20 pm        
រូបភាព
រូបលោក ឈុត វុទ្ធី ដែលអ្នកគោរពស្រឡាញ់លោក នាំគ្នាយកទៅតាំងលើបណ្តាញសង្គមហ្វេសប៊ុក។ រូបពីទំព័រហ្វេសប៊ុក SAVE PREY PREAH ROKA
រូបលោក ឈុត វុទ្ធី ដែលអ្នកគោរពស្រឡាញ់លោក នាំគ្នាយកទៅតាំងលើបណ្តាញសង្គមហ្វេសប៊ុក។ រូបពីទំព័រហ្វេសប៊ុក SAVE PREY PREAH ROKA
ដោយ៖ ទេពញាណ 

ជនមួយចំនួន ដែលគោរពស្រឡាញ់លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើដ៏ល្បីល្បាញ បាននាំគ្នាតាំងរូបលោក (រូប Profile) លើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីបង្ហាញពីការរម្លឹកខួប១០ឆ្នាំនៃការបាញ់សម្លាប់លោក នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ។ វីដេអូ និងរូបភាពផ្សេងៗអំពីលោក ត្រូវបានពួកគេ ចែករំលែកតៗគ្នាលើបណ្តាញសង្គមហ្វេសប៊ុក។



អ្នកខ្លះ តាំងរូបដើមរបស់លោក ឈុត វុទ្ធី ដោយគ្មានអក្សរក្នុងរូបនោះឡើយ ឯអ្នកខ្លះទៀត បានតាំងរូបលោក ដោយមានសរសេរអក្សរថា «ខួប១០ឆ្នាំនៃមរណភាពសកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី ដែលត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២»។ ក្រៅពីនេះ ពួកគេ ថែមទាំងបានបញ្ចេញមតិរបស់ខ្លួន ពាក់ព័ន្ធនឹងឃាតកម្មលើអ្នកការពារព្រៃឈើរូបនេះ។

«ថ្ងៃនេះ គឺជាខួប១០ឆ្នាំនៃឃាតកម្មលើលោក ឈុត វុទ្ធី ដែលជាកុលបុត្រ និងសកម្មជនបរិស្ថានខ្មែរដ៏ឆ្នើមម្នាក់។ ប៉ុន្តែ យុត្តិធម៌សម្រាប់រូបលោក និងក្រុមគ្រួសាររបស់លោក ហាក់នៅឆ្ងាយដូចជើងមេឃ។ លោក ឈុត វុទ្ធី បានបន្សល់ស្នាដៃជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជា ព្រមទាំងការអប់រំដល់សហគមន៍ឲ្យយល់ពីគុណតម្លៃនៃព្រៃឈើ និងបរិស្ថាន។ ភាពអង់អាចក្លាហាន និងវីរភាពរបស់លោក ជាគំរូសម្រាប់យុវជន និងសកម្មជនបរិស្ថានជំនាន់ក្រោយ។ ស្នាដៃរបស់លោកក្នុងការពារព្រៃឈើ និងធនធានធម្មជាតិ បានចូលរួមការពារសិទ្ធិក្នុងទទួលបានបរិស្ថានស្អាត និងមាននិរន្តរភាព ព្រមទាំងសិទ្ធិមនុស្ស។ យើង សូមចូលរួមរម្លឹកខួប១០ឆ្នាំនៃមរណភាព និងចងចាំនូវវីរភាពរបស់លោក»។ នេះគឺជាសារ ដែលបញ្ចេញដោយក្រុមអង្គការសង្គមស៊ីវិលលើបណ្តាញសង្គម ហើយត្រូវបានចែករំលែកជាហូរហែដោយអ្នកដែលគោរពស្រឡាញ់លោក។ លោក ឆឺយ ឧត្តមរស្មី ដែលជាកូនប្រុសរបស់លោក ក៏បានចែករំលែកសារនេះដែរ។

អ្នកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ដែលហៅលោក ឈុត វុទ្ធី ថាពូ បានសរសេរលើគណនីហ្វេសប៊ុករបស់អ្នកស្រីថា៖«១០ឆ្នាំក្រោយមក យុត្តិធម៌និងការពិត មិនទាន់ត្រូវបានលាតត្រដាង។ ខ្ញុំចងចាំវីរភាពរបស់ពូ និងសូមឧទ្ទិសបុណ្យកុសលទាំងឡាយជូនដល់ពូជាដរាប»។

បន្ថែមពីនេះ មានកម្មវិធីនានា ដែលត្រូវបានរៀបចំឡើង ក្នុងខួប១០នៃអំពើឃាតកម្មលើលោក ឈុត វុទ្ធី។ ជាក់ស្តែង កាលពីថ្ងៃម្សិលមិញ (២៥មេសា) ក្រុមអង្គការសង្គមស៊ីវិល បានរៀបចំពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធលោក។

ក្រុមអង្គការសង្គមស៊ីវិល ប្រកាសជាថ្មីថា ពួកគេ នៅតែបន្តទាមទាររកយុត្តិធម៌ជូនលោក។ ក្រុមអង្គការសង្គមស៊ីវិល និង អ្នកគោរពស្រឡាញ់លោក ចាត់ទុកលោក ជាវីរជនការពារព្រៃឈើ៕

Tag:
 ឈុត វុទ្ធី
  ខួប១០ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com