ពីនេះ ពីនោះ
សន្និស័ទ មានន័យថា អង្គុយស៊ប់, អង្គុយនៅស្ងៀម, អង្គុយប្រជុំគ្នា
27, Apr 2022 , 7:29 am        
រូបភាព
ពាក្យ សន្និស័ទ [អានថា សន់-និ-សាត់] មិនមាន​ការប្រើប្រាស់ទូលំទូលាយឡើង ប៉ុន្តែបើតាម​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យនេះ មានន័យ​គ្រប់គ្រាន់។

 
ជាកិរិយាសព្ទ «សន្និស័ទ» មានន័យថា អង្គុយស៊ប់; អង្គុយនៅស្ងៀម; អង្គុយប្រជុំគ្នា រីឯនាមសព្ទ​វិញ គឺ​សំដៅ​លើ​ការអង្គុយនៅស្ងៀម; ដំណើរស្ងាត់ច្រៀប។ ពាក្យកាព្ប៖ ពួកជនច្រើនក្ដាត់ មកសន្និស័ទ នៅក្នុងសាលា នៃវត្តព្រះសង្ឃ ផ្ចង់ចិត្តជ្រះថ្លា តាមដោយសទ្ធា ព្រមគ្នាធ្វើទាន ។
 
តាមពិតទៅ «សន្និស័ទ» ក៏មានន័យ​មុន​ខុសពី «សន្និសីទ» នោះដែរ ប៉ុន្តែ​សព្វថ្ងៃ ខ្មែរយើងប្រើពាក្យ «សន្និសីទ» សំដៅយកការប្រជុំគ្នាជជែកពិភាក្សាអំពីបញ្ហាផ្សេងៗ ដែលឋិតនៅក្នុងសភាពស្មុគស្មាញ មិនទាន់ដាច់ស្រេច ដើម្បីរិះរកផ្លូវចេញឬដោះស្រាយឲ្យជ្រះស្រឡះ; ការថ្លែងសេចក្ដីពន្យល់អំពីបញ្ហាផ្សេងៗដល់សាធារណជន។
 
ធ្វើសន្និសីទ, ស្ដាប់សន្និសីទ ចំណែកពាក្យជាភាសាបារាំង គឺ Conférence។
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com