កីឡាអន្តរជាតិ
អន្តរជាតិ
Chiellini នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិអ៊ីតាលី ក្រោយប្រកួតពាន Finalissima
26, Apr 2022 , 4:35 pm        
រូបភាព
ខ្សែការពារ Giorgio Chiellini នឹងចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ជាមួយក្រុមជម្រើសជាតិអ៊ីតាលី ក្រោយបញ្ចប់ការប្រកួតដណ្តើមពាន Finalissima 2022 រវាងម្ចាស់ជើងឯកអឺរ៉ុប Euro ជាមួយអាហ្សង់ទីន ដែលជាម្ចាស់ជើងឯក Copa America នៅខែក្រោយ។


ខ្សែការពាររបស់ក្រុម Juventus វ័យ៣៧ឆ្នាំរូបនេះបានបង្ហាញខ្លួន១១៦ប្រកួតសម្រាប់ក្រុមជម្រើសជាតិអ៊ីតាលី។ ទោះបីធ្លាប់ជួយអ៊ីតាលីលើកពាន World Cup ឆ្នាំ២០០៦ និង Euro 2020 ក្តី ប៉ុន្តែ Chiellini មិនអាចជួយក្រុមបានកៅអីទៅប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតាឡើយ។
 
Chiellini បានប្រាប់កាសែត DAZN បន្ទាប់ពី Juventus យកឈ្នះ Sassuolo ២-១ ក្នុងជំនួប Serie A នៅរាត្រីថ្ងៃទី២៥ ខែមេសាថា រូបគេសូមលាក្រុមជម្រើសជាតិហើយ។ «ខ្ញុំនឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិអ៊ីលីនៅ Wembley ក្រោយជំនួបជាមួយក្រុមអាហ្សង់ទីនរួច»។
 
Chiellini ដែលបានបង្ហាញខ្លួនជាលើកដំបូងឱ្យអ៊ីតាលីក្នុងឆ្នាំ ២០០៤ ជាតួអង្គសំខាន់ក្នុងការរួមចំណែកជួយអ៊ីតាលីឈ្នះអង់គ្លេស ដោយស៊ុតបាល់ប៉េណាល់ទីក្នុងវគ្គផ្តាច់ព្រ័ត្រ Euro ឆ្នាំ២០២០។
 
ខ្សែការពារក្រុមសេះបង្កង់រូបនេះ ជាប់ចំណាត់ថ្នាក់ទី៥ក្នុងបញ្ជីកីឡាករ ដែលលេងច្រើនជាងគេបំផុតសម្រាប់អ៊ីតាលីជាមួយនឹង Andrea Pirlo ដោយតាមពីក្រោយមិត្តរួមជាតិ Daniele de Rossi, Paolo Maldini, Fabio Cannavaro និង Gianluigi Buffon។
 
ដោយឡែក សម្រាប់អាជីពជាមួយ Juventus វិញ Chiellini ប្រាប់ថា នៅមានរយៈពេលវែងទៅមុខទៀត តាមដែលអាចធ្វើទៅបាន ទោះសព្វថ្ងៃមានវ័យ៣៧ឆ្នាំហើយក្តី។
«ស្នេហា​របស់​ខ្ញុំ​ជាមួយ Juventus មិន​ទាន់​ចប់​ទេ វា​នឹង​មិនងាយ​ចប់​ទេ»។ ពិតណាស់ ចាប់ពីពេលនេះរហូតដល់ចប់រដូវកាល ខ្ញុំនឹងនិយាយជាមួយគ្រួសាររបស់ខ្ញុំ ដើម្បីបន្តអាជីពជាមួយក្លិបយក្សអ៊ីតាលីបន្តទៀត»។ Chiellini បន្ថែមដូច្នេះ។
 
Chiellini ត្រួវរួមដំណើរជាមួយអ៊ីតាលីទៅកាន់កីឡដ្ឋាន Wembley ដើម្បីតតាំងជាមួយអាហ្សង់ទីនក្នុងការប្រកួតមិត្តភាព  Finalissima 2022 ក្នុងនាមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Euro និងអាម៉េរិកខាងត្បូង Copa America នៅថ្ងៃទី១ ខែឧសភា៕
 

Tag:
 Giorgio Chiellini
  Finalissima
© រក្សាសិទ្ធិដោយ thmeythmey.com