ជាតិ
សេដ្ឋកិច្ច
លោក អូន​ ព័ន្ធមុនីរ័ត្ន៖ បច្ចេកវិទ្យាឌីជីថល កំពុងផ្លាស់ប្តូរជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋ ឱ្យកាន់តែប្រសើរ
26, Apr 2022 , 7:59 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី« គោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា» នាព្រឹកថ្ងៃទី២៦មេសា។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី« គោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា» នាព្រឹកថ្ងៃទី២៦មេសា។
ភ្នំពេញ៖ វិស័យបច្ចេកវិទ្យាទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល កំពុងផ្លាស់ប្តូរទម្លាប់រស់នៅឬជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋ។ នេះជាការលើកឡើងរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបញ្ជាក់ថា បច្ចេកវិទ្យាទាំងនោះ កំពុងបង្កើនប្រសិទ្ធភាពក្នុងការប្រាស្រ័យទាក់ទងគ្នា ការស្វែងរកការងារ និងពង្រឹងប្រសិទ្ធភាពការងារ ព្រមទាំងជំរុញការបង្កើតនូវគំនិតច្នៃប្រឌិត ទៀតផង។

 
លោក អូន ព័ន្ធមុនីរ័ត្ន បានមើលឃើញថា បច្ចុប្បន្ន គ្រប់វិស័យសេដ្ឋកិច្ចទាំងអស់ រាប់ទាំងវិស័យឧស្សាហកម្ម សេវាកម្ម កសិកម្ម និងហិរញ្ញវត្ថុ និងគ្រប់តំបន់ភូមិសាស្ត្រទាំងទីប្រជុំជន-ជនបទ ព្រមទាំងពលរដ្ឋគ្រប់ស្រទាប់ គឺសុទ្ធសឹងតែទទួលរងឥទ្ធិពលពីបច្ចេកវិទ្យា​ ជាពិសេសបច្ចេកវិទ្យា​ទូរគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល។ 
 
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី« គោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា» នាព្រឹកថ្ងៃទី២៦មេសា ថា៖ « បច្ចេកវិទ្យា​ទូរគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល កំពុងកែប្រែរបៀបក្នុងការធ្វើធុរកិច្ច និងម៉ូដែលធុរកិច្ចនៅកម្ពុជា។ [បច្ចេកវិទ្យា] ក៏កំពុងផ្លាស់ប្តូរទម្លាប់រស់នៅឬជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋទូទៅក្នុងការប្រាស្រ័យទាក់ទង ការស្វែងរកការងារ ការពង្រឹងប្រសិទ្ធិភាពការងារ ព្រមទាំងការបង្កើតនូវគំនិតច្នៃប្រឌិត»​។ 
 
លើសពីនេះ បច្ចេកវិទ្យាទាំងនេះក៏កំពុងធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ទាំងវិសាលភាព និងទាំងគុណភាព។ នេះបើតាមការឡើងរបស់លោករដ្ឋមន្ត្រីសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ដោយបន្តមានប្រសាសន៍ដូច្នេះ៖ «មិនថាស្ថិតនៅក្នុងកម្រិតអភិវឌ្ឍបែបណានោះទេ បច្ចេកវិទ្យាឌីជីថល អាចមានសក្កានុពលខ្ពស់និងទូលំទូលាយ ក្នុងការផ្តល់លទ្ធភាពឱ្យបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ឬកំពុងអភិវឌ្ឍ អាចចាប់យកបច្ចេកវិទ្យាថ្មីៗ និងលោតផ្លោះពីឧស្សាហកម្ម​ប្រពៃណី ទៅជាឧស្សាហកម្មទំនើបបានក្នុងរយៈពេលខ្លី»។​ 
 
បើតាមលោក អូន ព័ន្ធមុនីរ័ត្ន បច្ចេកវិទ្យាដែលអាចប្រែក្លាយប្រទេសពីឧស្សាហកម្មប្រពៃណី ទៅជាប្រទេសឧស្សាហកម្មទំនើបបាន លុះត្រាមានចំណុចសំខាន់ៗចំនួន៣ ក្នុងនោះមានទីមួយ៖  ការវិវត្តន៍ខ្លួនទៅជាវិស័យចន្ទល់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ទីពីរ៖ ការប្រែក្លាយជាកត្តាលិករក្នុងការគាំទ្រ និងជំរុញសកម្មភាពសេដ្ឋកិច្ចផ្សេងទៀត  ជាពិសេសវិស័យជំរុញកំណើនសេដ្ឋកិច្ច ដែលមានស្រាប់ឱ្យមានផលិតភាពកាន់តែខ្ពស់។ ទីបី៖ គឺការផ្តល់លទ្ធភាពដល់ធុរជននិងវិនិយោគិនក្នុងស្រុក ឱ្យអាចភ្ជាប់ខ្លួនទៅនឹងច្រវ៉ាក់ផលិតកម្មតំបន់ និងសកល ដូចជាការស្វែងរក​នូវភាពច្នៃប្រឌិត ក្នុងការផលិតទំនិញ​និងសេវាកម្ម​។​
 
ភាពរីកចម្រើននិងសក្កានុពលនៃបច្ចេកវិទ្យាឌីជីថល ដែលជាតម្រូវការយ៉ាងចាំបាច់នេះ រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យអនុវត្តជាផ្លូវការ នូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច-សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ។ 
 
លោក អូន ព័ន្ធមុនីរ័ត្ន បានអះអាងថា ការដាក់ឱ្យដំណើរការនូវគោលបាយទាំងនេះ គឺជាក្របខណ្ឌរួមក្នុងគោលដៅជំរុញដំណើរការបដិវត្តន៍កម្មឌីជីថល លើគ្រប់តួអង្គក្នុងសេដ្ឋកិច្ច និងសង្គមជាតិទាំងមូល​។ តាមរយៈគោលនយោបាយនេះ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ក៏ត្រូវបានបង្កើតឡើងជាយន្តការស្ថាប័នដឹកនាំសម្របសម្រួលអនុវត្តគោលនយោបាយ ឱ្យបានសម្រេច​ជោគជ័យ៕  
 

Tag:
 បច្ចេកវិទ្យា
  លោក អូន​ ព័ន្ធមុនីរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com