ជាតិ
បទសម្ភាសន៍
វីដេអូ
លោក ពេជ្រ វិសាល ជំរុញឱ្យ SMEs ប្រើសម្ភារវេចខ្ចប់Eco-Friendly ដែលជួយទាំងបរិស្ថាននិងសង្គម លោក ពេជ្រ វិសាល សហស្ថាបនិក The Boxes.
×
ភ្នំពេញ៖ សហស្ថាបនិក The Boxes លោក ពេជ្រ វិសាល បានបង្កើតវេបសាយ រចនាប្រអប់វេចខ្ចប់បរិស្ថាន និងមានលក្ខណៈខ្មែរបែបទំនើប ដើម្បីផ្តល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្ម អាចសម្ភារៈវេចខ្ចប់ដែលខ្លួនចង់បាន។ តាមរយៈបទសម្ភាសន៍ ជាមួយកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ និស្សិតដែលទើបបញ្ចប់ការសិក្សារជំនាញកសិកម្មពីប្រទេសវៀតណាម រូបនេះ បានជំរុញឱ្យម្ចាស់អាជីវកម្មក្នុងស្រុក ងាកមកប្រើប្រាស់ប្រអប់វេចខ្ចប់បែបបរិស្ថានឱ្យកាន់តែច្រើន ដើម្បីចូលរួមជួយដល់បរិស្ថានផង និងផ្តល់ឱកាសដល់យុវជនខ្មែរជំនាន់ ក្រោយ នាំយកនូវគំនិតច្នៃប្រឌិតរបស់ខ្លួន ចូលទៅក្នុងទីផ្សារក្នុងស្រុកផង។
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី» និង លោក ពេជ្រ វិសាល ដូចតទៅ៖
លោក ពេជ្រ វិសាល ជាសហស្ថាបនិក The Boxes ដែលជាវេបសាយផ្តល់សេវាកម្មរចនាប្រអប់វេចខ្ចប់បែបបរិស្ថាន(Eco-Friendly)។ លោក ពេជ្រ វិសាល បានបញ្ជាក់ប្រាប់កម្មវិធី«គំនិតថ្មី»ថា អាជីវកម្មមួយនេះត្រូវបានបង្កើតឡើង ដើម្បីភាពងាយស្រួលដល់ម្ចាស់សហគ្រាស ធុនតូច និងមធ្យមក្នុងស្រុក ឱ្យពួកគាត់អាចរចនាប្រអប់វេចខ្ចប់ដោយខ្លួនឯង។ មិនតែប៉ុណ្ណោះ The Boxes ក៏ព្យាយាមបញ្ចូលនូវអត្តសញ្ញាណខ្មែរទៅក្នុងការរចនារបស់ខ្លួនផងដែរ ដែលនឹងធ្វើឱ្យសម្ភារវេចខ្ចប់ដែលអតិថិជនទទួលបាន មានលក្ខណៈខ្មែរ តែទាន់សម័យ។
លោក ពេជ្រ វិសាល សហស្ថាបនិក The Boxes..
បុរសវ័យ ២៥ឆ្នាំ ដែលទើបបញ្ចប់ការសិក្សាជំនាញកសិកម្មពីប្រទេសវៀតណាមរូបនេះ ក៏លើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មទាំងអស់ ងាកមកប្រើប្រាស់សម្ភារវេចខ្ចប់បែបបរិស្ថាននេះឱ្យកាន់តែច្រើនដែរ ដែលវាមិនត្រឹមតែចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជានោះទេ ជួយជំរុញឱ្យមានការស្រាវជ្រាវលើសម្ភារវេចខ្ចប់ដែលកាត់បន្ថយការប៉ះពាល់បរិស្ថាននៅកម្ពុជាកាន់តែច្រើនផងដែរ។ លោក ពេជ្រ វិសាល បន្ថែមដូច្នេះ៖ «ខ្ញុំឃើញព័ត៌មានជាច្រើនទាក់ទងនឹងប្រភេទថង់ប្លាស្ទិកដែលធ្វើពីរុក្ខជាតិ ធ្វើពីម្សៅពោត ម្សៅមីអីចឹង គឺនៅស្រុកខ្មែរយើង នៅសាលាភូមិន្ទ(កសិកម្ម)មានធ្វើ មានស្រាវជ្រាវ ប៉ុន្តែអត់ទាន់ឃើញមានផ្សព្វផ្សាយលក់។ ក្នុងនាមខ្ញុំជាអ្នករៀនកសិកម្ម ជាអ្នកស្រាវជ្រាវ ខ្ញុំមានជំនាញស្រាវជ្រាវដែរ ខ្ញុំយល់ឃើញថា ការស្រាវជ្រាវសំខាន់ ប៉ុន្តែការធ្វើ(ឱ្យ)ការស្រាវជ្រាវហ្នឹង Apply(ប្រើប្រាស់)ទៅក្នុងសង្គម ក៏រឹតតែសំខាន់ទៀត។ បើសិនស្រាវជ្រាវហើយ អត់មានអ្នកយកទៅ Apply ក៏វាអត់ន័យដែរ»។
សម្រាប់ សហស្ថាបនិក The Boxes ការប្រើប្រាស់ និងគាំទ្រអាជីវកម្មបង្កើតថ្មី ក៏ជាការបើកផ្លូវឱ្យធនធានយុវជនខ្មែរជំនាន់ក្រោយ នាំយកនូវគំនិតធុរកិច្ចថ្មីៗ មកកាន់ទីផ្សារក្នុងស្រុក និងឈានទៅប្រកួតប្រជែងក្នុងទីផ្សារក្រៅប្រទេសផងដែរ៕
លោក ពេជ្រ វិសាល សហស្ថាបនិក The Boxes..
Tag:
SMEs
សម្ភារវេចខ្ចប់
បរិស្ថាន
ពេជ្រ វិសាល
© រក្សាសិទ្ធិដោយ thmeythmey.com