កីឡាជាតិ
ជាតិ
កីឡាការិនីប្រណាំងកង់ ខេន ម៉ាឡៃ៖ ខ្ញុំនឹងធ្វើឲ្យអស់ពីសមត្ថភាព សម្រាប់ការបង្ហាញខ្លួនឲ្យជម្រើសជាតិដំបូង
27, Apr 2022 , 9:29 am        
រូបភាព
កីឡាការិនីប្រណាំងកង់ ខេង ម៉ាឡៃ ទទួលជ័យលាភីថ្នាក់ជាតិកន្លងមក
កីឡាការិនីប្រណាំងកង់ ខេង ម៉ាឡៃ ទទួលជ័យលាភីថ្នាក់ជាតិកន្លងមក
សហព័ន្ធខ្មែរទោចក្រយាន្ដ នឹងបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិក ចំនួន១៣នាក់ ដើម្បីចូលរួមប្រកួតកីឡាប្រណាំងកង់ភ្នំ ក្នុងស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ កីឡាការិនី ខេន ម៉ាឡៃ ជាអត្តពលិកជម្រើសជាតិ១រូប ក្នុងចំណោមអ្នកទាំង១៣នាក់នោះ ។




ការប្រកួតស៊ីហ្គេមនៅវៀតណាម នឹងក្លាយជាបទពិសោធដំបូងហើយសម្រាប់កីឡាការិនីរូបនេះ ក្នុងការប្រកួតតំណាងឲ្យកម្ពុជា។ កីឡាការិនី ខេន ម៉ាឡៃ ប្ដេជ្ញាធ្វើឲ្យអស់ពីលទ្ធភាពសម្រាប់ការប្រកួតនេះ។ «ជាការបង្ហាញខ្លួនលើកទីមួយហើយ ដែលខ្ញុំទៅប្រកួតនៅឆាកអន្ដរជាតិ តែខ្ញុំនឹងធ្វើឲ្យអស់ពីសមត្ថភាព»។  កញ្ញា ខេន ម៉ាឡៃ បានប្រាប់មកកាន់សារពត៌មានថ្មីៗ ដូច្នេះ។ 
  

រូបពីCamsoc

កីឡាការិនីមកពីសៀមរាបរូបនេះ បន្ថែមថា អត្ដពលិកបរទេស អាចមានកម្រិត និងបទពិសោធន៍ច្រើនជាងខ្លួន ព្រោះ ម៉ាឡៃ ទើបតែប្រឡូកក្នុងវិស័យនេះ បាន២ឆ្នាំប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្ដី អត្ដពលិករូបនេះ ហាក់ដូចជាមិនមានការព្រួយបារម្មណ៍ឡើយ ជាមួយការប្ដេជ្ញាធ្វើឲ្យបានល្អបំផុត ។
 
ជាមួយគ្នានេះ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចចក្រយាន អះអាងថា កីឡាករ កីឡាការិនី នឹងធ្វើបានល្អ ព្រោះពួកគេបានហ្វឹកហាត់យ៉ាងសកម្ម ក្នុងអំឡុងពេលកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣នេះ ក៏ដូចជាត្រៀមប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាម។
 
ថ្លែងប្រា​ប់សារពត៌មានថ្មីៗ លោក នូ ចំរើន បាននិយាយថា៖«ការប្រកួតស៊ីហ្គេមនៅវៀតណាម ក៏ជាការត្រៀមខ្លួនរបស់សហព័ន្ធ សម្រាប់ស៊ីហ្គេមលើកទី៣២ នៅកម្ពុជាផងដែរ។ មិនមែនតែអត្តពលិកទេ តែថ្នាក់ដឹកនាំរបស់សហព័ន្ធទាំងអស់ បានត្រៀមក្នុងការយកលទ្ធផលនេះ ដើម្បីសម្រួចសមត្ថភាពអត្តពលិកយើង ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២»។  
អគ្គលេខាធិការរូបនេះ បន្ថែមថា តាមរយៈការហ្វឹកហាត់មុនប្រកួតស៊ីហ្គេមមកនេះ សហព័ន្ធបានឃើញពីកម្រិតសមត្ថភាពរបស់អត្ដពលិកកម្ពុជា ដោយវាមិនមានភាពខុសគ្នាពីអត្តពលិកបរទេសនោះទេ ហើយបើទោះជាចាញ់ ក៏មិនចាញ់ដាច់គ្នាឆ្ងាយដែរ។ 
  

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចចក្រយាន

លោក នូ ចំរើន បន្ថែមថា៖«បច្ចុប្បន្ន សមត្ថភាពអត្តពលិកកម្ពុជា កំពុងស្ថិតក្នុងក្រសែភ្នែកបរទេស ដូចជាប្រទេសខ្លាំងៗ ខាងវិស័យកីឡានេះមួយចំនួន។ ប្រទេសជិតខាងមានការចាប់អារម្មណ៍មកលើកអត្តពលិកយើង តាមរយៈការប្រកួតក្នុងស្រុកនានា។ ដូច្នេះយើងមិនមានភាពខុសគ្នាឆ្ងាយទេ»។
 
សម្រាប់សមាសភាពប្រតិភូ គ្រូបង្វឹក និងអត្តពលិក១៣រូបនោះរួមមាន លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ, លោក ផេង ប៉ូលីន គ្រូបង្វឹក, លោក អ៊ុច សុខវិបុល គ្រូជំនួយ, លោក ប្រេដ បាដ្វ លី គ្រូជំនួយ, កីឡាការិនី២រូប កញ្ញា ខេន ម៉ាឡៃ និង យ៉ត់ កន្និការ, កីឡាករ៧រូប លោក ហួត លយរស្មី, សាំង សីហា, ឆាន់ ឆៃហ្វុង, ផាន់ ចូណាថាន់, លឹម វិវឌ្ឍន៍, ម៉ៅ សុពិសិដ្ឋ និង លោក ចាន់ ពេជ្យ។ ការប្រកួតស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម នឹងចាប់ធ្វើឡើងពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២៕
 

Tag:
 ប្រណាំងកង់
  ខេងម៉ាឡៃ
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com