ជាតិ
សង្គមជាតិ
ការប្រើបច្ចេកវិទ្យាក្នុងបរិបទកូវីដ-១៩ ធ្វើឲ្យវិស័យអប់រំកម្ពុជា «ដើរលឿនមុនពេលកំណត់ដល់ទៅ១០ឆ្នាំ»
26, Apr 2022 , 11:30 pm        
រូបភាព
លោក ហង់ ជួន ណារ៉ុន ថ្លែងក្នុងសន្និបាតក្រសួងអប់រំ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ រូបពីក្រសួងអប់រំ
លោក ហង់ ជួន ណារ៉ុន ថ្លែងក្នុងសន្និបាតក្រសួងអប់រំ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ រូបពីក្រសួងអប់រំ
ដោយ៖ ទេពញាណ

ក្នុងអំឡុងវិស័យអប់រំនៅកម្ពុជា រងការយាយីដោយជំងឺកូវីដ-១៩ ជាពិសេសក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ គេ មើលឃើញថា ក្រសួងអប់រំ យុវជន និង កីឡា បានរិះរកគ្រប់មធ្យោបាយ ដើម្បីកុំឲ្យការអប់រំជាប់គាំង។ បច្ចេកវិទ្យា គឺជាជម្រើសអាទិភាពមួយ ដែលក្រសួងអប់រំ ប្រើប្រាស់ ដើម្បីធ្វើឲ្យការអប់រំបន្តដំណើរការ។



បច្ចេកវិទ្យា បានផ្តល់គុណសម្បត្តិជាច្រើន ដល់វិស័យអប់រំនៅកម្ពុជា ក្នុងអំឡុងកម្ពុជា ជួបការលំបាកដោយសារជំងឺកូវីដ-១៩ ដូចបណ្តាប្រទេសលើសាកលលោកដែរ។ ដោយសារបច្ចេកវិទ្យា វិស័យអប់រំកម្ពុជា មានការវិវត្តទៅមុខលឿន ទោះវិស័យនេះ និងវិស័យផ្សេងទៀត នៅកម្ពុជា រងការយាយីពីជំងឺកូវីដ-១៩ក្តី។

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១របស់ក្រសួងអប់រំ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានថ្លែងដូច្នេះថា៖«ជារួម ការអប់រំឌីជីថលនេះ និងការប្រើប្រាស់បច្ចេកវិទ្យា ក្នុងវិស័យអប់រំ ក្នុងបរិបទកូវីដ-១៩ លោកគ្រូ អ្នកគ្រូ បានខិតខំប្រឹងប្រែងរៀនសូត្រពីបច្ចេកវិទ្យា ហើយយើង អាចវាយតម្លៃបានថា ក្នុងបរិបទជំងឺកូវីដ-១៩នេះ ការប្រើប្រាស់បច្ចេកវិទ្យា បានធ្វើឲ្យវិស័យអប់រំកម្ពុជា ដើរលឿន១០ឆ្នាំ មុនពេលកំណត់»។

បន្ថែមពីលើប្រសាសន៍របស់លោករដ្ឋមន្រ្តី លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ពន្យល់មកកាន់សារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនងតេឡេក្រាម នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ថា៖«ដោយសារវត្តមានកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំជំរុញការអប់រំឌីជីថលលឿនជាងផែនការនៃការរៀបចំការអប់រំឌីជីថល ដែលមានចែងនៅក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំឆ្នាំ២០១៩-២០២៣ និងផែនការពាក់ព័ន្ធ»។

អ្នកនាំពាក្យរូបនេះ លើកឡើងថា កម្ពុជាបានចាប់ផ្តើមបោះជំហានសមស្របរួចជាស្រេចលើវិថីឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ដែលទាមទារឲ្យគ្រប់វិស័យ ចូលរួមរៀបចំទៅតាមដែនសមត្ថកិច្ច។ លោក បន្តថា ក្នុងន័យនេះ ក្រសួងអប់រំ បានឆ្លើយតបតាមមធ្យោបាយផ្សេងៗរួមមានការដាក់បញ្ចូលការអប់រំឌីជីថលទៅក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំឆ្នាំ២០១៩-២០២៣ និងផែនការពាក់ព័ន្ធ។

ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ការអប់រំនៅកម្ពុជា បានស្ថិតក្នុងបរិបទថ្មី ដែលហៅថា ការទទួលបានការអប់រំគ្រប់រូបភាព ឬការទទួលបានការអប់រំបែបចម្រុះ ដោយសារក្នុងអំឡុង២ឆ្នាំនេះ សិស្សានុសិស្ស និងនិស្សិត ទទួលបានការអប់ពីចម្ងាយផង (តាមអនឡាញ) ទទួលបានការសិក្សាក្នុងថ្នាក់ផង និងស្វ័យសិក្សាផង។

ដោយមើលឃើញថា ជំងឺកូវីដ-១៩ ស្ថិតក្នុងស្ថានភាពដែលអាចគ្រង់គ្រងបាន ហើយប្រជាជនច្រើនលើសលប់ បានចាក់វ៉ាក់សាំងបង្ការជំងឺនេះ រដ្ឋាភិបាលកម្ពុជា បានសម្រេចបើកគ្រឺះស្ថានអប់រំនៅគ្រប់កម្រិតឡើងវិញ រហូតដល់បច្ចុប្បន្ន៕

Tag:
 អប់រំ
  ហង់ ជួន ណារ៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com