ជាតិ
លោក ហ៊ុន ម៉ាណែត នឹងសំណេះសំណាលជាមួយក្រុមអ្នកកាសែតលើកដំបូងនាទិវាសេរីភាពសារព័ត៌មាន
27, Apr 2022 , 11:19 am        
រូបភាព
ដោយ: រួបរួម
លោក ហ៊ុន ម៉ាណែត នឹងធ្វើជាតំណាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោក ៣ឧសភា លើកទី២៦។ នាពិធីដែលរៀបចំដោយក្រសួងព័ត៌មាន នៅសណ្ឋាគារសុខាភ្នំពេញ អនាគតបេក្ខជននាយករដ្ឋមន្ត្រីរូបនេះ ក៏នឹងជួបសំណេះសំណាលផ្លូវការជាលើកដំបូងផងដែរជាមួយក្រុមអ្នកសារព័ត៌មានកម្ពុជា។



«ការរៀបចំពិធីអបអរទិវាសេរីភាពសារព័ត៌មាន គឺដើម្បីលើកស្ទួយសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន និងលើកទឹកចិត្តដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដែលកំពុងបំពេញភារកិច្ចលើវិស័យសារព័ត៌មាននៅកម្ពុជា និងនៅលើសកលលោក»។ នេះបើតាមការបញ្ជាក់ក្នុងលិខិតរបស់ក្រសួងព័ត៌មាន ដោយបន្ថែមថា ពិធីនេះ ក៏ជាឱកាសនៃការបង្កើនភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ ក៏ដូចជាអ្នកនាំពាក្យជាមួយអ្នកសារព័ត៌មានផងដែរ។

យោងតាមរបៀបវារៈ ដែលសារព័ត៌មានថ្មីៗ ទទួលបាន តំណាងក្រសួងព័ត៌មាន នឹងអានសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសអបអរទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៩ នាថ្ងៃទី៣ ខែឧសភា ។

ភាគីពាក់ព័ន្ធដែលបម្រើការក្នុងវិស័យសារព័ត៌មាន ដែលក្នុងនោះមានលោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា (CCJ) ផងនោះ នឹងត្រូវឡើងបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន មុននឹងឈានដល់មតិស្វាគមន៍ជាបន្តបន្ទាប់របស់លោក Sardar Umar Alam តំណាងយូណេស្កូប្រចាំកម្ពុជា, លោកស្រី Camilla Ottoson តំណាងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា, លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ្ញារីទ្ធ។

ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មានជាលើកដំបូង។ បើតាមរបៀបវារៈដែលបានគ្រោងទុក ជំនួបរវាងអនាគតបេក្ខជននាយករដ្ឋមន្ត្រី និងក្រុមអ្នកសារព័ត៌មាន គឺមានរយៈពេល១ម៉ោងកន្លះ៕




© រក្សាសិទ្ធិដោយ thmeythmey.com