ជាតិ
សង្គមជាតិ
អតីតមេបញ្ជាការអ៊ុនតាក់ ទទួលបានសញ្ញាបណ្ឌិតកិត្តិយសផ្នែកសន្តិភាព ពីសាកលវិទ្យាល័យមួយនៅកម្ពុជា
27, Apr 2022 , 2:59 pm        
រូបភាព
លោក ចន សានដឺសុន អតីតមេបញ្ជាការកងកម្លាំងអ៊ុនតាក់ ថ្លែងក្នុងពិធីដែលលោក ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសន្តិភាពពីសាកលវិទ្យាល័យកម្ពុជា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់សាកលវិទ្យាល័យកម្ពុជា
លោក ចន សានដឺសុន អតីតមេបញ្ជាការកងកម្លាំងអ៊ុនតាក់ ថ្លែងក្នុងពិធីដែលលោក ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសន្តិភាពពីសាកលវិទ្យាល័យកម្ពុជា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់សាកលវិទ្យាល័យកម្ពុជា
ដោយ៖ ទេពញាណ
 
ក្នុងដំណើរទស្សននៅកិច្ចកម្ពុជា លោកឧត្តមសេនីយ៍ឯក ចន សានដឺសុន (Jonh Sandersan) យោធាជាន់ខ្ពស់របស់អូស្រ្តាលី និងជាអតីតមេបញ្ជាការកងកម្លាំងអ៊ុនតាក់ (UNTAC) បានទទួលសញ្ញាបណ្ឌិតកិត្តិយសផ្នែកសន្តិភាព ពីសាកលវិទ្យាល័កម្ពុជា (UC) កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ សាកលវិទ្យាល័យកម្ពុជា និងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានផ្សព្វផ្សាយព័ត៌មាននេះលើបណ្តាញសង្គមរបស់ខ្លួន។

 
លោក កៅ គឹមហួន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យកម្ពុជា និងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងអំពីជោគជ័យរបស់អ៊ុនតាក់ ក្នុងការរៀបចំមូលដ្ឋានគ្រឹះ ដែលនាំឲ្យមានស្ថិរភាពនៅកម្ពុជា។ ជាមួយគ្នានេះ លោក បានរំលេចពីសមត្ថភាពរបស់លោក ចន សានដឺសុន ក្នុងការសម្របសម្រួល និងការដឹកនាំប្រជាពលរដ្ឋរាប់ពាន់នាក់ កាលពីសម័យអ៊ុនតាក់។ សម្តីរបស់លោក ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់សាកលវិទ្យាល័យកម្ពុជា។ 
 
ស្ថានទូតអូស្រ្តាលី បានសរសេរលើទំព័រហ្វេសប៊ុកថា អូស្ត្រាលី បានដើរតួយ៉ាងសំខាន់ក្នុងការបង្កើត និងការចរចាបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលបានត្រួសត្រាយផ្លូវសម្រាប់ការចាប់ផ្តើមរបស់អ៊ុនតាក់។ សា្ថនទូត បន្តថា ក្នុងនាមជាមេបញ្ជាការកងកម្លាំងអ៊ុនតាក់ លោក សានដឺសុន បានគ្រប់គ្រងយោធា និងមន្ត្រីជិត១,៦ម៉ឺននាក់។ ស្ថានទូត បន្ថែមថា អូស្ត្រាលី ថែមទាំងបានបញ្ជូនបុគ្គលិកខ្លួន១,២ពាន់នាក់ មកជួយអ៊ុនតាក់។ 
 
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក សានដឺសុន បានជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមទាំងមន្រ្តីកម្ពុជាមួយចំនួន ដូចជា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីការបរទេស និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក។ 
 
បើតាមទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី លោក សានដឺសុន បានជម្រាបសម្ដេចពីការមើលឃើញរបស់លោកថា កម្ពុជា មានការផ្លាស់ប្ដូរដ៏អស្ចារ្យ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ លោក សរសើររាជធានីភ្នំពេញថា មានការអភិវឌ្ឍដ៏ស្រស់បំព្រង។
 
សម្តេចប្រមុខរដ្ឋាភិបាលកម្ពុជា បានអរគុណរដ្ឋាភិបាលអូស្ត្រាលី ដែលបានរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា។ សម្ដេច ថែមទាំងបានអរគុណដល់ប្រជាជន រដ្ឋាភិបាលអូស្ត្រាលី ដែលតែងបានផ្ដល់ជំនួយដល់កម្ពុជាជាដរាបរៀងមក រួមទាំងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ផងដែរ។
 
រីឯលោក ប្រាក់ សុខុន បានជម្រាបលោក សានដឺសុន ថា កម្ពុជា បានប្រែក្លាយពីប្រទេស ដែលទទួលកងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសដែលបញ្ជូនកងកម្លាំង ទៅចូលរួមថែរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានា ក្រោមឆត្រអង្គការសហប្រជាជាតិ។ លោក បង្ហាញរបាយការណ៍ថា បច្ចុប្បន្ន កងកម្លាំងកម្ពុជា (ទ័ពមួកខៀវ) មានជាង៨ពាន់ កំពុងស្ថិតនៅតាមបណ្តាប្រទេសចំនួន៨។ 
 
លោក សានដឺសុន បង្ហាញការកោតសរសើរចំពោះរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជូនកងកម្លាំង ទៅចូលរួមរក្សាសន្តិភាពនៅតាមប្រទេសទាំងនោះ។  
 
លោក ប្រាក់ សុខុន បានរម្លឹកនៅចំពោះមុខលោក សានដឺសុន ពីសមិទ្ធផល ដែលអ៊ុនតាក់សម្រេចបាន ក្នុងការអនុវត្តគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងការបោះឆ្នោតជាតិលើកដំបូងនៅកម្ពុជា ក្នុងឆ្នាំ១៩៩៣។
 
ខ្លឹមសានៃកិច្ចពិភាក្សារវាងលោក ប្រាក់ សុខុន និងលោក សានដឺសុន ត្រូវបានផ្សព្វផ្សាយក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ បើតាមក្រសួងការបរទេស លោក សានដឺសុន ដែលមានវ័យ៨១ឆ្នាំ មកកម្ពុជានាពេលនេះ គឺដើម្បីចូលរួមអបអរខួប៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-អូស្រ្តាលី និងខួប៣០ឆ្នាំនៃការបង្កើតអ៊ុនតាក់។ លោក និងភរិយា នឹងមានវត្តមានរយៈពេលប្រមាណ១០ថ្ងៃ នៅកម្ពុជា គឺពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។ 
 
ចំណែកក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត ទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោក បានផ្សាយថា លោក ហ៊ុន ម៉ាណែត អរគុណលោក សានដឺសុន ក្នុងការប្រឹងប្រែងធានាស្ថិរភាពនៅកម្ពុជា កាលពីជំនាន់អ៊ុនតាក់។ លោក គូសបញ្ជាក់ថា សមិទ្ធផលរបស់លោក សានដឺសុន ទាំងអស់នេះ បានក្លាយជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់នៃដំណើរការកសាង និងការអភិវឌ្ឍកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ន។  
 
សូមរម្លឹកថា ក្រោយកម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាព២៣តុលា ឆ្នាំ១៩៩១ អ៊ុនតាក់ (អាជ្ញាធរបណ្តោះអង្គការសហប្រជាជាតិប្រចាំកម្ពុជា) ក៏ត្រូវបានបង្កើតឡើង ដើម្បីជួយរៀបចំការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី១ នៅកម្ពុជា ក្នុងឆ្នាំ១៩៩៣។ អ៊ុនតាក់ មានវត្តមាននៅកម្ពុជា ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣៕ 
 
 

Tag:
 Jonh Sandersan
© រក្សាសិទ្ធិដោយ thmeythmey.com