កីឡាជាតិ
ជាតិ
ស៊ីហ្គេមនៅវៀតណាម ៖ លោក វ៉ាត់ ចំរើន ជំរុញឲ្យអត្តពលិកពង្រឹងស្មារតីប្រយុទ្ធ ដើម្បីសម្រេចក្តីសុបិន
27, Apr 2022 , 6:59 pm        
រូបភាព
រូប លោក វ៉ាត់ចំរើន ក្នុងកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិ រូបពីCamsoc
រូប លោក វ៉ាត់ចំរើន ក្នុងកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិ រូបពីCamsoc
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជំរុញឲ្យសហព័ន្ធកីឡាជាតិទាំង៣៣ ដែលត្រូវចូលរួមប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាម បង្កើតការ​ពង្រឹងស្មារតីប្រយុទ្ធដល់អត្ដពលិកឲ្យកាន់តែមុះមុត។



កម្ពុជា នឹងចូលរួមប្រកួតកីឡា៣៣ប្រភេទ ក្នុងការប្រកួតស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ យោងតាមគេហទំព័រគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ( CAMCOC) លោក វ៉ាត់ ចំរើន បានជំរុញឲ្យអត្ដពលិកជម្រើសជាតិកម្ពុជា ពង្រឹងស្មារតីប្រយុទ្ធឲ្យបានមោះមុត លើប្រភេទកីឡា៣៣ប្រភេទនេះ ដើម្បីដណ្តើមមេដាយ និងកិត្យានុភាពជាតិ ។
 
ថ្លែងក្នុងកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈចូលរួមស៊ីហ្គេមលើកទី៣១ នៅវៀតណាម កាលពីធ្ងៃទី២៦ មេសា អគ្គលេខាធិការរូបនេះ បន្ថែមថា៖ «ខ្ញុំសូមផ្ញើសារជាថ្មីម្តងទៀត ជូនដល់ក្រុមជម្រើសជាតិកម្ពុជាទាំងអស់ ត្រូវថែទាំសុខភាពឲ្យល្អមាំមួន ដើម្បីបំពេញកាតព្វកិច្ចឲ្យបានល្អ ហើយត្រឡប់មកពីស៊ីហ្គេម នៅវៀតណាមវិញ ប្រកបដោយសុខសុវត្ថិភាព និងជ័យជម្នះ ដែលជាក្តីសុបិន ដែលយើងទាំងអស់គ្នាប្រាថ្នាចង់បាន»។ 
 
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បានស្នើឲ្យសហព័ន្ធកីឡាជាតិលើប្រភេទកីឡាទាំង៣៣នេះ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ជាពិសេសយកចិត្តទុកដាក់ត្រួតពិនិត្យ សុខភាព និងសុវត្ថិភាព របស់អត្តពលិកកម្ពុជា មុនពេលចេញទៅប្រកួត។ 
 
កន្លងមកលោក វ៉ាត់ ចំរើន រំពឹងថា ការប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាមនេះ  កម្ពុជា នឹងអាចឈ្នះមេដាយបានច្រើនជាងការប្រកួតស៊ីហ្គេម នៅហ្វីលីពីន កាលពីឆ្នាំ២០១៩។
ចំពោះប្រភេទកីឡាទាំង ៣៣ប្រភេទ ដែលកម្ពុជា ចូលរួមប្រកួតស៊ីហ្គេមនៅវៀតណាម នាថ្ងៃទី១២ ដល់២៣ ឧសភា រួមមាន៖
 
ប្រភេទកីឡាចំណាត់ថ្នាក់ទី១៖ ១. អត្តពលកម្ម ១៤នាក់, ២. កីឡាហែលទឹក ១៦នាក់
 
ប្រភេទកីឡាចំណាត់ថ្នាក់ទី២៖ ៣. កាយសម្ព័ន្ធ ៧នាក់, ៤. បាញ់កាំភ្លើង ២នាក់, ៥. តេក្វាន់ដូ WT ១៤នាក់, ៦. ប្រណាំងទោចក្រយាន ៩នាក់, ៧. គុនដាវ ៨នាក់, ៨. យូដូ ១២នាក់, ៩. វូស៊ូ ៦នាក់, ១០. ចំបាប់ ១៦នាក់, ១១. ប្រដាល់សកល ៨នាក់, ១២. ការ៉ាតេ ១៩នាក់, ១៣. កីឡារាំ ៨នាក់, ១៤. ទ្រីយ៉ាត្លុង ៦នាក់, ១៥. ជឺជីតស៊ូ ២នាក់, ១៦. លើកទម្ងន់ ៦នាក់, ១៧. កានូ/កាយ៉ាក ១៦នាក់, ១៨. បាល់ទាត់ ៤០នាក់, ១៩. បាល់ទះ (លើក្ដារ ១៤នាក់, ឆ្នេរខ្សាច់ ៤នាក់), ២០. បាល់បោះ (5×5 ៨នាក់ និង 3×3 ៨នាក់), ២១. សីដក់ ២០នាក់, ២២. វាយកូនឃ្លីលើតុ ៧នាក់, ២៣. វាយសី ៩នាក់, ២៤. វាយកូនបាល់ ៩នាក់, ២៥. វាយកូនគោល ៤នាក់
 
ប្រភេទកីឡាចំណាត់ថ្នាក់ទី៣៖ ២៦. វ៉ូវីណាម ១៨នាក់, ២៧. ប្រដាល់គុនខ្មែរ ១០នាក់, ២៨. ឃីកបុកស៊ីង ៩នាក់, ២៩. ប៉េតង់ ១៩នាក់, ៣០. កាយវប្បកម្ម ៣នាក់
 
ប្រភេទកីឡាក្រៅការប្រមូលផ្ដុំ៖ ៣១. ប៊ីយ៉ា ស្នូកឃ័រ ៤នាក់, ៣២. កីឡាអេឡិចត្រូនិក ៥នាក់ និង ៣៣. អុកចិន ៣នាក់។
 

Tag:
 ស៊ីហ្គេម
  NOCC
© រក្សាសិទ្ធិដោយ thmeythmey.com