ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី រអ៊ូរទាំថា ដំណើរការជម្រះក្តីលើលោក កឹម សុខា មិនទៅមុខ
27, Apr 2022 , 8:59 pm        
រូបភាព
លោក កឹម សុខា ចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋាន នាពេលកន្លងមក។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា
លោក កឹម សុខា ចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋាន នាពេលកន្លងមក។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា
ដោយ៖ ទេពញាណ

អ្នកនាំពាក្យតុលាការ តបនឹងមេធាវីរបស់លោក កឹម សុខា ថា នីតិវិធីជំនុំជម្រះ ដំណើរការបានត្រឹមត្រូវ។



ក្រោយចេញពីសវនាការលើកទី៣៨ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ មេធាវីរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានប្រាប់ក្រុមអ្នកកាសែត ដែលរង់ចាំនៅមុខតុលាការភ្នំពេញថា លទ្ធផលនៃសវនាការលើកនេះ ក៏មិនសូវខុសពីលទ្ធផលនៃសវនាការលើកមុនៗដែរ។ 
 
លោក ចាន់ ចេន មេធាវីម្នាក់ ក្នុងចំណោមមេធាវីទាំង៤នាក់របស់លោក កឹម សុខា បាននិយាយក្នុងលក្ខណៈមិនសូវពេញចិត្តនឹងតុលាការថា៖«វា អត់មានអ្វី ដែលមានលក្ខណៈជឿនលឿនទៅមុខ តាមការចង់បានរបស់កូនក្តីខ្ញុំបាទ ក៏ដូចជាសហមេធាវីនោះទេ»។ 
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការភ្នំពេញ ឆ្លើយតបយ៉ាងខ្លីទៅនឹងមេធាវីរបស់លោក កឹម សុខា ថា៖«ដោយសារនៅក្នុងចំណាត់ការរបស់ចៅក្រមជំនុំជម្រះ អ៊ីចឹង គាត់ បានដំណើរការនីតិវិធីដ៏ត្រឹមត្រូវរបស់តុលាការរួចហើយ»។ 
 
ដោយមិនលើកពីសវនាការមុនៗ លោកមេធាវី ចាន់ ចេន បានលើកសវនាការលើកទី៣៧ មកប្រៀបធៀបនឹងសវនាការលើកទី៣៨។ លោក អធិប្បាយទៅកាន់ក្រុមអ្នកកាសែតថា សវនាការលើកទី៣៨នេះ មិនខុសពីសវនាការលើកទី៣៧នោះទេ។ មិនខុសនៅត្រង់ថា ក្នុងសវនាការទាំង២លើកនេះ ចៅក្រម បានលើកសំណួរដដែលៗ មកចោទសួរលោក កឹម សុខា។ 
 
លោកមេធាវី បន្តថា ក្នុងសវនាការលើកទី៣៨នេះ ចៅក្រម បានតាំងសំណួរជាច្រើនរហូតដល់ទៅរាប់សិបសំណួរ ទៅកាន់លោក កឹម សុខា។ លោក បន្ថែមថា ជាទូទៅ សំណួរទាំងនោះ មានលក្ខណៈបច្ចេកទេស ដែលពាក់ព័ន្ធនឹងការបោះឆ្នោត កាលពីឆ្នាំ២០១៣ ដូចជា ការចុះឈ្មោះបោះឆ្នោត ការដាក់ភ្នាក់ងារសង្កេតការបោះឆ្នោត ការតវ៉ានឹងលទ្ធផលបោះឆ្នោត និង ទម្រង់នានារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ជាដើម។ 

លោកមេធាវី ចាត់ទុក សំណួរទាំងអស់នោះ ថា មិនពាក់ព័ន្ធនឹងបទសន្ទិដ្ឋភាព ដែលត្រូវបានចោទលើលោក កឹម សុខា ឡើយ។ ជាងនេះទៀត លោក បានអះអាងថា ការតាំងសំណួរទាំងអស់នោះ បានធ្វើឲ្យរំខានចិត្ត និងដាក់សម្ពាធលើលោក កឹម សុខា។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ រិះគន់ត្រឡប់ទៅវិញថា ក្រុមមេធាវីរបស់លោក កឹម សុខា មិនមានមូលដ្ឋានផ្លូវច្បាប់រឹងមាំ ក្នុងការការពារកូនក្តី ហើយបែរជាប្រើលេសចោទប្រកាន់តុលាការទៅវិញ ដើម្បីបិទបាំងអសមត្ថភាពរបស់ខ្លួន។ សម្រាប់លោក ការចោទប្រកាន់របស់ក្រុមមេធាវីកាពារក្តីឲ្យលោក កឹម សុខា ទៅលើតុលាការ គឺមិនសមរម្យឡើយ។

លោក យល់ថា ការដែលក្រុមមេធាវី ប្រើវោហារសាស្រ្ត និងសារនយោបាយ ដើម្បីបន្តុះបង្អាប់តុលាការ គឺមិនអាចការពារលោក កឹម សុខា ជាកូនក្តីបាននោះទេ។ តាមរយៈសារព័ត៌មានថ្មីៗ មន្រ្តីជាន់ខ្ពស់របស់ក្រសួងយុត្តិធម៌រូបនេះ ផ្តល់យោបល់ថា៖«ក្រុមមេធាវី គួរខិតខំប្រើបច្ចេកទេសច្បាប់ វិធីសាស្រ្ត ឬក៏នីតិវិធីផ្លូវច្បាប់ ឲ្យអស់លទ្ធភាព ដើម្បីការពារកូនក្តី ដើម្បីទាញយកផលចំណេញ សម្រាប់កូនក្តី»។
 
លោក កឹម សុខា ធ្លាប់និយាយថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ជិតមកដល់ហើយ ខណៈសំណុំរឿងរបស់លោក ដែលជាមេដឹកនាំគណបក្សប្រឆាំងដ៏ធំ នៅមិនទាន់ដោះស្រាយ។ លោក និយាយបែបនេះទៅកាន់ក្រុមអ្នកកាសែត នៅពេលលោក ដើរចេញពីផ្ទះ រៀបឡើងរថយន្ត ធ្វើដំណើរទៅចូលរួសវនាការ កាលពីដើមខែមីនា ឆ្នាំ២០២២។ 
 
លោក ថ្លែងថា សំណុំរឿងរបស់លោក ត្រូវបានអូសបន្លាយអស់រយៈពេលប្រមាណ៤ឆ្នាំហើយ ដូច្នេះ តុលាការ ល្មមដល់ពេលទម្លាក់បទចោទចេញពីលោកហើយ។ ទន្ទឹមនេះ លោក បានបង្ហាញពីឆន្ទៈចង់ចរចាជាមួយភាគីបក្សកាន់អំណាច។
 
មេដឹកនាំប្រឆាំង ដែលត្រូវបានបិទសិទ្ធិនយោបាយរូបនេះ បញ្ជាក់ថា៖«បើអត់មានដំណោះស្រាយ គឺបង្ហាញច្បាស់ណាស់ គឺមានចេតនា មិនចង់ឲ្យមេដឹកនាំ ឬគណបក្ស ដែលជាគូប្រកួតពិត ដែលជាជម្រើសពិតរបស់ប្រជាពលរដ្ឋ [ចូលរួម] ក្នុងការបោះឆ្នោត អ៊ីចឹងការបោះឆ្នោតហ្នឹង ពិបាកនឹងទទួលស្គាល់ ពិបាកនឹងគិតថា ជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ពិបាកណាស់»។
 
លោក កឹម សុខា ត្រូវបានចោទពីសទ្ទិដ្ឋភាពជាមួយបរទេស តាំងពីខែកញ្ញា ឆ្នាំ២០១៧មក។ បទចោទនេះ សំដៅលើការគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ សវនាការលើលោក ដំណើរការបាន៣៨លើកហើយ ដោយតុលាការ មិនទាន់ធ្វើសេចក្តីសម្រេចអ្វីនោះទេ។ ជារៀងរាល់សប្តាហ៍ តុលាការ បើកសវនាការលើលោកតែ១ព្រឹកប៉ុណ្ណោះ ហើយជាទូទៅ សវនាការរបស់លោក ប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ៕  
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com