កីឡាជាតិ
ជាតិ
កម្ពុជានឹងរៀបចំកីឡាជាតិលើកទី៣ឡើងវិញ ក្រោយកូវីដ-១៩ ស្ងប់ស្ងាត់
28, Apr 2022 , 8:59 am        
រូបភាព
សម្ដេច ហ៊ុន សែន និង លោក ជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការបើកពិធីប្រកួតកីឡាជាតិលើកទី២ កាលពីឆ្នាំ២០១៨។ រូបពី Camsoc
សម្ដេច ហ៊ុន សែន និង លោក ជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការបើកពិធីប្រកួតកីឡាជាតិលើកទី២ កាលពីឆ្នាំ២០១៨។ រូបពី Camsoc
ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២២ នឹងធ្វើទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី១៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ។ នេះបើតាមការសម្រេច របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តបតាមសំណើរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីដើមខែមេសា។


លោក ហួត  សេងទ្រី  ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា គោលដៅសំខាន់ក្នុងការប្រារព្វព្រឹត្តិការណ៍កីឡាជាតិលើកទី៣នេះ ដើម្បីផ្តល់ឱកាសដល់សហព័ន្ធកីឡាជាតិទាំងអស់ ដាក់មន្ត្រីបច្ចេកទេស ដែលបានបណ្តុះបណ្តាលរួច ឲ្យអនុវត្តក្នុងការរៀបចំប្រកួតជាក់ស្ដែងលើទីលានប្រកួត ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍។  
 
ជាពិសេសផ្ដល់ឱកាសឲ្យកីឡាករ កីឡាការិនី បានវាស់ស្ទង់គុណផលកីឡា និងទទួលបានបទពិសោធន៍នៃការប្រកួត រួមទាំងអាចស្ទាបស្ទង់ពីលទ្ធភាពរៀបចំទីលានប្រកួត និងពិធីបើក-បិទកម្មវិធី ឲ្យស្របតាមស្តង់ដារផងដែរ។
 
ថ្លែងប្រាប់សារពត៌មានថ្មីៗ លោក ហួត  សេងទ្រី បាននិយាយថា៖« វាជាការសាកល្បងចុងក្រោយ សម្រាប់ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា និងជាការពង្រឹងការរៀបចំការប្រកួត ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) និងការគោរពតាមវិធានសុវត្ថិភាព សុខភាពរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់»។
 
លោក ហួត  សេងទ្រី មិនទាន់អាចបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នេះ ជាលក្ខណៈទ្រង់ទ្រាយធំដូចមុន ឬយ៉ាងណាទេ ដោយអាស្រ័យលើស្ថានភាពជាក់ស្ដែង នៅក្នុងវិបត្តិរាតត្បាតនៃជំងឺកូវីដ-១៩នេះ។ «បើស្ថានភាពដូចបច្ចុប្បន្ន អាចអនុញ្ញាតឲ្យអ្នកចូលរួមព្រឹត្តិការណ៍បើកកម្មវិធី រហូតដល់៥ម៉ឺននាក់ ប៉ុន្តែស្ថានភាពមិនល្អ យើងនឹងកំណត់ចំនួនមនុស្សចូលរួម»។ នេះបើតាមប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ដែលបន្ថែមថា ការបើកព្រឹត្តិការណ៍កីឡាជាតិនេះ នឹងមានការសម្ដែងសិល្បៈ ប្រគុំតន្ត្រី និងដុតភ្លើងគប់ និងបាញ់កាំជ្រួចជាដើម។
 
ការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ មាន៣៨ ប្រភេទកីឡា និងប៉ារ៉ាឡាំពិក៧ប្រភេទកីឡា ដែលជាប្រភេទកីឡាគ្រោងរៀបចំក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ។
 
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាជាតិ ត្រូវបានកំណត់រៀបចំរាល់ពីរឆ្នាំម្តង ចាប់ពីឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨។ ប៉ុន្តែព្រឹត្តិការណ៍នេះ ត្រូវបានអាក់ខានរៀបចំវិញ នៅឆ្នាំ២០២០ ដោយសារវិបត្តិជំងឺកូវីដ-១៩៕ 
 

Tag:
 ស៊ីហ្គេម
  កីឡាជាតិ
 ហង់ជួន ណារ៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com