កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន៖ បើគ្មានសង្គ្រាម កីឡាករកម្ពុជាអាចលឿនទៅជាងនេះឆ្ងាយ
28, Apr 2022 , 9:07 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី២៨ ខែមេសា នេះ បានជួបសំណេះសំណាលជាមួយកីឡាករ-ការិនី និងប្រតិភូកីឡាកម្ពុជា នៅមុនដំណើរចាកចេញទៅប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម។ នាជំនួបនោះ សម្តេចបានលើកឡើងពីព្រះរាជកិច្ចប្រឹងប្រែងរបស់សម្តេចព្រះវររាជបិតា ក្នុងវិស័យកីឡាកាលពីសម័យសង្គមរាស្ត្រនិយម។



«បើគ្មានសង្គ្រាមកីឡាកម្ពុជា អាចលឿនទៅមុខជាងនេះឆ្ងាយ»។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី នាជំនួបជាមួយអត្តពលិក និងប្រតិភូកីឡាកម្ពុជា៥៦០នាក់។ សម្តេចបានគូសបញ្ជាក់ថា រចនាសម្ព័ន្ធកីឡាមួយចំនួននៅតែសេសសល់រហូតដល់បច្ចុប្បន្ន ដូចជាទីលានបាល់ទាត់ អាងហែលទឹក ជាពិសេសពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោយការរៀបចំកីឡាហ្កាណេហ្វូ។

កីឡាករ កីឡាការិនី និងអត្តពលិករបស់កម្ពុជា ដែលត្រូវបានរៀបចំជ្រើសរើសដោយក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិលើស្មារតីតម្លាភាព និងកម្រិតគុណផលកីឡាខ្ពស់ជាងគេ មានសរុប ៥៦០នាក់ ក្នុងនោះថ្នាក់ដឹកនាំ និងមន្ត្រីកីឡាចំនួន ៤៥នាក់, កីឡាករ-កីឡាការិនីចំនួន ៣៦៣នាក់, គ្រូបង្វឹក-គ្រូជំនួយចំនួន ៩៣នាក់, អាជ្ញាកណ្ដាលចៅក្រមអន្តរជាតិចំនួន ១៦នាក់, អ្នកដឹកនាំក្រុមចំនួន២២នាក់ និងក្រុមគ្រូពេទ្យចំនួន ២១នាក់។

ការប្រកួតកីឡា SEA Games លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម មាន ប្រភេទកីឡាចំនួន ៤០ប្រភេទ និង ៥២៦វិញ្ញាសាប្រកួត។ ប្រទេសដែលបានចុះឈ្មោះចូលរួមប្រកួតជាសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍មានចំនួន ១១ប្រទេស រួមមាន វៀតណាម, កម្ពុជា, ឡាវ, ប្រ៊ុយណេ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី, ហ្វីលីពីន, ថៃ, មីយ៉ាន់ម៉ា និងទីម័រខាងកើត ដែលមានចំនួនកីឡាករ-កីឡាការិនីសរុប ៧១១៥នាក់ និងអ្នកស្ម័គ្រចិត្តបម្រើការងាររៀបចំប្រកួត ៣០០០នាក់។

កម្ពុជាចូលរួមប្រកួតក្នុង៣៣ប្រភេទកីឡា ដែលរួមមាន ហែលទឹក, កាយសម្ព័ន្ធ, បាល់ទាត់ U20 (បុរស-នារី), បាល់ទះលើក្តារ-ឆ្នេរខ្សាច់, កីឡាបាល់បោះ 5X5, 3X3, សីដក់, វាយកូនឃ្លីលើតុ, វាយសី, បាញ់កាំភ្លើង, តេក្វាន់ដូ WT, ប្រណាំងទោចក្រយាន, វាយកូនបាល់, គុនដាវ, យូដូ, វាយកូនគោល, វូស៊ូ, ចំបាប់, ប្រដាល់សកល, ការ៉ាតេ, ប្រដាល់គុនខ្មែរ, ប្រដាល់ Kickboxing, ប៉េតង់, កីឡារាំ, ទ្រីយ៉ាត្លុង, ជីជីតស៊ូ, លើកទម្ងន់, កានូ/កាយ៉ាក់, វ៉ូវីណាម, កាយវប្បកម្ម, ប៊ីយ៉ា-ស្នូកឃ័រ, កីឡាអេឡិចត្រូនិច (E-Sport) និងអុកចិន៕


© រក្សាសិទ្ធិដោយ thmeythmey.com