កីឡាជាតិ
ជាតិ
សម្ដេច​ ហ៊ុន សែន បញ្ជាឱ្យប្រើជើងយន្តហោះពិសេស ដឹកប្រតិភូកីឡាទៅស៊ីហ្គេមវៀតណាម
28, Apr 2022 , 10:12 am        
រូបភាព
សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រៀបចំយន្តហោះពិសេស ដឹកប្រតិភូកីឡាទៅប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាម ។ សម្ដេចថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេល ចេញទៅប្រកួតកីឡាស៊ីហ្គេម ។


សម្ដេច ហ៊ុន សែន ប្រាប់ឱ្យលោក ម៉ៅ ហាវណ្ណាល់ ទាក់ទងទៅក្រុមហ៊ុនអាកាសចរក្នុងស្រុកនានា ដើម្បីរៀបចំយន្តហោះពិសេស ដឹកប្រតិភូកីឡាទៅប្រកួតនៅវៀតណាមតែម្ដង ដោយមិនចាំបាច់ឱ្យពួកគេជិះយន្តហោះរួមគ្នា ជាមួយអ្នកដំណើរដទៃទៀត ដើម្បីបញ្ជៀសហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩។
 
សម្រាប់ការរៀបចំយន្តហោះពិសេសនេះ គឺរដ្ឋាភិបាល ជាអ្នករ៉ាប់រងចំណាយលុយទាំងអស់ ដើម្បីលើកទឹកចិត្តដល់ប្រតិភូកីឡា។ «បើក្រុមហ៊ុន(អាកាសចរ)គេ ចុះ(តម្លៃ)ពាក់កណ្ដាល ឬមិនយក គឺវាកាន់តែល្អ ដើម្បីចូលរួមលើកមុខមាត់ប្រទេសជាតិ ក្នុងវិស័យកីឡា»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល។  
 
ក្រៅពីនេះ សម្ដេច ហ៊ុន សែន ក៏ចំណាយប្រាក់ឧបត្ថម្ភដល់ប្រតិភូកីឡា ចំនួន៥០០ដុល្លារក្នុងម្នាក់ៗផងដែរ។ «៥០០ដុល្លារ ជាចំនួនមួយដ៏តិច ប៉ុន្តែរដ្ឋាភិបាល ក៏ចំណាយច្រើនដែរ តែពេលបានមេដាយត្រឡប់មកវិញ រដ្ឋាភិបាលក៏ចំណាយទៀត»។ សម្ដេច បន្ថែមបែបនេះ។
 
កន្លងមករដ្ឋាភិបាល ក៏ធ្លាប់ប្រើប្រាស់យន្តហោះពិសេស ដឹកជំនួយទៅប្រទេសនេប៉ាល់ ឡាវ និងទីម័រខាងកើតផងដែរ។
 
ប្រតិភូកីឡា ៥៦០នាក់ ត្រូវទៅចូលរួមប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាម។ ក្នុងនោះមាន ថ្នាក់ដឹកនាំ និងមន្ត្រីកីឡាចំនួន ៤៥នាក់, កីឡាករ-កីឡាការិនីចំនួន ៣៦៣នាក់, គ្រូបង្វឹក-គ្រូជំនួយចំនួន ៩៣នាក់, អាជ្ញាកណ្ដាលចៅក្រមអន្តរជាតិចំនួន ១៦នាក់, អ្នកដឹកនាំក្រុមចំនួន២២នាក់ និងក្រុមគ្រូពេទ្យចំនួន ២១នាក់។
 
កម្ពុជាត្រៀមចូលរួមប្រកួត ៣៣ប្រភេទកីឡា ដែលរួមមាន៖ កីឡាសីដក់, កីឡាវាយកូនឃ្លីលើតុ, កីឡាវាយសី, កីឡាបាញ់កាំភ្លើង, កីឡាតេក្វាន់ដូ WTI, កីឡាប្រណាំងទោចក្រយាន, កីឡាវាយកូនបាល់, កីឡាគុនដាវ, កីឡាយូដូ, កីឡាវាយកូនគោល, កីឡាវូស៊ូ, កីឡាចំបាប់, កីឡាប្រដាល់សកល, កីឡាការ៉ាតេ, កីឡារាំ, កីឡាទ្រីយ៉ាត្លុង, កីឡាជីជីតស៊ូ, កីឡាលើកទម្ងន់, កីឡាអត្តពលកម្ម, កីឡាហែលទឹក, កីឡាកាយសម្ព័ន្ធ, កីឡាបាល់ទាត់ U20 (បុរស-នារី), កីឡាបាល់ទះលើក្តារ-ឆ្នេរខ្សាច់, កីឡាបាល់បោះ 5X5, 3X3, កីឡាកានូ/កាយ៉ាក, កីឡាវ៉ូវីណាម, កីឡាប្រដាល់គុនខ្មែរ, កីឡាប្រដាល់ Kick boxing, កីឡាប៉េតង់, កីឡាកាយវប្បកម្ម, កីឡាប៊ីយ៉ា-ស្នូកឃ័រ, កីឡាអេឡិចត្រូនិច (E-Sport) និងកីឡាអុកចិន។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានប្រតិភូកីឡាកម្ពុជាចូលរួមប្រកួតកីឡា SEA Games លើកទី៣១ វៀតណាម៕
 

Tag:
 ហ៊ុន សែន
  ស៊ីហ្គេមវៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com