អត្ថបទពាណិជ្ជកម្ម
ធនាគារ អេស៊ីលីដា ចាប់ដៃគ្នាជាមួយធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្មគំាទ្រ ដល់ការពង្រីកការដំាដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិត​ផលកសិកម្ម
31, Mar 2022 , 4:09 pm        
រូបភាព
ភ្នំពេញៈ ធនាគារ អេស៊ីលីដា ភីអិលស៊ី(អេស៊ីលីដា) ចុះហត្ថលេខាលើអនុស្សរណៈ (MoU) ជាមួយធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម(ធ.អ.ជ.ក.) ស្តីពីកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងផ្តល់ឥណទាន គាំទ្រ ដល់ការពង្រីកការដាំដុះបន្លែ-ផ្លែឈើការចិញ្ចឹមសត្វវារីវប្បកម្ម និងការកែច្នៃផលិត​ផលកសិកម្ម ព្រមទាំងឥណទាន​គាំទ្រដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យមៀនប៉ៃលិនស្វាយ និងស្វាយចន្ទី។
  

ពិធីចុះ MoU នេះត្រូវបានធ្វើឡើងរវាងលោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា និង​លោកកៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ​​កាលពី ថ្ងៃទី២៩ខែមីនា ឆ្នាំ២០២២។
 
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា នេះជាមោទកភាពបំផុត ដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បានចូលរួមចំណែក ក្នុងការគាំទ្រ​គោលនយោបាយ​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងវិស័យកសិកម្ម តាមរយៈការជំរុញឱ្យមានស្ថិរភាព ខ្សែច្រវាក់ផ្គត់ផ្គង់​ក្នុងទីផ្សារសម្រាប់គាំទ្រការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។
 
អនុស្សរណៈនៃការយោគយល់គ្នានេះ មានចក្ខុវិស័យរួមក្នុងការលើកកម្ពស់វិស័យកសិកម្ម តាមរយៈការផ្តល់​ឥណទាន​​រួមគ្នា លើវិស័យសំខាន់ៗចំនួន ០៦ រួមមាន ការចិញ្ចឹមសត្វ វារីវប្បកម្ម ការដាំដុះបន្លែ-ផ្លែឈើ និងការកែច្នៃ​ផលិតផលកសិកម្ម ​ព្រមទាំងឥណទានគាំទ្រ ដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យ​មៀនប៉ៃលិនស្វាយ និងស្វាយចន្ទី ក្រោមប្រភពទុនរួមគ្នា (៥០%-៥០%) រវាងធ.អ.ជ.ក. និង អេស៊ីលីដាដោយស្ថិតលើមូលដ្ឋាន “មកមុនផ្តល់ជូនមុន” ឬ First Come, First Served។ ការពង្រីកឥណទានលើវិស័យទាំង០៦ ខាងលើនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនផលិតកម្មក្នុងស្រុក ការបង្កើតការងារ និងផលចំណូលជូនប្រជាពលរដ្ឋ ជាពិសេសនៅទីជនបទ។
 
លោក កៅ ថាច បានមានប្រសាសន៍ថាថ្ងៃនេះ ជាសក្ខីភាពនៃការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេស ​របស់រាជរដ្ឋាភិបាលដំណាក់កាលទី២ ដែល ធ.អ.ជ.ក.និងធនាគារ អេស៊ីលីដា ភីអិលស៊ីបានសហការគ្នា​ អនុវត្តយន្តការសហហិរញ្ញប្បទានចែករំលែកហានិភ័យ សំដៅផ្តល់ឥណទានគាំទ្រដល់វិស័យកសិកម្ម។​​​​
 
លោកបានមានប្រសាសន៍ថា៖ «យន្តការនេះ ជាការដាក់មូលនិធិជាកញ្ចប់រួម ក្នុងគោលបំណងពង្រីកវិសាលភាព និងទំហំឥណទានដែលបង្ហាញពីការរួមចំណែកពីធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែមលើហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដែលមានក្នុងកម្មវិធីនេះហើយ ក៏ជាយន្តការថ្មីដែលវិស័យឯកជន បានរួមចំណែកចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីពិសេសនេះ»។
 
លោកបានគូសបញ្ជាក់ថា ក្នុងអំឡុងពេលដែលស្ថានភាពសេដ្ឋកិច្ចជាតិ ប្រឈម​នឹងវិបត្តិជំងឺកូវីដ-១៩ និងស្ថិត​ក្នុង​ដំណាក់​កាល​ស្តារសេដ្ឋកិច្ច ធ.អ.ជ.ក.នៅតែបន្តការគាំទ្រការផ្តល់ឥណទានកសិកម្ម យ៉ាង​សកម្មក្នុង​គោលដៅ​រក្សាលំនឹងអាជីវកម្ម របស់ SMEs ក្នុងវិស័យកសិកម្ម តាមរយៈប្រភពទុននៃកម្ម​វិធីហិរញ្ញប្បទាន​ពិសេស របស់រាជរដ្ឋាភិបាល​ ដំណាក់កាលទី១ គាំទ្រដល់ការដាំបន្លែ-ផ្លែឈើ  ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម។ ដើម្បីបន្តជួយគាំទ្រផ្តល់ឥណទានកសិកម្ម ក្នុងអត្រាការប្រាក់សម្បទានដល់​សហគ្រាសធុនតូច​ និងមធ្យមក្នុងវិស័យកសិកម្ម​។
 
កាលពីថ្ងៃ ទី១៤ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកញ្ចប់ថវិកាកម្មវិធីហិរញ្ញប្បទានពិសេស ដែលមានទឹកប្រាក់ចំនួន ៥០ លានដុល្លារអាម៉េរិក​ ដំណាក់កាលទី២ ដល់ ធ.អ.ជ.ក សម្រាប់ប្រើប្រាស់លើការផ្តល់ហិរញ្ញប្បទានផ្ទាល់ (Direct Lending) និងសម្រាប់កម្មវិធីសហហិរញ្ញប្បទានចែករំលែកហានិភ័យ ជាមួយគ្រឹះស្ថានធនាគារ ​និងហិរញ្ញវត្ថុ ​សំដៅ​គាំទ្រដល់ការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វវារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម ព្រមទាំង​ឥណទានគាំទ្រដល់តួអង្គ ក្នុងខ្សែច្រវាក់ផលិតកម្ម ក្នុងវិស័យមៀនប៉ៃលិនស្វាយ និងស្វាយចន្ទី៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com