កីឡាជាតិ
ជាតិ
Next Step ជួបវិបត្ដិហិរញ្ញវត្ថុ និងសុំដកខ្លួនចេញពី League Cup
28, Apr 2022 , 4:33 pm        
រូបភាព
ក្រុមណិចស្ដិប រូបពីក្លិបណិចស្ដិប
ក្រុមណិចស្ដិប រូបពីក្លិបណិចស្ដិប
ការប្រកួតពានរង្វាន់League Cup នឹងចាប់ផ្ដើមប្រកួតសន្សំពិន្ទុក្នុងពូល ចាប់ពីថ្ងៃទី៣០ មេសា ដោយមាន១៦ក្រុមចូលរួម។ ណិចស្ដិបអេហ្វស៊ី (Next Step FC) ជាក្រុមមួយ នៅក្នុងការប្រកួតនេះ  កំពុងជួបវិបត្តិហិរញ្ញវត្ថុ ។


Next Step បានដាក់សំណើរសុំដកខ្លួនពីការប្រកួតLeague Cup ប៉ុន្តែត្រូវបានក្រុមហ៊ុន Cambodian Premier League ច្រានចោល ហើយព្រមានដាក់ពិន័យថែមទៀត ប្រសិនជាក្លិបដែលមានមូលដ្ឋានៅខេត្តសៀមរាបមួយនេះ ដកខ្លួនចេញមែន។
 
ការប្រកួតនៅក្នុងក្របខ័ណ្ឌលីគ២កម្ពុជា នា៥ប្រកួតចុងក្រោយនេះ ក្រុមNext Step ធ្វើមិនបានល្អទេ ដោយសារបញ្ហាហិរញ្ញវត្ថុមិនគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់លើការចំណាយ និងហ្វឹកហាត់ផ្សេងៗរបស់ក្លិប។ លោក Charlie ស្ថាបនិក និងជាគ្រូបង្គោលក្លិប Next Step បានប្រាប់សារព័ត៌មានថ្មីៗថា៖«ប៉ុន្មានប្រកួតចុងក្រោយ យើងធ្វើមិនបានល្អ ព្រោះយើងមិនមានលទ្ធភាពហ្វឹកហាត់ និងរៀបចំខ្លួនគ្រប់គ្រាន់ ដើម្បីត្រៀមប្រកួតគ្រប់គ្រាន់»។ 
 
Next Step មិនបានបង្ហាញព័ត៌មានលម្អិតជុំវិញបញ្ហាខ្វះខាតហិរញ្ញវត្ថុនេះទេ ព្រោះវាជាបញ្ហាផ្ទៃក្នុងក្លិប ។ តែយ៉ាងណា Next Step ត្រូវការពេល៦សប្ដាហ៍ ដើម្បីដោះស្រាយបញ្ហាខ្លួន។ នេះបើតាមការបង្ហោះលើគណនីហ្វេសប៊ុកក្លិប ។
 
ដ្បិតកំពុងប្រឈមមុខនឹងបញ្ហាផ្ទៃក្នុងក៏ដោយ តែក្លិបនៅសៀមរាបមួយនេះ ប្ដេជ្ញាប្រឹងប្រែងដោះស្រាយ ជាពិសេសការពង្រឹងសមត្ថភាពកីឡាករ។  សម្រាប់ការប្រកួតដំបូងនៅក្នុងពូល D នោះ  Next Step  ត្រូវជួបវិសាខា។ 
 
ស្ថាបនិក និងជាគ្រូបង្គោលក្លិប Next Step ថា៖«ការប្រកួតក្នុងពូល ប្រសិនជាឈ្នះ ការប្រកួតនេះ គឺជាសមិទ្ធផលថ្មីសម្រាប់ក្លិប។ តែបើបរាជ័យ យើងក៏ទទួលបានបទពិសោធន៍ប្រកួតមួយចំនួន។ យើង ផ្ដល់ឱកាសដល់កីឡាកររបស់យើង បញ្ចេញសមត្ថភាព»។
 
ការប្រកួតពានរង្វាន់League Cup នាថ្ងៃទី៣០ ខែមេសា នៅក្នុងពូល A ណាហ្គាវើលដ៍ ប្រកួតជាមួយ ISI ដង្កោសែនជ័យ នៅកីឡដ្ឋាន AEU Sport Park ខណៈ គិរីវង់សុខសែនជ័យ ប៉ះ កោះកុងអេហ្វស៊ី នៅទីលានសាលាកីឡាបាល់ទាត់ជាតិបាទី។ ចំណែកពូល B ព្រះខ័នរាជ ស្វាយរៀង ជួបជាមួយ សៀមរាបអេហ្វស៊ី នៅកីឡដ្ឋានខេត្តស្វាយរៀង ស្របពេលកងយោធពលខេមរភូមិន្ទ ប្រកួតជាមួយ អគ្គីសនីកម្ពុជា នៅកីឡដ្ឋានស្ដាតចាស់។ 
 
ដោយឡែក ពូល C វិញ ភ្នំពេញក្រោន ស្វាគមន៍ នគរបាលជាតិ នៅកីឡដ្ឋាន Smart RSN នៅថ្ងៃទី១ ខែឧសភា បន្ទាប់ពីការប្រកួតរវាង បឹងកេត និងសាលាកីឡាបាល់ទាត់ជាតិ នៅកីឡដ្ឋានCambodian Airway។ ចំពោះពូល D វិសាខា ប៉ះ Next Step នៅកីឡដ្ឋានព្រីនស៍ បន្ទាប់ពី ជំនួបអង្គរថាយហ្គឺរ និងព្រៃវែង នៅកីឡដ្ឋានហនុមាន។
 
គួរបញ្ជាក់ថា Next Step  នាដើមរដូវកាល នៃការប្រកួតលីគ២ ធ្វើបានល្អណាស់ ដោយឈ្នះជើងឯករដូវកាល២០២១ សាលាកីឡាបាល់ទាត់ជាតិ។ ប៉ុន្តែការប្រកួតក្រោយៗមក Next Step ក៏ធ្លាក់ទម្រង់លេង ហើយចាញ់ជាបន្តបន្ទាប់៕
 

Tag:
 បាល់ទាត់
  League Cup
  ណិចស្ដិប
© រក្សាសិទ្ធិដោយ thmeythmey.com