កីឡាជាតិ
ជាតិ
លោក ថោង ខុន ចាត់ទុកស៊ីហ្គេមនៅវៀតណាម ជាការប្រកួតយុទ្ធសាស្ដ្រ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៣
28, Apr 2022 , 7:59 pm        
រូបភាព
ភ្នំពេញ៖ ស៊ីហ្គេមនៅវៀតណាម ជាការប្រកួតយុទ្ធសាស្ដ្រ សម្រាប់កម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ នេះជាការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រធានប្រតិភូកីឡាកម្ពុជាចូលរួមប្រកួតកីឡា SEA Games លើកទី៣១ វៀតណាម។


លោក ថោង ខុន បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជាថា ការបញ្ជូនអត្តពលិកទៅប្រកួតស៊ីហ្គេមនៅវៀតណាមនេះ មានលក្ខណៈទ្រង់ទ្រាយធំជាងពេលមុនៗ សម្រាប់ការប្រកួតក្នុងក្របខ័ណ្ឌយុទ្ធសាស្ដ្រ ក្នុងការវាយតម្លៃវាស់ស្ទង់ និងផ្ទៀតផ្ទាត់សមត្ថភាព និងគុណផលកីឡារបស់អត្តពលិកជម្រើសជាតិកម្ពុជា ដើម្បីប្រមូលទិន្នន័យ សម្រាប់វិភាគលើភាពខ្លាំង និងខ្សោយពួកគេ។ 
 
បើតាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារូបនេះ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅវៀតណាម ជាឱកាសល្អសម្រាប់កម្ពុជា ក៏ដូចជាមន្ដ្រីកីឡាប្រចាំសហព័ន្ធកីឡាជាតិ និងមន្ដ្រីជំនាញ ទទួលបានបទពិសោធន៍ក្នុងការអនុវត្ត និងរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា។ ជាពិសេសពង្រឹងសមត្ថភាព អត្តពលិក ឲ្យបានមុតស្រួច ឆ្ពោះទៅរកឧត្តមភាពបច្ចេកទេសកីឡា ក្នុងការប្រកួតស៊ីហ្គេម នាឆ្នាំ២០២៣ ។ 
 
កម្ពុជា នឹងបញ្ជូន ប្រតិភូកីឡាសរុប៥៦០នាក់ ក្នុងនោះថ្នាក់ដឹកនាំ និងមន្ត្រីកីឡាចំនួន ៤៥នាក់, កីឡាករ-កីឡាការិនីចំនួន ៣៦៣នាក់, គ្រូបង្វឹក-គ្រូជំនួយចំនួន ៩៣នាក់, អាជ្ញាកណ្ដាលចៅក្រមអន្តរជាតិចំនួន ១៦នាក់, អ្នកដឹកនាំក្រុមចំនួន២២នាក់ និងក្រុមគ្រូពេទ្យចំនួន ២១នាក់ ដើម្បីចូលរួមស៊ីហ្គេមលើកទី៣១។
 
គួរបញ្ជាក់ថា វៀតណាម ត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេមនេះ នៅឆ្នាំ២០២១ តែដោយសារបញ្ហារីករាលដាលកូវីដ-១៩ ទើបវៀតណាមសុំលើកពេល មកធ្វើនៅអំឡុងខែឧសភា ឆ្នាំ២០២២វិញ។ វៀតណាមបានរៀបចំកីឡា៤០ប្រភេទ និង៥២៦វិញ្ញាសា សម្រាប់ប្រទេស ដែលជាសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ចូលរួមប្រកួត៕
 

Tag:
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com