ជាតិ
សង្គមជាតិ
ប៉ូលិស​​​ចរាចរណ៍ម្នាក់រងពិន័យ​៤សែន​រៀល ក្រោយបើកបរទាំងស្រវឹង និងជ្រុលចង្កូតបុករបងទីសាធារណៈ
28, Apr 2022 , 5:04 pm        
រូបភាព
មន្រី្តប៉ូលីសចរាចរណ៍ម្នាក់ដែលមិន​ត្រូវបាន​បញ្ចេញឈ្មោះជាសាធារណៈ ត្រូវ​បាន​សមត្ថកិច្ច​នាំទៅអប់រំ និងពិន័យ​ចំនួន​៤សែន​រៀល ក្រោយមន្ត្រីរូបនេះ បាន​បើក​បរក្រោម​ស្ថានភាព​ស្រវឹង ហើយជ្រុល​ចង្កូត​បុក​របង​សាលា​ថែទាំវេជ្ជសាស្ត្រ ខណ្ឌ​បឹង​កេងកង រាជ​ធានីភ្នំពេញ។

 
តាមរយៈទំព័រ​ហ្វេសប៊ុក​របស់ខ្លួន ស្នងការនគរបាល​រាជ​ធានីភ្នំពេញ បាន​បំភ្លឺ​ថា មន្រី្តប៉ូលីស​ចរាចរណ៍ដែលបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៧ ខែ​មេសា គឺជាករណីបុគ្គល។ មន្ត្រីបង្កហេតុរូបនេះ ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោក​ នាំទៅធ្វើការផាកពិន័យតាមច្បាប់។ 
 
កាលពីយប់ថ្ងៃទី២៧មេសា ម៉ោងប្រមាណ២២យប់ នៅចំណុចកែងផ្លូវលេខ២៧១ លើផ្លូវ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង មន្រី្តប៉ូលីសម្នាក់បានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយបើករថយន្តក្រោមស្ថានភាពស្រវឹង។ ករណីនេះ នាំឲ្យរថយន្តបុរសនោះ ទៅបុកនឹងរបងសាលាថែទាំវេជ្ជសាស្ត្រ។ 
 
ក្នុងការស្រាយបំភ្លឺរបស់ខ្លួន ស្នងការដ្ឋាននគរបាលជាតិលើបណ្ដាញសង្គម បានបង្ហាញរូបភាពនៃការធ្វើកិច្ចសន្យានិងអមជាមួយរូបប័ណ្ណពិន័យដែលមានចំនួនទឹកប្រាក់៤សែនរៀល។  អនុក្រឹត្យ ស្តីពីការពិន័យអន្តរការណ៌ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៌ផ្លូវគោក មាត្រា១០ថ្មីចែងថា​អ្នកបើកបររថយន្តធុនស្រាលក្នុងភាពស្រវឹង ដែលមានអត្រាជាតិអាល់កុល ចាប់ពី០,៤០ មីលីក្រាម ក្នុងមួយលីត្រខ្យល់ នឹងត្រូវពិន័យ២លានរៀល ហើយរថយន្តធុនធ្ងន់នឹងរងពិន័យ៤លានរៀល។ 
 
យ៉ាងណាក្ដី លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអះអាងថា សមត្ថកិច្ចបានអនុវត្តតាមច្បាប់ ហើយដាក់វិន័យកងកម្លាំងនគរបាលលើមន្រី្តរូបនេះ។ 
 
លោកថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមយ៉ាងដូច្នេះ៖ «នៅថ្ងៃនេះ យើងអនុវត្តផាកពិន័យ ណែនាំអប់រំ ធ្វើកិច្ចសន្យា និងដាក់ពិន័យកងកម្លាំង។ ហើយទាក់ទងនឹងច្បាប់ផាកពិន័យ គេមិនបានផ្ដោតតែលើឡានតូចឡានធំទេ គឺគេភ្ជាប់ជាមួយគ្នា មានឡានតូច ឡានធំ ហើយកម្រិតនៃសារធាតុស្រវឹងទៀត។ អ៊ីចឹង គេផ្ដោតលើការវាស់ជាក់ស្ដែង ហើយគេពិន័យទៅតាមហ្នឹង»៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com