ជាតិ
សង្គមជាតិ
លោក មុំ គង់៖ ក្រុមហ៊ុនថ្នាំជក់ ប្រើប្រាស់កម្មវិធីទំនួលខុសត្រូវសង្គម ដើម្បីបំភ័ន្តភ្នែក និងឆ្លៀតឱកាសផ្សព្វផ្សាយផលិតផល
29, Apr 2022 , 8:59 am        
រូបភាព
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា
ដោយ ៖ ធន់ សេងហុង 
 
 
ក្រុមហ៊ុនថ្នាំជក់ បានបង្កើតកម្មវិធីទំនួលខុសត្រូវសង្គម ដើម្បីបង្កើនភាពស្របច្បាប់របស់ខ្លួន ក្នុងការពង្រីកទីផ្សារ និងបង្កើនការលក់ផលិតផលរបស់ពួកគេ។ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា​ បានថ្លែងបែបនេះ នៅក្នុងសិក្ខាសាលាស្តីពីផលប៉ះពាល់នៃការឧបត្ថម្ភរបស់ក្រុមហ៊ុនថ្នាំជក់ កាលពីថ្ងៃទី២៧ មេសា នៅខេត្តកំពង់ចាម។

 
លោកវេជ្ជបណ្ឌិត មុំ គង់ បានមើលឃើញថា ក្រុមហ៊ុនថ្នាំជក់ បានប្រើប្រាស់សកម្មភាពសប្បុរសធម៌មួយចំនួន ដើម្បីបំភ័ន្តភ្នែកសាធារណជន និងឆ្លៀតឱកាសផ្សព្វផ្សាយផលិតខ្លួន​ ។ ជាពិសេសពួកគេបានជ្រៀតខ្លួន ចូលកៀកជិតអ្នកតាក់តែងគោលនយោបាយ ដើម្បីបន្ធូរបន្ថយពន្ធថ្នាំជក់ និងបញ្ចៀសការអនុវត្តច្បាប់លើក្រុមហ៊ុនពួកគេ។
 
នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា​ បាននិយាយដូច្នេះថា៖«ទោះស្ថិតក្នុងទម្រង់ណាក៏ដោយ ក្រុមហ៊ុនថ្នាំជក់ តែងតែប្រើប្រាស់មធ្យោបាយផ្សេងៗ ជាពិសេសទៅលើកម្មវិធីទំនួលខុសត្រូវសង្គម ក្នុងការបំភ័ន្តភ្នែក ឆ្លៀតឱកាសក្នុងការផ្សព្វផ្សាយនៅផលិតផលរបស់ខ្លួន ទៅដល់សាធារណជន តាមរយៈការចូលរួមក្នុងសកម្មភាពសប្បុរសធម៌ ខណៈដែលរដ្ឋាភិបាល កំពុងត្រូវការជំនួយបន្ទាន់ដូចជា គ្រោះទឹកជំនន់ វិបត្តិជំងឺកូវីដ-១៩ជាដើម ដើម្បីជាការបន្ទន់ចិត្តទៅដល់រាជរដ្ឋាភិបាល ក្នុងការមិនដំឡើងពន្ធថ្នាំជក់ ដូចពាក្យចាស់ថា ឱ្យរបស់ស្រណោះដៃ»។ 
 
លោក សុង ឌៀរ៉ាក់ មន្រ្តីគម្រោងនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បន្ថែមថាគោលបំណងសំខាន់ដែលក្រុមហ៊ុនថ្នាំជក់ បង្កើតកម្មវិធីទំនួលខុសត្រូវសង្គម គឺបង្កើនភាពស្របច្បាប់របស់ខ្លួន ក្នុងការពង្រីកទីផ្សារ និងបង្កើនការលក់។ លោកថា កាលណាកម្មវិធី​ទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុនថ្នាំជក់ កាន់តែទូលាយ វានឹងនាំឱ្យការយល់ដឹងពីគ្រោះថ្នាក់នៃផលិតផលថ្នាំជក់កាន់តែចង្អៀត។
 
«កម្មវិធីទំនួលខុសត្រូវសង្គម ត្រូវបានឧស្សាហកម្មថ្នាំជក់ ប្រើជាយុទ្ធសាស្រ្តដើម្បីជៀសវាងឥទ្ធិពលនៃច្បាប់រដ្ឋាភិបាល ដែលធ្វើឡើងក្នុងការកាត់បន្ថយថ្នាំជក់។ ក្នុងន័យនេះ ក្រុមហ៊ុន​ថ្នាំជក់មានគោលបំណងជៀសវាងការគោរពច្បាប់ ដោយការផ្តល់ឱ្យក្នុងទម្រង់ស្ម័គ្រចិត្ត នៅក្នុងការចូលរួមរបស់រដ្ឋាភិបាលជំនួសវិញ»។ នេះបើតាមលោក សុង ឌៀរ៉ាក់។
 
ជាទូទៅឧស្សាហកម្មថ្នាំជក់ បានប្រើប្រាស់កម្មវិធី​ទំនួលខុសត្រូវសង្គម ជាយុទ្ធសាស្ត្រទៅលើចំណុចសំខាន់ៗចំនួន៣ រួមមាន ៖ ទី១ បង្កើនកេរ្តិ៍ឈ្មោះ មុខមាត់ និងប្រមូលយកសេចក្តីទុកចិត្តសម្រាប់ក្រុមហ៊ុន តាមរយៈកិច្ចសហការទទួលខុសត្រូវសង្គម (Corporate Social Responsibility)។ ទី២ ជាផ្លូវចូលទៅកាន់តែជិតអ្នកបង្កើតគោលនយោបាយ ដើម្បីបង្កើនឱកាសក្នុងការសន្ទនាជាមួយពួកគេ ក្នុងការបន្ធូរបន្ថយពន្ធទៅលើថ្នាំជក់។  ទី៣ កៀងគរការគាំទ្រ ដើម្បីកែប្រែច្បាប់ ប្រឆាំងនឹងភស្តុតាងវិទ្យាសាស្រ្ត ដែលបង្ហាញពីគ្រោះថ្នាក់នៃឧស្សាហកម្មថ្នាំជក់ ព្រមទាំងធ្វើឱ្យបុគ្គលិកមានមោទកភាព និងចង់ធ្វើការនៅក្រុមហ៊ុនខ្លួន ដោយមិនចាប់អារម្មណ៍លើផលប៉ះពាល់នៃផលិតផលក្រុមហ៊ុន ។ លោក សុង ឌៀរ៉ាក់ បន្ថែម។
 
សូមជម្រាបថា ថ្នាំជក់ធ្វើឱ្យមនុស្សស្លាប់ ប្រមាណ៨លាននាក់រៀងរាល់ឆ្នាំ នៅទូទាំងពិភពលោក ដោយសារជំងឺសរសៃឈាមបេះដូង សួត មហារីក ទឹកនោមផ្អែម លើសសំពាធឈាម និងជំងឺជាច្រើនមុខផ្សេងទៀត ។ ​ក្នុងនោះប្រជាពលរដ្ឋកម្ពុជា ដែលស្លាប់ដោយសារថ្នាំជក់មានប្រមាណ ១៥ ០០០នាក់រាល់ឆ្នាំ។ 
 
ចំណែកថវិកាទូទាំងពិភពលោក ប្រមាណ ១,៤ ទ្រីលានដុល្លារអាម៉េរិក ត្រូវបានខាតបង់លើផលិតផលថ្នាំជក់ ក្នុងនោះកម្ពុជា ខាតថវិកាប្រមាណ ៦៤៩ លានដុល្លារ ក្នុងមួយឆ្នាំៗ ដោយសារផលប៉ះពាល់ថ្នាំជក់៕
 

Tag:
 ថ្នាំជក់
© រក្សាសិទ្ធិដោយ thmeythmey.com