ជាតិ
សង្គមជាតិ
«ក្តីសង្ឃឹម ហ៊ុន ម៉ានី»​ សៀវភៅដែល​បង្ហាញពីចក្ខុវិស័យ​​អ្នក​បន្តវេន
28, Apr 2022 , 6:06 pm        
រូបភាព
លោក លាង ដឺលុច សហស្ថាបនិកសារព័ត៌មានថ្មីៗ កំពុងថ្លែងក្នុងសន្និសីទកាសែត ក្នុងពិធីសម្ពោធសៀវភៅ«ក្តីសង្ឃឹម ហ៊ុន ម៉ានី» នាព្រឹកថ្ងៃទី២៨មេសា ឆ្នាំ២០២២។
លោក លាង ដឺលុច សហស្ថាបនិកសារព័ត៌មានថ្មីៗ កំពុងថ្លែងក្នុងសន្និសីទកាសែត ក្នុងពិធីសម្ពោធសៀវភៅ«ក្តីសង្ឃឹម ហ៊ុន ម៉ានី» នាព្រឹកថ្ងៃទី២៨មេសា ឆ្នាំ២០២២។
សៀវភៅ «ក្តីសង្ឃឹម ហ៊ុន ម៉ានី»​​  ជាស្នាដៃនិពន្ធរបស់លោក លាង ដឺលុច សហស្ថាបនិក និងជាចាងហ្វាង​ ការផ្សាយ​នៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (ThmeyThmey.com)។ សៀវភៅនេះ រៀបរាប់អំពីការចាប់ផ្តើមប្រឡូកក្នុងវិស័យនយោបាយនិងសង្គម របស់លោក ហ៊ុន ម៉ានី ដែលចង់ឃើញប្រទេសកម្ពុជាចម្រើន ប្រជាពលរដ្ឋមានជីវភាពរុងរឿង និងយុវជនពោរពេញដោយសមត្ថភាពខ្ពស់ដែលអាចប្រកួតប្រជែងថ្នាក់តំបន់ និងពិភពលោក។

 
«ក្តីសង្ឃឹម ហ៊ុន ម៉ានី​ ជាចំណងជើងសៀវភៅ ដែលកើតចេញពីការសម្រេចចុងក្រោយ ដោយ​ខ្ញុំយល់អំពីលោក ហ៊ុន ម៉ានី នៅពេលដែលខ្ញុំបានជួបជជែក សម្ភាសច្រើនម៉ោងជាមួយគាត់ ក៏ដូចជាជួបជាមួយអ្នកធ្លាប់ស្គាល់គាត់ និងអ្នកនៅជុំវិញគាត់»។ លោក លាង ដឺលុច បានថ្លែងបែបនេះនៅក្នុងសន្នីសីទសារព័ត៌មាន​ផ្សព្វផ្សាយ ​សៀវភៅនៅ​ការិយាល័យ​សារព័ត៌មាន​ថ្មីៗ នាព្រឹក​ថ្ងៃទី​២៨ ខែមេសា។ ​
 



លោក លាង ដឺលុច បាន​ចំណាយ​ពេល​ពីរ​ឆ្នាំក្នុង​ការសរសេរ​សៀវភៅ​កម្រាស់​ជាង​២៥០ទំព័រនេះ បន្ទាប់ពី​គំនិត​ចង​ក្រង ស្រាវជ្រាវ និង​សម្ភាស​លោក ហ៊ុន ម៉ានី ជាបន្តបន្ទាប់ ក្រោយ​លោក​ក្លាយជាតំណាង​រាស្ត្រ​ខេត្តកំពង់ស្ពឺ ពី​ឆ្នាំ២០១៣ មក។ 
 
សៀវភៅ «ក្តីសង្ឃឹម ហ៊ុន ម៉ានី» បង្ហាញអំពីបុគ្គលិកលក្ខណៈរបស់លោក ហ៊ុន ម៉ានី ដែលសម្រេចចិត្តចូលប្រឡូក នយោបាយតាមគន្លង​ឪពុករបស់ខ្លួន។ លើសពីនេះ លោក ដឺលុច ក៏សរសេរអំពីឥទ្ធិពលរបស់អ្នកនយោបាយបន្តវេនរូបនេះ ទៅលើយុវជនកម្ពុជា ក្នុងឆន្ទៈដែលជួយធ្វើឱ្យកម្ពុជារីកចម្រើន​ និងមានអធិបតេយ្យភាពពេញលេញនៅលើឆាកអន្តរជាតិ។ 
 
ក្រៅពីជាកូនប្រុសពៅរបស់សម្តេច​នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន លោក ហ៊ុន ម៉ានី ក៏ជាឥស្សរជនមួយរូប ដែលមានឥទ្ធិពលខ្លាំងក្នុងការដឹកនាំចលនាយុវជន និងនយោបាយ ផងដែរ។ នេះជាហេតុផលចម្បងមួយដែល លោក លាង ដឺលុច​ សម្រេចជ្រើសរើសតួអង្គ លោក ហ៊ុន ម៉ានី ក្នុងការសរសេរសៀវភៅ ជាស្នាដៃដំបូងរបស់ខ្លួនឡើង។ 
 



«ក្តីសង្ឃឹម ហ៊ុន ម៉ានី»  ជាក្តីសង្ឃឹមមួយដែលមានមហិច្ឆតាខ្ពស់ តែបើនិយាយភាសាទូលាយ គឺជាក្តីសង្ឃឹមរបស់លោក ហ៊ុន ម៉ានី ដែលចង់ឃើញកម្ពុជារីកចម្រើន និងមានអធិបតេយ្យនៅក្នុងក្របខណ្ឌអន្តរជាតិ ដែលគេគោរពទទួលស្គាល់ និងជាក្តីសង្ឃឹមដែលចង់ឃើញពលរដ្ឋកម្ពុជាមានជីវភាព រុងរឿងរីកចម្រើនដូចគ្នា។ យុវជន ជំនាន់ក្រោយមានឱកាសទទួលបានការអប់រំប្រកបដោយគុណភាពចេះដឹង ហើយមានសមត្ថភាព ប្រកួតប្រជែង ជាមួយពលរដ្ឋ​ដទៃទៀត។ បើតាម​លោក ដឺលុច ទាំងនេះ គឺជាទិដ្ឋភាពរួមដែលបង្ហាញពី ក្តីសង្ឃឹម ហ៊ុន ម៉ានី។​
 
លើសពីនេះ ក្តីសង្ឃឹមរបស់លោក ហ៊ុន ម៉ានី គឺចង់ឃើញពលរដ្ឋ​ខ្មែរមានចិត្តទូលាយ ដោយ​មិនយករឿងនយោបាយមកឈ្លោះប្រកែកគ្នាធ្វើឱ្យប្រទេសជាតិបែកបាក់។​ អ្នក​និពន្ធ បានបន្តថា៖ «ដើម្បីសម្រេច គោលដៅទាំងហ្នឹង [លោក ហ៊ុន ម៉ានី] គឺត្រូវមានការងារដែលត្រូវធ្វើចាប់តាំងពេលនេះទៅ។  អ៊ីចឹង! ដូច្នេះ តើគាត់ត្រូវធ្វើអ្វីខ្លះ នៅក្នុងក្របខណ្ឌនយោបាយផង សង្គមផង​​ ជាទិដ្ឋភាពបែបវិជ្ជមានដើម្បីអនាគតកម្ពុជា?»។ ក្តីសង្ឃឹម ហ៊ុន ម៉ានី ហ្នឹង ខ្ញុំអាចនិយាយបានថា គឺជាគំនិតសុទិដ្ឋិនិយមតែម្តង​ដែលជាមធ្យាបាយដែលគិតទៅធ្វើឱ្យគាត់មានសេចក្តីសប្បាយចិត្តក្នុងការធ្វើការងារទាំងអស់ហ្នឹង ដើម្បីប្រទេស​កម្ពុជា ដើម្បីប្រជាជនកម្ពុជា»។ 
 
លោក ហ៊ុន ម៉ានី អ្នកនយោបាយបន្តវេន ជាអ្នកមានឥទ្ធិពលនៅក្នុងសង្គម ជាអ្នកចូលរួមធ្វើសេចក្តីសម្រេចចិត្ត ទាក់ទងនឹងប្រទេសកម្ពុជា ទាក់ទងនឹងជីវភាពរបស់ប្រជាពលរដ្ឋ។ សម្រាប់លោក ដឺលុច មនុស្សគ្រប់គ្នាត្រូវតែស្គាល់លោក ហ៊ុន ម៉ានី ជានរណា។​ «និយាយបែបផ្សេង បើសិនលោក ហ៊ុន ម៉ានី ឡើងដល់ឆាកនយោបាយ ក្លាយជាបេក្ខជនដែលធ្វើឱ្យយើង​ត្រូវបោះឆ្នោតជ្រើសរើស ដើម្បីប្រទេសជាតិ ដើម្បីជីវភាពរបស់យើង ដូច្នេះយើងត្រូវតែស្គាល់ ហ៊ុន ម៉ានី»។ នេះជាការលើកឡើងរបស់អ្នក​និពន្ធ​ ដោយបញ្ជាក់ថានៅក្នុងសៀភៅនេះ ក្រៅតែពីស្គាល់លោក ហ៊ុន ម៉ានី ជារួមហើយនោះ ក៏ដឹងថា​តើលោក ជាមនុស្សគិតជាប្រយោជន៍ផ្ទាល់ខ្លួន ប្រយោជន៍ប្រទេសជាតិ ឬប្រយោជន៍គ្រួសារ? ឬមួយ តើ លោក ហ៊ុន ម៉ានី មានសមត្ថភាពយ៉ាងដូចម្តេច​នៅពេលដែលដឹកនាំការងារនយោបាយ ការងារយុវជន និងការងារសង្គម?  លោក លាង ដឺលុច បានអះអាងថា៖ «នៅក្នុងសៀវភៅ«ក្តីសង្ឃឹម ហ៊ុន មានី» គឺមានការបកស្រាយ​និងពន្យល់កាន់តែច្បាស់»។ 


 
អ្នកនិពន្ធសៀវភៅដែលជាសហស្ថាបនិកសារព័ត៌មានថ្មីៗរូបនេះបានបន្ថែមថា៖ «បើសិនជាមានអ្នកដែល ចាប់អារម្មណ៍នៅក្នុងវិស័យយុវជន​ វិស័យនយោបាយ ហើយចង់ដឹងច្រើនពីលោក ហ៊ុន ម៉ានី ខ្ញុំគិតថា ​សៀវភៅនេះមានសារសំខាន់ ដែលធ្វើឱ្យគាត់សម្រេចចិត្តបានថា តើគាត់ត្រូវចូលរួមជាមួយ លោក ហ៊ុន ម៉ានី ឬក៏យ៉ាងដូចម៉េច នៅក្នុងក្របខណ្ឌដោយប្រយោលឬក៏ដោយផ្ទាល់»។ 
 
សៀវភៅ«ក្តីសង្ឃឹម ហ៊ុន ម៉ានី»​ ដែលជាស្នាដៃដំបូងរបស់លោក លាង ដឺលុច  ត្រូវបានសារព័ត៌មានថ្មីៗ បោះនៅ​រោងពុម្ព  Diamond Printing ចំនួន​១ម៉ឺន​ច្បាប់​សម្រាប់ការបោះពុម្ពលើកទីមួយ៕
 
 

Tag:
 អប់រំ
  សៀវភៅ
  លោក ហ៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com